backup og meta

វិធី​ព្យាបាល "លិង្គមិនឡើង​រឹង" ដែលជាសុបិន្តអាក្រក់​បំផុតក្នុង​ជីវិតប្រុសៗ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

    វិធី​ព្យាបាល "លិង្គមិនឡើង​រឹង" ដែលជាសុបិន្តអាក្រក់​បំផុតក្នុង​ជីវិតប្រុសៗ

    ដោះ​ស្រាយ​ក្តី​បារម្ភ​ប្រុសៗ​ម្តង ពាក់​ព័ន្ធ​រឿង​អា​អូន​តូច​មិន​រឹង ឬ​ធ្វើ​អីៗ​អត់​កើត ព្រោះ​ថា​រួម​ភេទ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ជិវិត​យើង​ម្នាក់ៗ អាច​ជួយ​ឲ្យ​ជីវិត​អាពាហ៍​ពិពាហ៍​មាន​សុភមង្គល​មួយ​កម្រិត​ទៀត។ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​វិធី​ពី​មូល​ហេតុ​ខ្លះៗ និង​វិធី​ព្យាបាល​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ ឬ​អា​អូន​តូច​មិន​ឡើង​រឹង​ឲ្យ​ប្រុសៗ​គ្នា​យើង​បាន​ដឹង។

    មាន​បញ្ហាលិង្គ​មិន​ឡើង​រឹង ឬ​អសមត្ថភាព​ផ្លូវ​ភេទ ចាំ​បាច់​ត្រូវ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​វិធី​​ព្យាបាល​សម​ស្រប​មួយ ផ្អែក​លើ​មូល​ហេតុ ក៏​ដូច​ជា​កម្រិត​ធ្ងន់​ធ្ងរ​ និង​បញ្ហា​សុខ​ភាព​យើង​កំពុង​តែ​មាន។ សម្រាប់​ករណី​តូច​តាច ប្រុៗ​អាច​ព្យាបាល​ដោយ​គ្រាន់​តែ​ព្យាយាម​ប្ដូរ​របៀប​រស់​នៅ ដូច​ជា​ព្យាយាម​សម្រក​ទម្ងន់ កាត់​គ្រឿង​ស្រវឹង ឬ​ឈប់​ជក់​បារី ដែល​កត្តា​ទាំង​នេះ សុទ្ធ​តែ​អាច​ព្យាបាល​បញ្ហាលិង្គ​មិន​ឡើង​រឹង​បាន។ ករណី​ផ្សេង​ទៀត យើង​អាច​ព្យាបាល ដោយ​ប្រើ​វិធី​លួង​លោម​ផ្លូវ​ចិត្ត ធ្វើ​សមាធិ ប្រើ​ប្រាស់​ថ្នាំ ប្រើ​ឧបករណ៍​ជំនួយ និង​ការ​ព្យាបាល​ដោយ​វិធី​វះ​កាត់ ដូច​រៀប​រាប់​ខាង​ក្រោម​នេះ៖

    ១- វិធី​លួង​លោម​ផ្លូវ​ចិត្ត

    បើ​យើង​កំពុង​តែ​មាន​បញ្ហា​ផ្លូវ​ចិត្ត ដូច​ជា​ ជំងឺ​ថប់​បារម្ភ ឬ​ស្រ្តេស អាច​ជា​កត្តា​ធ្វើ​ឲ្យ​កើត លិង្គ​មិន​ឡើង​រឹង។ ដូច​នេះ ទទួល​ការ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ ជា​ជម្រើស​ល្អ​បំផុត។ អសមត្ថភាព​ផ្លូវ​ភេទ ក៏​អាច​កើត​ឡើង​បាន បើ​មាន​ការ​ផ្លាស់​ប្ដូរ​ជីវិត​រស់​នៅ ឬ​មាន​បញ្ហា​ស្រ្តេស កើត​ឡើង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ គ្រូពេទ្យ​ឯក​ទេស​ខាង​ផ្លូវ​ចិត្ត អាច​ជួយ​យើង​កុំ​ឲ្យ​គិត​ច្រើន ជួយ​ឲ្យ​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​បាន​ថែម​ទៀត​ផង។ បើ​យើង​បានជួប​និយាយ​ជាមួយ​គ្រូពេទ្យ​ខាង​ផ្លូវ​ចិត្ត​កាន់​តែ​ច្រើន ការ​ព្យាបាល​អសមត្ថភាព ក៏​កាន់​តែ​មាន​ប្រសិទ្ធភាព។ ពេល​ខ្លះ​ទៀត យើង​គួរ​នាំ​មិត្ត​ស្រី ឬ​ប្រពន្ធ​យើង​មក​ជួប​គ្រូ​ពេទ្យ​ជាមួយ​គ្នា​កាន់​តែ​ប្រសើរ ព្រោះ​ធ្វើ​បែប​នេះ ក៏​ជា​ចំណែក​មួយ ជួយ​ការ​ព្យាបាល​បាន​ដូច​គ្នា។

