backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Allergic Rhinitis (ជំងឺ រលាក​ច្រមុះ​ដោយសារ​អាល្លែកហ្ស៊ី)


អត្ថបទ​ដោយ គឹម កាណែល · កែ Nov 09, 2021

Allergic Rhinitis (ជំងឺ រលាក​ច្រមុះ​ដោយសារ​អាល្លែកហ្ស៊ី)

និយមន័យ

១- អ្វី​ទៅ​ជា​ជំងឺ រលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ី (Allergic rhinitis)?

រលាក​ច្រមុះ គឺ​ជា​ការ​រលាក​នៅ​ក្នុង​ស្រទាប់​ស្ដើង​របស់​ច្រមុះ ហើយ​ជំងឺ​រលាក​ច្រមុះ​ដោយ​សារ​អាលែកហ្ស៊ី (Allergic Rhinitis) គឺ​ជា​ប្រភេទជំងឺ​មួយ​នៃ​ប្រភេទ​ជំងឺជា​ច្រើន​របស់​ជំងឺ​រលាក​ច្រមុះ ​កើត​ឡើង​នៅ​ពេល​​យើង​ដក​ដង្ហើម​ចូល​ទៅ​ដោយ ​សារធាតុ​​នាំ​ឲ្យអាលែកហ្ស៊ី (Allergens)។

ជំងឺ​អាលែកហ្ស៊ី​ដោយ​សារ​អាល្លែកហ្ស៊ី​នេះ គឺ​មាន​ពីរ​ប្រភេទ​គឺ អាលែកហ្ស៊ីតាម​រដូវ (Seasonal – គឺ​កើត​ឡើង​ក្នុង​ពេល​ណា​មួយ​នៅ​ក្នុង​ឆ្នាំ) និង អាលែកហ្ស៊ី​ពេញ​មួយ​ឆ្នាំ (Perennial)។

២- តើ​ជំងឺ​រលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ីកើត​ឡើង​ញឹក​ញាប់​ឬ​ទេ?

ជំងឺ​រលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ី (Allergic rhinitis) គឺ​កើត​ឡើង​ញឹក​ញាប់​ណាស់ ហើយ​វា​អាច​ប៉ះពាល់​ចំពោះ​អ្នក​ជំងឺ​គ្រប់​វ័យ។ យោង​តាម​ស្ថិតិ ពី​វិទ្យាស្ថាន​អាលែកហ្ស៊ី ជំងឺ​ហឺត​និង​ប្រព័ន្ធ​ភាព​ស៊ាំ នៅ​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ថា ភាគរយ​អ្នក​ដែល​មាន​ជំងឺ​នេះ គឺ​នៅ​ចន្លោះ ពី ១០ ទៅ​៣០ ភាគ​រយ​នៃ​ប្រជាជន​ពិភព​លោក​ទាំង​មូល ហើយ​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​តែ​លម្អង​ផ្កា (Pollen)។

រោគ​សញ្ញា

៣- តើ​រោគ​សញ្ញាជំងឺរលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ី (Allergic rhinitis) មាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ទូទៅ​នៃជំងឺ​រលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ី (Allergic rhinitis) រួម​មាន៖

– កណ្ដាស់

– ហៀរ​សំបោរ

– រមាស់​ច្រមុះ ភ្នែក បំពង​ក ស្បែក ឬ​ផ្នែក​ផ្សេង​ៗ​ទៀត

– ក្អក

តឹង​ច្រមុះ

– ឈឺ ឬ​រមាស់ បំពង់​ក

– ហៀរ​ទឹក​ភ្នែក

– មាន​រង្វង់​ខ្មៅ​នៅ​ខាង​ក្រោម​ភ្នែក

– ឈឺ​ក្បាល​ញឹក​ញាប់

– មាន​រោគ​សញ្ញា​ស្រដៀង​ជំងឺ​ត្រអក ដូច​ជា ស្បែក​ស្ងួត​ខ្លាំង រមាស់ ដែល​ជា​ញឹក​ញាប់​មាន​ពង​បែក

