បើនិយាយរឿងផ្លូវភេទ ច្បាស់ណាស់ប្រុសៗឆ្វាក់ជាងគេ ប៉ុន្តែបើនិយាយរឿងសុខភាពផ្លូវភេទ ពិសេសកន្លែងសម្ងាត់វិញ ស្រីៗគ្នាយើងច្បាស់ជាមានបញ្ហាច្រើនជាងមិនខាន។ ស្រីៗ! ធ្លាប់ឆ្ងល់អត់ សុខៗម៉េចបានជាទ្វារមាសមានធំក្លិន? លាងរួចហើយនៅតែធំក្លិន មកពីមូលហេតុអី? ធ្វើម៉េចបានបាត់ក្លិនទៅវិញ? សំណួរទាំងនេះ ចាំ “Hello គ្រូពេទ្យ’ ប្រាប់ក្នុងអត្ថបទនេះ។
១- តើអ្វីទៅជាបញ្ហាធំក្លិនទ្វារមាស?
ធំក្លិនទ្វារមាស មកពីភាសាបច្ចេកទេស Vaginal Odor សំដៅនៅមានពេលក្លិនមិនល្អចេញពីក្នុងទ្វារមាសស្រីៗ។ ទ្វារមាសស្រីៗគ្រប់រូប ជាធម្មតា មានក្លិនបន្តិចបន្តួចដូចតែគ្នាទេ ប៉ុន្តែបើទ្វារមាសមានធំក្លិនខ្លាំង ឬមានក្លិនប្លែក ក្លិនឆ្អាប មានន័យថាទ្វារមាសយើងប្រហែលជាមានបញ្ហាហើយ។
២- អ្វីជាមូលហេតុធ្វើឲ្យទ្វារមាសធំក្លិន?
បញ្ហាធំក្លិនទ្វារមាស ខុសគ្នាទៅតាមវដ្ដរដូវនីមួយៗ ដោយភាគច្រើន គ្នាយើងមានក្លិនទ្វារមាស អាចចាប់ផ្ដើមបន្ទាប់ពីរួមភេទ ខណៈក្រៅពីនេះ ការបែកញើស ក៏អាចធ្វើឲ្យទ្វារមាសធំក្លិនដូចគ្នា។ ស្រីៗជាច្រើន បានប្រើផលិតផលបំបាត់ក្លិន ដើម្បីទប់ទល់ជាមួយបញ្ហាធំក្លិនទ្វារមាសនេះ តែផលិតផលទាំងនោះ អាចធ្វើឲ្យគ្នាយើងប្រឈមជាមួយបញ្ហារលាក និងមានបញ្ហាមួយចំនួនផ្សេងទៀត។
ករណីកើនឡើងពពួកបាក់តេរីល្អក្នុងទ្វារមាសច្រើនពេក ក៏ជាមូលហេតុចម្បងធ្វើឲ្យទ្វារមាសមានក្លិន រីឯជំងឺ Trichomoniasis ដែលជាជំងឺកាមរោគមួយប្រភេទ ក៏ជាមូលហេតុនាំឲ្យមានក្លិនទ្វារមាស។ ហើយផ្ទុយទៅវិញ ជំងឺប្រមេះទឹកថ្លា ប្រមេះទឹកបាយ និងការបង្ករោគដោយពពួកផ្សិត បែរជាមិនមានពាក់ព័ន្ធជាមួយបញ្ហាធំក្លិនក្នុងទ្វារមាសនោះឡើយ។
ជាទូទៅស្រីៗគ្នាយើង ប្រហែលជាមិនសូវបានចាប់អារម្មណ៍រោគសញ្ញាអ្វីផ្សេងក្រៅពីក្លិនទេ ហើយប្រហែលជាគិតថាក្លិននោះ ជាក្លិនធម្មតាតែប៉ុណ្ណោះ។ ក្រៅពីបាក់តេរី Vaginosis និង Trichomoniasis បញ្ហាធំក្លិនទ្វារមាស មិនប្រក្រតី ក៏អាចបណ្ដាលមកពីការកង្វះអនាម័យ ឬមិនបានប្ដូរសំឡីអនាម័យញឹកញាប់។
មានមូលហេតុបន្ទាប់បន្សុំមួយចំនួនទៀតរូមមាន៖
– Rectovaginal Fistula៖ ជាបញ្ហាមិនប្រក្រតី ដែលទ្វារមាស និងរន្ធគូទមានទំនាក់ទំនងជាមួយគ្នា បណ្ដាលឲ្យមានលាមកជ្រៀបចូលក្នុងទ្វារមាស។
– មហារីក
– ជំងឺមហារីកទ្វារមាស។
៣- ពេលណាគួរទៅជួបពេទ្យ?