    ២- ប្រើ​ថ្នាំ​ពេទ្យ

    ថ្នាំ​សម្រាប់​ព្យាបាល​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ អាច​មាន​ជា​ប្រភេទ​ថ្នាំ​លេប ថ្នាំ​សម្រាប់​បន្តក់​លើ​ក្បាល​លិង្គ និង​ប្រភេទ​ថ្នាំ​សម្រាប់​ចាក់​ចូល​ក្នុង​លិង្គ​តែ​ម្តង។

    ថ្នាំ​ពេញ​និយម​មួយ​ចំនួន ពេទ្យ​ឧស្សាហ៍​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ មាន​ដូច​ជា ថ្នាំ Avanafil (Stendra), Sildenafil (Viagra), Tadalafil (Cialis) និង​ថ្នាំ Vardenafil (Levitra, Staxyn)។ មាន​តែ​ថ្នាំ Staxyn មួយ​ប្រភេទ​ប៉ុណ្ណោះ អាច​រលាយ​ក្នុង​មាត់ ចំណែក​ឯ​ថ្នាំ​ដទៃ​ផ្សេង​ទៀត គឺ​ត្រូវ​លេប​វា​ចូល​ទាំង​មូល។

    យើង​គួរ​លេប​ថ្នាំ​ទាំង​អស់​នេះ ឲ្យ​បាន​ចន្លោះ​ពី ១៥​នាទី ទៅ ៣៦​ម៉ោង មុន​ពេល​ចាប់​ផ្តើម​​រួម​ភេទ ដោយ​អាស្រ័យ​ទៅ​តាម​ប្រភេទ​ថ្នាំ ហើយ​មិន​គួរ​ប្រើ​ថ្នាំ​នេះ​លើស ១ ដង/ថ្ងៃ នោះ​ទេ។ ថ្នាំ​ទាំង​អស់​នេះ អាច​បង្ក​ផល​រំខាន​មួយ​ចំនួន រួម​មាន ឈឺ​ក្បាល តឹង​ច្រមុះ និងឈឺ​សាច់​ដុំ ខណៈ​​ផល​រំខាន​ដែល​កម្រ​កើត​មួយ​ទៀត​គឺ ​ធ្វើ​ឲ្យ​យើង​មើល​ឃើញ​ពណ៌​បៃ​តង​លាយ​ខៀវ​ ពេល​យើង​សម្លឹង​មើល​វត្ថុ​អ្វី​មួយ យ៉ាង​ណា អាការៈ​នេះ ក៏​មិន​កើត​ឡើង​យូរ​នោះ​ទេ។

    ត្រូវ​ប្រាប់​គ្រូពេទ្យ​រាល់​ថ្នាំ​យើង​កំពុង​ប្រើ និង​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ បើ​អាអូនតូច​យើងរឹង​លើស ៤​ម៉ោង ឡើង​ទៅ។

    ក្នុង​ករណី​ថ្នាំ​ពេទ្យ​ទាំង​អស់​នេះ​មិន​មាន​ប្រសិទ្ធ​ភាព ឬ​ធ្វើ​ឲ្យ​មាន​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ គ្រូពេទ្យ​អាច​ចេញ​ថ្នាំ​ម្យ៉ាង​ឲ្យ​យើង​ប្រើ​ គឺ​ថ្នាំ