កន្ទាលត្រអាក

– អស់​កម្លាំង​ខ្លាំង

– ឈឺ​ក្បាល

អាច​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​ប្រសិន​បើ​មាន​ការ​ព្រួយ​បារម្ភ​ពី​រោគ​សញ្ញា សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- តើ​ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

យើងគួរ​តែ​ជួប​ពេទ្យ​ប្រសិន​បើ៖

– មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ

– ការ​ព្យាបាល​ដែល​ធ្លាប់​មាន​ប្រសិទ្ធ​ភាព​ពី​មុន ប្រែ​ជា​មិន​មាន​ប្រសិទ្ធ​ភាព​វិញ

– រោគ​សញ្ញា​មិន​ធូរ​ស្បើយ បន្ទាប់​ពី​ព្យាបាល​រួច

អត្ថបទពាក់ព័ន្ធ៖ ធ្វើម៉េចអាចដឹងកូនអាលែកហ្ស៊ីជាមួយអាហារ? មូលហេតុ និងរោគសញ្ញាម៉េចខ្លះ?

អាលែកហ្ស៊ីពីអ្វីមួយ

មូលហេតុ

៥- តើ​ជំងឺរលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ី (Allergic rhinitis) បង្ក​ដោយ​មូល​ហេតុ​អ្វី?

ពេល​យើង​ដក​ដង្ហើម ចូល​ពពួក​អាលែកហ្ស៊ែន (Allergen – សារធាតុ​បង្ក​អាលែកហ្ស៊ី) ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​នឹង​បញ្ចេញ សារធាតុ​ហ៊ីស្តាមីន (Histamines) ដែល​ជា​សារធាតុ គីមី​មាន​នាទី ការ​ពារ​រាងកាយ​ពី​កត្តា​គ្រោះ​ថ្នាក់​ខាង​ក្រៅ។ សារធាតុ​គីមី​នេះ គឺ​ជា​មូល​ហេតុ​ដែល​នាំ​អោយ​យើងមាន​រោគ​សញ្ញា​លេច​ចេញ​ឡើង បង្ក​ឲ្យ​មាន​ជំងឺ រលាក​ច្រមុះ​ដោយ​សារ​អាលែកហ្ស៊ី​ (Allergic rhinitis) កើត​ឡើង។

សារធាតុ​អាលែកហ្ស៊ែន​ទូទៅ រួម​មាន៖

– លម្អង​ផ្កា

– ស្មៅ

– ផ្សិត

– រោម​សត្វ

ផ្សែង​បារី

– ទឹក​អប់

អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន​កុំ​លេង​សើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត

កត្តាប្រឈម

៦- កត្តា​ប្រឈម​អ្វី​ខ្លះ​​នាំឲ្យ​កើត​ជំងឺ រលាក​ច្រមុះ​ដោយសារ​អាលែកហ្ស៊ី (Allergic rhinitis) កាន់​តែ​ធ្ងន់?

មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​ជំងឺ​នេះ​កាន់​តែ​ធ្ងន់ ដូច​ជា៖

– សារធាតុ​គីមី

– សីតុណ្ហភាព​ត្រជាក់

– សំណើម

– ខ្យល់

ខ្យល់​ពុល

– ថ្នាំ​បាញ់​សក់ (Hairspray)

ទឹក​អប់

– ផ្សែង​ចេញ​ពី​ដុត​កំណាត់​ឱស

– ផ្សែង​ភ្លើង

រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាល

ព័ត៌មាន​ដែល​ផ្ដល់​ឲ្យ​នេះ​មិន​មែន​ជាការ​ផ្ដល់​ប្រឹក្សា​ផ្នែក​វេជ្ជសាស្រ្ដ​នោះ​ទេ​ គប្បី​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​។ 

