ប្រុសៗប្រយ័ត្នប្រយែងតិច ព្រោះមានករណីមួយស្មានមិនដល់ អាចនឹងឲ្យយើងអត់មានកូនបាន គឺទុកទូរសព្ទក្នុងហោប៉ៅ។ តាមការស្រាវជ្រាវនៅឯគ្លីនិក Cleveland នៅអាមេរិក ជឿថា ប្រើទូរសព្ទភ្ជាប់ជាមួយឧបករណ៍មិនត្រូវការដៃកាន់ អាចធ្វើឲ្យប៉ះពាល់ដល់មេជីវិតប្រុសៗ បើទូរសព្ទនោះនៅជិតពងស្វាស។
ប្រុសៗជាធម្មតា តែងទុកទូរសព្ទក្នុងហោប៉ៅខោ ពេលកំពុងប្រើឧបករណ៍អត់ខ្សែ (កាសអត់ខ្សែ ឬនាឡិកាវ័យឆ្លាត) ដើម្បីសន្ទនាគ្នា ជាហេតុនៅជិតពងស្វាសយើង មានរលកសញ្ញាវិទ្យុសកម្ម អេឡិចត្រូម៉ាញេទិក (Radiofrequency Electromagnetic Waves) អាចបង្កគ្រោះថ្នាក់ដល់មេជីវិតឈ្មោល។
១- ម៉េចបានសារធាតុវិទ្យុសកម្មអាចប៉ះពាល់ដល់មេជីវិតឈ្មោល?
ការសិក្សាធ្វើឡើងតាមរយៈការយកទឹកកាមប្រុសៗ ៣២ នាក់ មកពិសោធ ដោយបែងចែកជា ២ ផ្នែកផ្សេងគ្នា។ ពាក់កណ្ដាលនៃទឹកកាម ត្រូវគេយកទៅដាក់ចម្ងាយ ២,៥ សង់ទីម៉ែត្រ ពីទូរសព្ទកំពុងតែខលនិយាយបាន ១ ម៉ោង ដែលមានកម្រិតវិទ្យុសកម្ម ៨៥០ MHz ខណៈកម្រិតវិទ្យុសកម្មទូរសព្ទជាទូទៅ ផលិតនៅឋអាមេរិក គឺនៅចន្លោះចាប់ពី ៨៥០-៩០០ MHz ហើយចម្ងាយ ២,៥ សង់ទីម៉ែត្រ គឺប្រហាក់ប្រហែលចម្ងាយហោប៉ៅខោ ទៅកាន់ពងស្វាស។
ពីមុន ក៏មានគេសិក្សាពីទំនាក់ទំនងរវាងកម្រិតវិទ្យុសកម្ម ជាមួយបញ្ហាមេជីវិតប្រុសៗរួចមកហើយ ប៉ុន្តែការសិក្សាថ្មីនេះ គឺធ្វើឡើងក្នុងចេតនាពន្យល់កាន់តែច្បាស់ ពីមូលហេតុនាំឲ្យងាប់មេជីវិតឈ្មោល ដោយជាលទួ្ធផល ពេលយើងប៉ះពាល់ជាមួយសារធាតុវិទ្យុសកម្មច្រើន ធ្វើឲ្យប្រឈមមុខខូចខាតកោសិការ៉ាឌីកាល់សេរី បាត់បង់បរិមាណ និងគុណភាពទឹកកាម។
នៅពេល រាងកាយមានបញ្ហាអតុល្យភាពរវាងរ៉ាឌីកាល់សេរី និងអង់ទីអុកស៊ីដង់ (Oxidative stress ) ក៏ជាក្តីកង្វល់មួយផ្សេងទៀត ពាក់ព័ន្ធបញ្ហាងាប់មេជីវិតដូចគ្នា ខណៈករណីខូចខាត DNA រវាងកោសិកាស្ពែមដែលប៉ះវិទ្យុសកម្ម និងកោសិកាស្ពែមមិនប៉ះវិទ្យុសកម្ម មិនមានអ្វីគួរឲ្យកត់សម្គាល់ទេ។
យ៉ាងណា ក្រុមអ្នកស្រាវជ្រាវត្រូវការសិក្សាបន្ថែមទៀត លើកត្តាចាំបាច់ ដូចជា ការដាក់ទូរសព្ទឆ្ងាយពីពងស្វាស និងការទុកទូរសព្ទក្នុងហោប៉ៅ Stanby ចោល (មិនប្រើប្រាស់) អាចរងសារធាតុវិទ្យុសកម្មដូចគ្នា ឬយ៉ាងណា?
អត្ថបទពាក់ព័ន្ធ៖
- លិង្គមិនឡើងរឹង
- ទាំងនេះជាមូលហេតុនាំឲ្យស្រីៗអត់មានកូន និងអាហារជំនួយពិសេស
២- គួរធ្វើយ៉ាងម៉េចដើម្បីការពារមេជីវិតឈ្មោល?
ជារឿយៗ មានការណែនាំកុំដាក់ទូរសព្ទជិតពងស្វាសពេក ព្រោះអ្នកវិទ្យាសាស្ត្រជឿថា ប្រុសៗនិយាយទូរសព្ទ ៣-៤ ម៉ោង (ប្រើកាសប៊្លូធូស) ដោយដាក់ទូរសព្ទក្នុងហោប៉ៅ គឺប្រឈមមុខខ្ពស់ជាមួយបញ្ហាអត់កូន។ មិនមែនតែទូរសព្ទមួយមុខទេ ត្រូវទុកឲ្យឆ្ងាយពីពងស្វាស កម្តៅភាយចេញពីថ្មកុំព្យូទ័រយួរដៃ ក៏អាចបង្កឲ្យមានបញ្ហាងាប់មេជីវិតឈ្មោះដូចគ្នា។
គេអាចព្យាបាលការខូចខាតស្ពែម បណ្តាលមកពីអតុល្យភាពរវាងរ៉ាឌីកាល់សេរី និងអង់ទីអុកស៊ីដង់ (Oxidative stress ) បាន ដោយប្រើសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា វីតាមីន C និងវីតាមីន E។ ហើយប្រុសៗធម្មតា ក៏គួរប្រើសារធាតុប្រឆាំងអុកស៊ីតកម្មដូចគ្នា ទោះបីជាសុខភាពស្ពែមរបស់យើងនៅល្អក៏ដោយ។
បើទោះជារបកគំហើញពីការសិក្សាថ្មីនេះ ស្តាប់ទៅសមហេតុផលក៏ពិតមែន ប៉ុន្តែនៅមិនទាន់មានភស្តុតាងគ្រប់គ្រាន់នៅឡើយ ដើម្បីបញ្ជាក់ច្បាស់ពីមូលហេតុ និងឥទ្ធិពលនៃទំនាក់ទំនងរវាងឧបករណ៍អត់ខ្សែ (Wireless Usage) និងផលប៉ះពាល់សុខភាពនៅឡើយ ជាហេតុនាំឲ្យអ្នកវិទ្យាសាស្ត្រនៅបន្តសិក្សាស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅពាក់ព័ន្ធពីបញ្ហានេះ។
[embed-health-tool-ovulation]