    Alprostadil ដោយ​ថ្នាំ​មួយ​ប្រភេទ​នេះ ជួយ​ឲ្យ​ឈាម​ហូរ​ទៅ​កាន់​លិង្គ​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​លិង្គ​ផ្ដើម​ឡើង​រឹង​មួយ​រំពេច។ ថ្នាំ​នេះ គេ​អាច​ចាក់​វា​ចូល​ផ្នែក​ណា​មួយ​នៃ​លិង្គ ហើយ​ក៏​មាន​ជា​ប្រភេទ​គ្រាប់តូចៗ សម្រាប់​សុល​ចូល​ក្នុង​រន្ធ​លិង្គ​តែ​ម្ដង។ ថ្នាំ​ចាក់​អាច​បង្ក​គ្រោះ​ថ្នាក់​ច្រើន ដោយ​សារ​អាច​ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​យូរ​ពេក និង​មាន​បន្សល់​ស្លាក​ស្នាម​ទៀត​ផង។

    ថ្នាំ​មាន​លក់​តាម​ឱសថ​ស្ថាន​ជា​ច្រើន សុទ្ធ​តែ​មាន​ផ្ទុក​សារធាតុ​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ឬ​មាន​សារធាតុ​ផ្សំ​មិន​មាន​ប្រភព​ច្បាស់​លាស់។ ត្រូវ​ប្រុង​ប្រយ័ត្ន​ជាមួយ​ថ្នាំ​យើង​កំពុង​ប្រើ និង​ត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទៀង​ទាត់​តាម​ការ​ណាត់។

    អត្ថបទ​ពាក់ព័ន្ធ៖

    • វិធី​សាមញ្ញៗ ដោះ​ស្រាយបញ្ហា​រួមភេទ​អត់ដល់​ចំណុច​កំពូល
    • ​ប្រុសៗ​ចូលចិត្ត​ទុក​ទូរសព្ទ​ក្នុង​ហោប៉ៅ​ ប្រយ័ត្ន​ងាប់​មេជីវិត ​អត់​កូន

    ៣- ម៉ា​ស៊ីន​បឺត (Vacuum devices)

    ម៉ាស៊ីន​បឺត​សម្រាប់​ព្យាបាល​បញ្ហាលិង្គ​មិន​ឡើង​រឹង គឺ​ជា​ឧបករណ៍​មួយ​ប្រភេទ ជួយ​ឲ្យ​មាន​លំហូរ​ឈាម​កាន់​តែ​ច្រើន​ទៅ​កាន់លិង្គ។ ឧបករណ៍​នេះ ត្រូវ​បាន​គេ​ផលិត​ឡើង ជា​បីផ្នែក ដូចជា៖

    – ផ្នែក​ថ្លា គឺ​ជា​បំពង់​ជ័រ​ថ្លា សម្រាប់​គ្រប​លិង្គ

    – ម៉ាស៊ីន​បឺត អាច​ប្រើ​ដោយ​ដៃ ឬ​ប្រើ​ថ្ម បឺត​ខ្យល់​ចេញ​ពី​បំពង់ ធ្វើ​ឲ្យ​ឈាម​ហូរ​ទៅ​កាន់​លិង្គ​បាន​កាន់​តែ​ច្រើន។

    – កង​យឺត​សម្រាប់​រុំ​គល់​លិង្គ​បន្ទាប់​ពី​ឡើង​រឹង ឃាត់​មិន​ឲ្យ​ឈាម​ហូរ​ចេញ​ពី​លិង្គ ជួយ​រក្សា​លិង្គ​ឲ្យ​នៅ​រឹង​បាន​យូរ។ កាន់​តែ​ពិសេស ឧបរកណ៍​នេះ មាន​ប្រយោជន៍​សម្រាប់​ព្យាបាល​ជំងឺ Venous leak syndrome (បណ្តុំ​រោគ​សញ្ញា​លិង្គ​មិន​ឡើង​រឹង ដោយ​សារ​ឈាម​ហូរ​ចូល​ក្នុង​លិង្គ​មិន​គ្រប់​គ្រាន់។