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

ដំបូង​បំផុត គ្រូពេទ្យ​នឹង​សួរ​ពី​រោគ​សញ្ញា ដើម្បី​ប្រាកដ​ពី​ស្ថានភាព​ជំងឺ​របស់​យើងថា​តើ​ជា​ប្រភេទ​រលាក​ច្រមុះ​ដោយ​សារ​អាលែកហ្ស៊ី តាម​រដូវ​កាល (Seasonal) ឬ​ពេញ​មួយ​ឆ្នាំ (perennial)។ បន្ទាប់​មក ការ​ពិសោធន៍​លើ​ស្បែក នឹង​ត្រូវ​ធ្វើ ដោយ​ដាក់​សារធាតុ​មួយ​ចំនួន​លើ​ស្បែក​របស់​អ្នក​ជំងឺ។ គ្រូពេទ្យ​អាច​ដឹង​ពី​មូល​ហេតុ​បង្ក​ជំងឺ បើ​សិន​ជា​នៅ​លើ​ស្បែក​អ្នក​ជំងឺ​មាន​លេច​ចេញ​ដុំ​ពក​ក្រហម​តូច​មួយ​ឡើង។

ក្នុង​ករណី​​អ្នក​ជំងឺ​មិន​អាច​ធ្វើ​តេស្ត​នៅ​លើ​ស្បែក​បាន គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​​​ធ្វើ​តេស្ត​ឈាម​វិញ ដែល​គេ​ស្គាល់​ថា​ជា​តេស្ត radioallergosorbent test (RAST)។ តេស្ត​នេះ​អាច​ធ្វើ​ឲ្យ​​ដឹង​ពី​ចំនួន​អង់ទីករ អ៊ីមុយណូគ្លូប៊ុយលីន E (Immunoglobulin E Antibodies) ដែល​ប្រឆាំង​នឹង សារធាតុ​អាលែកហ្ស៊ែន នៅ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ ហើយ​តេស្ត​នេះ​ក៏​អាច​វាស់​ដឹង​ពី​កម្រិត​សារធាតុ​ដែល​ទាក់​ទង​នឹង​បញ្ហា​អាលែកហ្ស៊ី​ផង​ដែរ។

៨- ព្យាបាល​ដោយ​វិធី​ណា?

ថ្នាំ​ពេទ្យ

គ្រូពេទ្យ​អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​ដើម្បី​កាត់​បន្ថយ​រោគ​សញ្ញា​របស់​ជំងឺ ហើយ​ថ្នាំ​ដែល​គ្រូពេទ្យ​ច្រើន​ចេញ​វេជ្ជបញ្ជា​រួម​មាន៖

– ថ្នាំ​ប្រឆាំង​ហ៊ីស្តាមីន (Antihistamines)៖ ពពួក​ថ្នាំ​នេះ​ គឺ​ជា​ដំណោះ​ស្រាយ​ល្អ​បំផុត​ក្នុង​ការ​ព្យាបាល​ជំងឺ​នេះ ព្រោះ​វា​មាន​សកម្មភាព​បញ្ឈប់​ការ​ផលិត​សារធាតុ​ហ៊ីស្តាមីន (histamines) ។ ថ្នាំ​ពពួក​នេះ អាច​ប្រើ​ដោយ​លេប ឬ​បាញ់​ច្រមុះ (Nasal spray) ប៉ុន្តែ​ភាគ​ច្រើន​នៃ​ថ្នាំ​ប្រភេទ​នេះ គឺ​អាច​បង្ក​ឲ្យ​អ្នក​ជំងឺ​ងងុយ​គេង​បាន។

– ពពួក​ថ្នាំ Decongestants ៖ នៅ​ពេល​ដែល​តឹង​ច្រមុះ ពពួក​ថ្នាំ​នេះ​គឺ​ពិត​ជា​អាច​ជួយ​សម្រួល​បញ្ហា​នេះ​បាន ប៉ុន្តែ​ត្រូវ​ចាំ​ថា​អ្នក​មិន​គួរ​ប្រើ​ពពួក​ថ្នាំ​នេះ យូរ​ជាង​បី​ថ្ងៃ​នោះ​ទេ។

– ថ្នាំ​បាញ់​ច្រមុះ​ពពួក កកទីកូអ៊ីត (Nasal Corticosteroids)៖ ថ្នាំ​ទាំង​នេះ គឺ​មាន​ប្រសិទ្ធភាព​ល្អ​ណាស់​ក្នុង​ការ​ព្យាបាល​ជំងឺ​រលាក​ច្រមុះ​ដោយ​សារ​អាលែកហ្ស៊ី​នេះ។