បើទ្វារមាសមានក្លិនជាប់រហូត ឬមានអារម្មណ៍មិនស្រួល ស្រីៗគ្នាយើងគួរតែទៅជួបគ្រូពេទ្យ ពិសេសពេលមានរោគសញ្ហាផ្សេងមកជាមួយ ដូចជា រមាស់ ផ្សា ក្រហាយ និងមានធ្លាក់ស។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗមានស្បូនព្រែកអាចមានកូនបានធម្មតា ដូចគេឯងអត់?
- ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?
៤- ដោះស្រាយដោយវិធីណា?
បើបញ្ហាក្លិនទ្វារមាសមិនមានទាក់ទងជាមួយបញ្ហាសុខភាពផ្សេងទេនោះ គ្នាយើងក៏មិនចាំបាច់ត្រូវព្រួយបារម្ភអ្វីទេ ខណៈខាងក្រោមនេះ គឺជាវិធីមួយចំនួន អាចជួយបំបាត់ក្លិនទ្វារមាសបានខ្លះ។
– លាងសម្អាតផ្នែកខាងក្រៅរបស់ទ្វារមាស អាចធ្វើការលាងសម្អាតរៀងរាល់ពេលងូតទឹក តែត្រូវចាំថាអាចប្រើសាប៊ូតិចតួច សាប៊ូមានក្លិនស្រាល ក្នុងបរិមាណតិចតួចបំផុត ដើម្បីចៀសវាងបញ្ហារលាកទ្វារមាសទៅថ្ងៃខាងមុខ ហើយត្រូវលាងសម្អាតទ្វារមាសជាមួយទឹកឲ្យបានច្រើន។
– មិនត្រូវបាញ់ទឹកលាងសម្អាតក្នុងទ្វារមាសជាដាច់ខាត ខណៈវិធីនេះ គេលាងទ្វារមាស ដោយប្រើទឹកលាយជាមួយ Vinegar។ ស្រីៗជាច្រើន បានលាងសម្អាតទ្វារមាសដោយប្រើវិធីមួយនេះ ប៉ុន្តែពេទ្យមិនណែនាំឲ្ងសម្អាតទ្វារមាសបែបនេះឡើយ ព្រោះទ្វារមាសធម្មតា គឺមានបាក់តេរី និងផ្សិតនៅក្នុងនោះស្រាប់ ហេតុនេះ ត្រូវចាំបាច់រក្សាតុល្យភាពអាស៊ីដបាសក្នុងទ្វារមាស។ បាញ់លាងទ្វារមាស អាចធ្វើឲ្យមានបម្រែបម្រួលតុល្យភាពអាស៊ីសបាសក្នុងទ្វារមាស ជាហេតុធ្វើឲ្យទ្វារមាសមានបញ្ហាកើតឡើង។ ដូចនេះ បើអ្នកចង់ឲ្យទ្វារមាសមានសុខភាពល្អ មិនត្រូវសម្អាតដោយប្រើវិធីបាញ់ទឹកលាងជាដាច់ខាត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]