    ព្យាបាលលិង្គមិនឡើងរឹង Hello គ្រូពេទ្យ

    ប្រុសៗ​ប្រហែល ៨០% មាន​បញ្ហា​លិង្គ​ឡើង​រឹង ពេល​ប្រើ​ប្រាស់​ឧបករណ៍​ព្យាបាល​នេះ​បាន​ត្រឹម​ត្រូវ គឺ​អាច​បើក​ឈុត​ឆាក​ប្រយុទ្ធ​បាន​ឡើង​វិញ។ ជា​ទូទៅ គេ​ប្រើ​ឧបករណ៍​បឺត​នេះ សម្រាប់​ព្យាបាល​លិង្គ​បន្ទាប់​ពី​វះ​កាត់​រួច ពិសេស​ការ​វះ​កាត់​ក្រពេញ​ប្រូស្តាត។ ដើម្បី​ឲ្យ​មាន​លំហូរ​ឈាម​ធម្មតា​ទៅ​កាន់​លិង្គ ពេទ្យ​អាច​នឹង​ឲ្យ​យើង​ប្រើ​ថ្នាំ​ខ្លះ ​ជួយ​ឲ្យ​លិង្គ​ឡើង​រឹង​បាន​មួយ​រំពេច។ ប៉ុន្តែ​ប្រហែល​ជា​ត្រូវ​ចំណាយ​ពេល ២-៣ ខែ ទើប​អាច​ទទួល​បាន​លទ្ធផល។

    យ៉ាង​ណា កង​យឺត​ក្នុង​ឧបករណ៍ អាច​ធ្វើ​ឲ្យ​ស្បែក​មាន​ប្រតិកម្ម ដូច​ជា រលាក កើត​កន្ទួល​រមាស់ លែង​ដឹង​អារម្មណ៍ ឬ​ដឹង​រំញោច ឬ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់។ យើង​អាច​ប្រើ​ឧបករណ៍​បឺត​នេះ​បាន​ ដោយ​ខ្លួន​ឯង ឬ​តាម​វេជ្ជ​បញ្ជា​ពី​គ្រូពេទ្យ ប៉ុន្តែ​យល់​ល្អ គួរ​តែ​សាក​សួរ​គ្រូពេទ្យ​មុន​ចាប់​ផ្តើម​ប្រើ​ឧបករណ៍​មួយ​នេះ។

    ៤- វះ​កាត់

    គ្រូពេទ្យ នឹង​ណែ​នាំ​ឲ្យ​យើង​ទទួល​ការ​វះ​កាត់ នៅ​ពេល​យើង​ព្យាបាល​ដោយ​ប្រើ​វិធី​ផ្សេង​ៗមិន​ជោគ​ជ័យ ខណៈ​ការ​វះ​កាត់​មាន​ដូច​ជា៖

    – វះ​ដាក់​ឧបករណ៍​ចូល​ក្នុង​លិង្គ ដោយ​ឧបករណ៍​នោះ អាច​បត់​បែន​បាន និង​បំប៉ោង​ដោយ​ប្រើ​ខ្យល់។

    – កែ​លម្អរ​សរសៃ​ឈាម​ឡើង​វិញ ជា​វិធី​វះ​កាត់​មួយ យក​សរសៃរ​ឈាម​ស្ទះ​ចេញ ដើម្បី​ឲ្យ​ឈាម​ហូរ​បាន​ល្អ និង​ទប់​សរសៃ​ឈាម​វ៉ែន កុំ​ឲ្យ​ឈាម​ហូរ​ចេញ​ពី​លិង្គ រួម​ទាំង​កោសិកា​ជុំ​វិញ​នោះ។

    នៅ​ពេល​យើង​វះ​កាត់​ដាក់​ឧបករណ៍​ចូល​ក្នុង​លិង្គ អាច​បង្ក​ឲ្យ​ឆ្លង​រោគ​បាន ដោយ​ការ​ឆ្លង​រោគ​អាច​កើត​ឡើង​នៅ​តាម ប្រព័ន្ធ​បង្ហូរ​នោម នៅ​លើ​ស្បែក ឬ​នៅ​ពាស​ពេញ​ដង​ខ្លួន។ ហេតុ​នេះ​បើ​មិន​ចាំ​បាច់​ កុំ​ប្រើ​វិធី​វះ​កាត់​ឲ្យ​សោះ។

    សម្រាប់​ការ​វះ​កាត់​កែ​លម្អរ​សរសៃ​ឈាម​វិញ សរសៃ​ឈាម​ដែល​វះ​កាត់​នោះ អាច​ធ្វើ​ការ​បាន​តែ​នៅ​ពេល​មាន​ការ​ស្ទះ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម