គ្នាយើងដែលមានបញ្ហាសុខភាពសួតខ្សោយគួរតែចាប់អារម្មណ៍អំពីរបបអាហារដែលកំពុងតែញាំប្រចាំថ្ងៃឲ្យបានដិតដល់។ ពពួកផ្លែឈើ បន្លែ ទឹកដោះគោ និងគ្រឿងផ្សំក្នុងអាហារមួយចំនួនក៏អាចជះឥទ្ធិពលដល់សុខភាពសួតផងដែរ។ ខាងក្រោមនេះគឺជារបបអាហារសម្រាប់គ្នាយើងដែលមានបញ្ហាសុខភាពសួតគួរតែញាំ និងមិនគួរញាំ៖
១.អាហារល្អសម្រាប់សុខភាពសួត
- ផ្លែប៉ោម៖ ផ្លែប៉ោមមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម quercetin ។ ផ្លែប៉ោមអាចជួយសម្រួលអាការៈជំងឺសួតហើយថែមទាំងកាត់បន្ថយការខូចខាតសួតដែលបណ្ដាលមកពីការជក់បារីផង។ គ្នាយើងដែលញ៉ាំផ្លែប៉ោម ៥ ផ្លែឬច្រើនជាងនេះក្នុងមួយសប្ដាហ៍ ក៏ជួយកាត់បន្ថយការហានិភ័យនៃការវិវត្តទៅជាជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ ផងដែរ។
- មើមឆៃថាវក្រហម៖មើមឆៃថាវក្រហមផ្ដល់អត្ថប្រយោជន៍ដល់មុខងារសួត បញ្ចុះសម្ពាធឈាម និងបង្កើនការស្រូបយកអុកស៊ីសែនផងដែរ។ ការណ៍នេះក៏ដោយសារតែវាសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមជួយលើកកម្ពស់សុខភាពសួតដូចជាម៉ាញេស្យូម និងប៉ូតាស្យូម។
- ផ្លែល្ពៅ៖ ផ្លែល្ពៅគឺសម្បូរទៅដោយសារធាតុ carotenoids ដែលមានទំនាក់ទំនងល្អនឹងមុខងារសួត។ សារធាតុCarotenoids ក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងពីការរលាកផងដែរ។
- ផ្លែប៉េងប៉ោះ៖ គឺជាប្រភពបន្លែសម្បូរដោយសារធាតុ lycopene និងសារធាតុcarotenoid ដែលជួយឱ្យមុខងារសួតប្រសើរឡើង ហើយក៏ជួយកាត់បន្ថយអាការៈនៃជំងឺសួត និងការរលាកផ្លូវដង្ហើម។
- បន្លែបៃតង៖ ដូចជាស្ពៃតឿ ផ្ទី និងខាត់ណា ជាប្រភពបន្លែដែលសម្បូរដោយ carotenoids ជាតិដែក ប៉ូតាស្យូម កាល់ស្យូមនិងវីតាមីន។ សារធាតុចិញ្ចឹមទាំងនេះមានឥទ្ធិពលប្រឆាំងការរលាក និងប្រឆាំងអុកស៊ីតកម្មដែលអាចជួយកាត់បន្ថយការរលាកសួត និងជួយសុខភាពទូទៅ។
២.អាហារគួរជៀសវាងប្រសិនបើគ្នាយើងមានបញ្ហាសួត
- អាហារប្រៃ៖ សូដ្យូម ឬអំបិល អាចបង្កឲ្យចាល់សារធាតុរាវក្នុងរាងកាយ ដែលអាចនាំឲ្យអ្នកជំងឺសួតឆាប់ហត់។ អ្នកមានជំងឺសួតគួរកម្រិតការញ៉ាំអំបិល មិនត្រូវលើសពី៣០០ មីលីក្រាមក្នុងមួយពេលទេ។ ដូចគ្នាដែរ គួរពិនិត្យស្លាកសញ្ញារាយមុខគ្រឿងផ្សំលើផលិតផលដែលយើងទិញញ៉ាំ ដើម្បីដឹងច្បាស់ថាមិនមានអំបិលច្រើន។
- ផលិតផលធ្វើពីទឹកដោះ៖ ផលិតផលទាំងនេះធ្វើឲ្យរាងកាយបង្កើនបរិមាណស្លេស្ម និងទឹករម្អិល អាចនាំឲ្យក្អក និងអាចបណ្ដាលឱ្យពិបាកដកដង្ហើម ពិសេសអ្នកមានស្ទះដង្ហើមរ៉ាំរ៉ៃ ។
- អាហារកែច្នៃ៖ អាហារកែច្នៃមានផ្ទុកសារធាតុ នីត្រាត សម្រាប់រក្សាគុណភាពកុំឲ្យឆាប់ខូច។ ភាគច្រើនគេឃើញមាននៅក្នុង អាហារកំប៉ុង អាហារផ្អាប់ និងសាច់ដែលគេយកមកច្នៃជាអាហារកញ្ចប់។ ជាមួយគ្នានេះដែរ សារធាតុ នីត្រាត ត្រូវបានគេរកឃើញថាជាមូលហេតុមួយនាំឱ្យមានការកើនឡើងនៃស្ទះដង្ហើមរ៉ាំរ៉ៃ ផងដែរ ។
- ភេសជ្ជៈកំប៉ុង៖ ការញាំភេសជ្ជៈកំប៉ុងអាចបង្កគ្រោះថ្នាក់ដល់គ្នាយើងដែលមានជំងឺសួត។ ដោយសារតែភេសជ្ជៈទាំងនេះមានសារធាតុកាបូនឌីអុកស៊ីត បង្កើតឱ្យមានជាតិកាបូន អាចបណ្ដាលឱ្យហើមពោះ និងធ្វើឱ្យពិបាកក្នុងការដកដង្ហើម។ លើសពីនេះភេសជ្ជៈកំប៉ុងក៏មានជាតិស្ករខ្ពស់អាចបង្កើនការរលាក និងនាំឱ្យឡើងទម្ងន់ ដែលកត្តាទាំងពីរនេះអាចធ្វើឱ្យមានរោគសញ្ញា ជំងឺស្ទះដង្ហើមរ៉ាំរ៉ៃកាន់តែធ្ងន់ធ្ងរឡើង។
[embed-health-tool-vaccination-tool]