បើ​សិន​អ្នក​ប្រើ​ថ្នាំ​ប្រភេទ​ផ្សេង​ទៀត​ពី​ថ្នាំ​ខាង​លើ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន មុន​នឹង​ប្រើ​វា​ដើម្បី​ព្យាបាល​ជំងឺ។

ថ្នាំ​ចាក់​ប្រឆាំង​អាលែកហ្ស៊ី (Allergy shots) 

បើ​សិន​ស្ថាន​ភាព​ជំងឺ​ធ្ងន់​ធ្ងរ គ្រូពេទ្យ​នឹង​ណែនាំ​អ្នក​ឲ្យ​យើង​ចាក់​ថ្នាំ​ immunontherapy – ការ​ព្យាបាល​ដោយ​ប្រព័ន្ធភាព​សាំ។ ការ​ព្យាបាល​នេះ រួម​មាន ការ​ចាក់​បញ្ចូល​ពពួក​អាលែកហ្ស៊ែន​ ដែល​បង្ក​ឲ្យ​​អ្នកមាន​អាលែកហ្ស៊ី ជា ​ទៀង​ទាត់ រហូត​ដល់​រោគ​សញ្ញា​អ្នក​អាច​គ្រប់​គ្រង​បាន ហើយ​ថ្នាំ​នឹង​ចាក់​ចូល​ក្នុង​រាង​កាយ​របស់​យើង។

ការ​ព្យាបាល​ដោយ​ប្រព័ន្ធភាព​ស៊ាំ​ដោយ​ដាក់​ក្រោម​អណ្ដាត (Sublingual immunotherapy – SLIT)

ការ​ព្យាបាល​នេះ គឺ​ដូច​នឹង​ការ​ព្យាបាល​តាម​ការ​ចាក់​ខាង​លើ​ដែរ ប៉ុន្តែ​ថ្នាំ​ដែល​ប្រើ​គឺ​ត្រូវ​ដាក់​នៅ​ក្រោម​អណ្ដាត។ ផល​រំខាន​ដែល​អាច​កើត​ឡើង​រួម​មាន​រមាស់​នៅ​ក្នុង​មាត់ ឬ​ត្រចៀក និង​ក្រហាយ​បំពង់​ក។

អត្ថបទពាក់ព័ន្ធ៖ ចូលចិត្ត​ប្រឡែង​លេង ឬនៅ​ក្បែរ​សត្វឆ្មា​ធ្វើ​ឲ្យ​កើត​ហឺត?

ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ និង​ព្យាបាល​នៅ​ផ្ទះ

៩- តើ​ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ ​ឬ​ការ​ព្យាបាល​នៅ​ផ្ទះ​អ្វី​ខ្លះ​ ដែល​អាច​ជួយ​គ្រប់​គ្រងជំងឺ?

ដើម្បី​ការ​ពារ​កុំ​ឲ្យ​កើត​មាន​ជំងឺ​នេះ​សារជា​ថ្មី អ្នក​គួរ​តែ​ចៀស​ឆ្ងាយ​ពី​ពពួក​អាលែកហ្ស៊ែន​ដែល​បង្ក​ឲ្យ​​អ្នក​មាន​ជំងឺ​នេះ។ ឧទាហរណ៍​ជំនួស​ឲ្យ​​ការ​បើក​បង្អួច ដែល​នាំ​ឲ្យ​ខ្យល់​និង​ពពួក​លំអង​ផ្សេង​ៗ​ចូល អ្នក​គួរ​តែ​សាក​ល្បង​ប្រើ​ម៉ាស៊ីន​ត្រជាក់​ជំនួស​វិញ។ បើ​សិន​អ្នក​មាន​សំនួរ​អ្វី សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ដើម្បី​អាច​ដឹង​កាន់​តែ​ច្បាស់​ពី​ដំណោះ​ស្រាយ​ល្អ​បំផុត​សម្រាប់​អ្នក។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទ​ដោយ គឹម កាណែល · កែ Nov 09, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម