អាហារមានសារសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃជំងឺផ្ដាសាយ ដែលធ្វើឲ្យគ្នាយើងភាគច្រើនតែងតែមានអារម្មណ៍ល្ហិតល្ហៃ ក៏ដូចជាពិបាកក្នុងខ្លួន។ ប៉ុន្តែ តើយើងគប្បីញ៉ាំអាហារ ឬភេសជ្ជៈបែបណា ដើម្បីឲ្យជំងឺផ្ដាសាយឆាប់ជាសះស្បើយ ក៏ដូចជាពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងឲ្យកាន់តែរឹងមាំ?
១. ម្ទេសសម្រាប់បង្កើនចំណង់អាហារឡើងវិញ
ជាទូទៅ យើងតែងតែបាត់បង់ចំណង់អាហារនៅពេលដែលយើងមិនស្រួលខ្លួន ពីព្រោះតែអាហារមិនមានរសជាតិឆ្ងាញ់ដូចពីមុន។ យ៉ាងណាមិញ អាហារហឹរមានគុណប្រយោជន៍ជួយបំបាត់អាការៈតឹងច្រមុះ និងសម្រួលដល់ការដកដង្ហើម។ ជាលទ្ធផល វាធ្វើឲ្យរសជាតិអាហារត្រលប់មករកសភាពដូចមុនវិញ។
២. បំពេញជាតិទឹកជាមួយនឹងទឹកដូង
ការបំពេញជាតិទឹកក្នុងរាងកាយមានសារសំខាន់ណាស់ ក្នុងការកម្ចាត់ជាតិពុលចេញពីរាងកាយ។ គ្នាយើងគប្បីញ៉ាំទឹកដូង ឬភេសជ្ជៈដែលសម្បូរដោយអេឡិចត្រូលីត ដើម្បីបំពេញជាតិរ៉ែ ដូចជាប៉ូតាស្យូម និងសូដ្យូម។
៣. ទឹកដោះគោជូរពង្រឹងប្រព័ន្ធភាពស៊ាំ
ប្រព័ន្ធភាពស៊ាំរបស់យើងប្រមាណ៧០%គឺប្រមូលផ្ដុំនៅក្នុងក្រពះ ដូច្នេះហើយការបញ្ចូលបាក់តេរីល្អៗក្នុងក្រពះ អាចជួយឲ្យយើងឆាប់ជាសះស្បើយពីជំងឺ ក៏ដូចជាមានសុខភាពរឹងមាំ។ ទឹកដោះគោជូរ ជួយរក្សាតុល្យភាពនៃបាក់តេរីល្អក្នុងក្រពះ ហើយក៏ជាអាហារដែលស័ក្ដិសមសម្រាប់ជំងឺផ្ដាសាយផងដែរ។
៤. តែបៃតងសម្រាប់ប្រឆាំងនឹងអុកស៊ីតកម្ម
ជាមួយគ្នានេះដែរ តែបៃតងមិនត្រឹមតែបំពេញជាតិទឹកដល់រាងកាយរបស់យើងប៉ុណ្ណោះទេ វាក៏សម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម សម្រាប់ប្រយុទ្ធនឹងពពួករ៉ាឌីកាល់សេរី។ ប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើរងផលប៉ះពាល់ នៅពេលដែលយើងកើតជំងឺផ្ដាសាយ ហើយការញ៉ាំតែបៃតងក្ដៅជាមួយនឹងទឹកឃ្មុំអាចបើកផ្លូវដង្ហើមរបស់យើងឲ្យដំណើរការប្រក្រតីឡើងវិញ។
៥. ខ្ទឹមសអាចសម្លាប់មេរោគ
ខ្ទឹមសជាភ្នាក់ងារប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ ដូចជាបាក់តេរី និងវីរុស។ ជាក់ស្ដែង ខ្ទឹមសឆៅអាចជួយកាត់បន្ថយអាការៈគ្រុនផ្ដាសាយបានយ៉ាងអស្ចារ្យ ហើយយើងក៏អាចបញ្ចូលវាទៅក្នុងគ្រឿងផ្សំនៃអាហារដើម្បីកម្ចាត់អាការៈគ្រុនផ្ដាសាយនេះដូចគ្នា។
៦. ក្រូចឆ្មារ និងផ្លែក្រូចសម្រាប់បង្កើនវីតាមីនC
វីតាមីនCជាអាហារដ៏ល្អបំផុតសម្រាប់ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ហើយអាហារដែលសម្បូរទៅដោយវីតាមីនCមានដូចជាផ្លែក្រូច ក្រូចឆ្មារ ស្រ្តប៊ឺរី និងប៉េងប៉ោះ។ ហេតុនេះហើយ យើងគប្បីញ៉ាំអាហារទាំងនេះជាប្រចាំ ជាពិសេសនៅពេលដែលយើងមានអាការៈគ្រុនផ្ដាសាយ។
[embed-health-tool-vaccination-tool]