សុទ្ធតែដឹងហើយ ផ្តាសាយជាបញ្ហាសុខភាពធម្មតា និងឧស្សាហ៍កើត ប៉ុន្តែគ្នាយើងក៏ត្រូវដឹងខ្លះៗដែរ ពិសេសរឿងមួយចំនួនមិនគួរធ្វើទេពេលផ្តាសាយ ព្រោះអាចធ្វើឲ្យប៉ះពាល់សុខភាពបាន។ អត្ថបទនេះ នឹងលើកឡើងពីចំណុចមួយចំនួន កុំធ្វើឲ្យសោះ បើកំពុងផ្តាសាយ។
សុទ្ធតែដឹងហើយ ផ្តាសាយជាបញ្ហាសុខភាពធម្មតា និងឧស្សាហ៍កើត ប៉ុន្តែគ្នាយើងក៏ត្រូវដឹងខ្លះៗដែរ ពិសេសរឿងមួយចំនួនមិនគួរធ្វើទេពេលផ្តាសាយ ព្រោះអាចធ្វើឲ្យប៉ះពាល់សុខភាពបាន។ អត្ថបទនេះ នឹងលើកឡើងពីចំណុចមួយចំនួន កុំធ្វើឲ្យសោះ បើកំពុងផ្តាសាយ។

ផ្តាសាយអាចធ្វើឲ្យមនុស្សសុខភាពល្អជុំវិញខ្លួនយើង មានអារម្មណ៍មិនល្អបាន។ ចំពោះមនុស្សមួយចំនួន ជំងឺផ្តាសាយអាចនឹងគំរាមកំហែងដល់ជីវិតថែមទៀតផង។ សម្រាប់តំបន់ជាច្រើនជុំវិញពិភពលោក ផ្តាសាយអាចបង្កឲ្យមនុស្សដែលមានសុខភាពល្អ ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ រួមទាំងអាចឈានដល់ស្លាប់ទៀតផង។
លើសពីនេះ ក្រុមមនុស្សមួយចំនួនទៀត ទោះស្ថិតនៅក្នុងតំបន់ណាក៏ដោយ ក៏មានហានិភ័យស្លាប់ដោយសារជំងឺផ្តាសាយដូចគ្នា ដូចជាមនុស្សចាស់វ័យលើស ៦៥ឆ្នាំឡើង និងក្មេងអាយុក្រោយ ២ឆ្នាំ ស្រីៗកំពុងពពោះ និងអ្នកដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃមួយចំនួន រាប់បញ្ចូលទាំងជំងឺហឺត ជំងឺបេះដូង អ្នកដែលមានបញ្ហាប្រព័ន្ធភាពស៊ាំ គឺសុទ្ធតែងាយនឹងបង្កជាជំងឺផ្តាសាយស៊ាំញ៉ាំ ដែលពិបាកក្នុងការព្យាបាល ខណៈក្រុមមនុស្សទាំងនេះ ងាយស្លាប់ដោយសារជំងឺផ្តាសាយបំផុត។
បើយើងមានជំងឺផ្តាសាយ អំឡុងពេលមួយថ្ងៃមុនចេញរោគសញ្ញា ដែលជាធម្មតាលេចឡើងចន្លោះ ៥-៧ ថ្ងៃ រឿងសំខាន់បំផុតត្រូវធ្វើកុំទៅក្បែរ ឬប៉ះពាល់ជាមួយក្រុមមនុស្សងាយរងគ្រោះខាងលើឲ្យសោះ។
គ្នាយើងភាគច្រើន ចូលចិត្តទៅរកពេទ្យពេលលេចចេញរោគសញ្ញាផ្តាសាយ បើអ៊ឺចឹងផ្លាស់ប្តូរទម្លាប់នោះទៅ។ បើរោគសញ្ញាផ្តាសាយ មិនគំរាមកំហែងអាយុជីវិតទេនោះ ឬមិនទាមទារការព្យាបាលបន្ទាន់ ក៏មិនចាំបាច់ទៅពេទ្យ ឬបន្ទប់សង្គ្រោះបន្ទាន់ដែរ។ អំឡុងរដូវផ្តាសាយនៅលោកខាងលិច បន្ទប់សង្គ្រោះបន្ទាន់ ជាធម្មតាពោរពេញទៅដោយមនុស្ស ខណៈពួកគេទាំងនោះ ភាគច្រើនគឺមិនទាមទារការព្យាបាលកម្រិតខ្ពស់អ្វីនោះដែរ។ ហេតុនេះមកមើលស្ថានភាពតំបន់រស់នៅរបស់យើងវិញ កាន់តែមិនចាំបាច់ទៀតហើយ។
ប៉ុន្តែក្នុងលក្ខខណ្ឌ យើងផ្ទាល់ ឬកូនយើងផ្តាសាយ ហើយបង្កផលវិបាកដូចជា ពិបាកដកដង្ហើម ឈឺទ្រូង វង្វេងវង្វាន់ វិលមុខខ្លាំងភ្លាម ឬសន្លប់ ស្ថានភាពនេះ ច្បាស់ជាត្រូវការការព្យាបាលបន្ទាន់ហើយ។

មិនមែនគ្រប់គ្នាសុទ្ធតែត្រូវប្រញាប់ទៅពេទ្យពេលផ្តាសាយនោះទេ ហើយក៏មិនមែនគ្រប់គ្នាសុទ្ធតែមិនចាំបាច់ទៅពេទ្យដែរ។ ពេលខ្លះយើងគួរតែទៅពេទ្យ ទោះមិនមែនជាការសង្គ្រោះ ឬព្យាបាលបន្ទាន់ ក៏គួរតែទៅពេទ្យពិភាក្សាជាមួយវេជ្ជបណ្ឌិតដែរ។ ស្វែងយល់ឲ្យបានច្បាស់ពីរោគសញ្ញា និងស្ថានភាពផ្តាសាយរបស់យើង កូនយើង ជារឿងចាំបាច់បំផុតយើងត្រូវធ្វើ។
