ផោម ឬការដើរខ្យល់នេះគឺជារឿងធម្មតាមួយ ហើយការផោមក៏ជារឿងមួយល្អដែរព្រោះការផ្តុំជាតិហ្គាសក្នុងពោះអាចបណ្ដាលឲ្យមានអាការៈហើមពោះបាន។ ទោះបីជាផោមជារឿងធម្មតា ប៉ុន្តែយើងក៏មិនគួរមើលរំលងទៅលើក្លិន ភាពញឹកញាប់ ឬអាការៈផ្សេងៗដែរព្រោះនេះអាចបង្ហាញពីបញ្ហាណាមួយនៃសុខភាពរាងកាយ។
១. ផោមច្រើនប៉ុន្តែទល់លាមក
ការផោមច្រើនហើយមានបញ្ហាទល់លាមកអាចមកពីយើងញ៉ាំអាហារជាតិសរសៃច្រើនពេក។ ការញ៉ាំអាហារជាតិសរសៃច្រើនពេកអាចបង្កឲ្យមានជាតិហ្គាស ហើមពោះ ឈឺពោះ និងទល់លាមក។ នេះមកពីជាតិសរសៃជួយពង្រឹងលាមក ហើយការញ៉ាំច្រើនធ្វើឲ្យលាមករឹងខ្លាំង និងពិបាកបត់ជើង។ ដើម្បីបន្ថយអាការៈនេះ យើងអាចផឹកទឹកបន្ថែម និងបន្ថយអាហារជាតិសរសៃម្ដងបន្តិចៗ។ ក្នុងមួយថ្ងៃយើងគួរញ៉ាំអាហារជាតិសរសៃពី២៥ទៅ២៩ក្រាម នេះបើយោងតាមអង្គការសុខភាពពិភពលោក។
២. ផោមញឹកញាប់ទាំងថ្ងៃ និងយប់
មូលហេតុនៃបញ្ហានេះគឺដោយសារភេសជ្ជៈមានជាតិហ្គាសដូចជាពួកសូដា និងស្រាបៀរជាដើម។ ភេសជ្ជៈប្រភេទនេះអាចបន្ថែមខ្យល់ក្នុងក្រពះពោះវៀន និងធ្វើឲ្យយើងផោមញឹកញាប់។ ដើម្បីកាត់បន្ថយអាការៈនេះ យើងអាចកាត់បន្ថយការផឹកភេសជ្ជៈមានជាតិហ្គាស។ ប្រសិនជាយើងមិនច្បាស់ថាអាការៈបង្កដោយសារភេសជ្ជៈមានជាតិហ្គាស យើងអាចកំណត់សម្គាល់ទៅលើអាហារដែលយើងញ៉ាំ និងពិគ្រោះជាមួយគ្រូពេទ្យ។
៣. មានក្លិនស្អុយខ្លាំង
ប្រសិនជាផោមមានក្លិនស្អុយខ្លាំង នេះអាចមកពីអាហារមានជាតិស្ពាន់ធ័រ (sulfur ) ច្រើន។ អាហារមានជាតិស្ពាន់ធ័រច្រើនមានដូចជាផ្កាខាត់ណាខៀវ ផ្កាខាត់ណា ខ្ទឹមស ខ្ទឹមបារាំង ឈីស ពពួកគ្រាប់សណ្ដែក ផ្លែឈើក្រៀម និងស្រាទំពាំងបាយជូរជាដើម។ ជាទូទៅ នេះមិនមែនជាបញ្ហាធ្ងន់ធ្ងរទេ ប៉ុន្តែបើយើងមានអាការៈនេះជាប់ គួរទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះក្លិនបែបនេះអាចទាក់ទងនឹងជំងឺរលាកពោះវៀន។
៤. ផោមមានក្លិនស្អុយ និងអាការៈឈឺពោះ
ការផោម និងការមានអាការៈឈឺពោះក្នុងពេលតែមួយក្រោយពីញ៉ាំអាហាររួចអាចមកពីអាលែកហ្សីនឹងអាហារណាមួយ។ ឧទាហរណ៍ដូចជាពេលផឹកទឹកដោះគោ ឬញ៉ាំឈីសរួចមានអាការៈឈឺពោះ និងផោមច្រើនហើយមានក្លិនស្អុយ នេះអាចមកពីយើងអាលែកហ្សីនឹងជាតិឡាក់តូស (Lactose)។ យើងអាចដកចេញផលិតផលទឹកដោះគោផ្សេងៗពីរបបអាហារដើម្បីបំបាត់អាការៈនេះ។ ប៉ុន្តែក្នុងករណីអាការៈនេះនៅតែបន្តមានក្រោយពីឈប់ញ៉ាំផលិតផលទឹកដោះគោ គួរទៅពិគ្រោះជាមួយគ្រូពេទ្យ។
៥. ផោម និងបន្ទោរបង់ច្រើន ឬតិចជាងធម្មតា
ការស្ត្រេសខ្លាំងក៏អាចប៉ះពាល់ដល់ផោមដែរ។ នៅពេលយើងស្ត្រេសខ្លាំង យើងអាចងាកទៅញ៉ាំអាហារមួយចំនួនដែលយើងមិនធ្លាប់ញ៉ាំពីមុនមកដូចជាអាហារកែច្នៃ និងញ៉ាំការ៉េមពេលយប់ជ្រៅជាដើម ដែលទាំងនេះសុទ្ធតែប៉ះពាល់ដល់ការរំលាយអាហារ។ ស្ត្រេសក៏អាចធ្វើឲ្យយើងស្រូបខ្យល់ច្រើនចូលពោះដោយមិនដឹងខ្លួន។ ម៉្យាងទៀត អាការៈថប់បារម្ភក៏ផ្តល់ប៉ះពាល់ដល់ក្រពះពោះវៀន និងផ្លាស់ប្តូរទម្លាប់នៃការបន្ទោរបង់ដែរ។ យើងអាចគ្រប់គ្រងស្ត្រេសបានដោយធ្វើសមាធិ និងដកដង្ហើមវែងៗដើម្បីបង្ការការស្រូបខ្យល់ចូលពោះច្រើន។
៦. ផោមច្រើនជាងធម្មតា និងក្លិនស្អុយយូរៗម្ដង
សម្រាប់ស្រីៗអាចនឹងផោមពេលមានរដូវ។ នេះមកពីអ័រម៉ូនអ៊ឺស្ត្រូសែន (estrogen) មានការកើនឡើងនៅពេលមានរដូវ ហើយស្បូនក៏ផលិត prostaglandins ដែលជួយជម្រុះជញ្ជាំងស្បូន។ ប៉ុន្តែបើផលិតសារធាតុនេះច្រើនហើយសារធាតុនេះមានទំនាក់ទំនងជាមួយនឹងពោះវៀនអាចប៉ះពាល់ដល់ការរំលាយអាហារ និងធ្វើឲ្យផោមមានក្លិនស្អុយដែរ។ យកល្អអំឡុងពេលមានរដូវស្រីៗគួរចៀសវាងអាហារកែច្នៃ និងងាកមកញ៉ាំអាហារងាយរំលាយវិញ។
[embed-health-tool-vaccination-tool]