នេះជាចំណុចសំខាន់បំផុតគ្នាយើងត្រូវដឹង ថ្នាំផ្សះមិនអាចសម្លាប់វីរុសបានទេ ខណៈជំងឺផ្តាសាយ គឺបង្កដោយវីរុស ហើយថ្នាំផ្សះគ្មានប្រសិទ្ធភាពប្រឆាំងជំងឺនេះដែរ។ គ្នាយើងជាច្រើនជឿថា ថ្នាំផ្សះដែលពួកគេចូលចិត្តប្រើ គឺអាចព្យាបាលគ្រប់ជំងឺធម្មតាដែលខ្លួនកើតមាន ប៉ុន្តែមិនមែនទាំងអស់ដូចការគិតទេ។ នៅពេលដឹងខ្លួនថាផ្តាសាយ ត្រូវចាំថា កុំព្យាយាមស្វែងរកថ្នាំផ្សះមកប្រើឲ្យសោះ។
បើរោគសញ្ញា ឬសុខភាពយើងធ្វើទុក្ខខ្លាំង មានថ្នាំប្រឆាំងវីរុសជាច្រើន ដែលគ្រូពេទ្យអាចចេញវេជ្ជបញ្ជាឲ្យយើងប្រើ ដើម្បីកាត់បន្ថយរយៈពេលរោគសញ្ញាផ្តាសាយ។ ពពួកថ្នាំ Tamiflu និង Relenza ជាទូទៅនៅសហរដ្ឋអាមេរិក ច្រើនត្រូវពេទ្យណែនាំឲ្យប្រើដើម្បីប្រឆាំងវីរុសផ្តាសាយ។ តែទោះជាយ៉ាងនេះក្ដី ថ្នាំនេះមិនមានសកម្មភាពដូចថ្នាំផ្សះនោះទេ ហើយវាក៏មិនអាចបំបាត់រោគសញ្ញាជំងឺផ្ដាសាយលឿន នោះដែរ។
ប៉ុន្តែថ្នាំប្រភេទនេះ អាចកាត់បន្ថយសភាពធ្ងន់ធ្ងររបស់ជំងឺ ជួយឲ្យយើងមានសុខភាពធូរស្រាលបានឆាប់រហ័ស ខណៈថ្នាំខាងលើ ជាទូទៅពេទ្យណែនាំឲ្យក្រុមមនុស្សរងហានិភ័យខ្លាំងពីជំងឺផ្តាសាយប្រើប៉ុណ្ណោះ។
ក្នុងករណីលើកលែងខ្លះ យើងគួរតែសម្រាកនៅផ្ទះអំឡុងពេលផ្តាសាយ ព្រោះបើយើងមិនមានពេលវេលាឲ្យខ្លួនឯងសម្រាកគ្រប់គ្រាន់ទេនោះ ពេលវេលាជាសះស្បើយក៏អូសបន្លាយទៅតាមហ្នឹង ហើយក៏កាន់តែឲ្យអ្នកជុំវិញខ្លួនប្រឈមហានិភ័យឆ្លងពីយើងថែមទៀត។ គ្នាយើងមួយចំនួន ទោះជាមានជំងឺក្តី ក៏នៅតែប្រឹងធ្វើការ ព្រោះគិតថាជំងឺទាំងនោះតិចតួចប៉ុណ្ណោះ ប៉ុន្តែសម្រាប់ជំងឺផ្តាសាយ ល្អបំផុតត្រូវសម្រាកនៅផ្ទះ ព្រោះធ្វើបែបនេះ មិត្តរួមការងារយើង នឹងអរគុណយើងកាន់តែខ្លាំង។
ផ្តាសាយជាជំងឺផ្លូវដង្ហើម ក្នុងពេលខ្លះ ពិសេសក្មេងៗ ក៏អាចជួបប្រទះរោគសញ្ញាផ្សេងទៀតដូចជាក្អួត និងរាក អំឡុងពេលផ្តាសាយបានដែរ ប៉ុន្តែរោគសញ្ញាពិតរបស់ជំងឺនេះ គឺគ្រុនក្តៅ ឈឺចាប់ពេញខ្លួន ឈឺក្បាល ក្អក និងអស់កម្លាំង។ បើសិនយើង ឬកូនយើងជួបប្រទះបញ្ហារាក ក្អួត ពេលផ្តាយសាយ ប្រហែលជាយើងមានបញ្ហាក្រពះពោះវៀនច្រើនជាងជំងឺផ្តាសាយ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Stay Home When You Are Sick
https://www.cdc.gov/flu/business/stay-home-when-sick.htm
What You Shouldn’t Do When You Have the Flu
https://www.verywellhealth.com/what-not-to-do-when-you-have-the-flu-770318
What to Eat When You Have the Flu
https://health.clevelandclinic.org/what-to-eat-when-you-have-the-flu/
កំណែប្រែបច្ចុប្បន្ន
08/12/2021
អត្ថបទដោយ សន សុភា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