ទោះប្រុសៗមិនអាចពពោះបានមែន ប៉ុន្តែរឿងបង្កកំណើត គឺពឹងផ្អែកស្ទើរទាំងស្រុងទៅលើទឹកកាមប្រុសៗ បើទឹកកាមមានសុខភាពល្អ អត្រាមានកូនកាន់តែខ្ពស់ តែបើទឹកកាមសុខភាពខ្សោយវិញ វាក៏ទាបទៅតាមនឹងដែរ។ សុខភាពផ្លូវភេទល្អ ជួយឲ្យជីវិតប្រចាំថ្ងៃកាន់តែសប្បាយរីករាយ ហេតុនេះ “Hello គ្រូពេទ្យ’ នឹងប្រាប់តិចនិកខ្លះៗ ជួយឲ្យសុខភាពទឹកកាមប្រុសៗកាន់តែល្អ។
១- ពិនិត្យទម្ងន់ជាប្រចាំ
បើប្រុសៗគ្នាយើងធាត់ ឬស្គមពេក គឺជះឥទ្ធិពលមិនល្អទៅដល់សុខភាពទឹកកាមនោះទេ មិនតែប៉ុណ្ណោះ អាចធ្វើឲ្យយើងមានបញ្ហាសុខភាពកើតឡើងក្នុងជីវិតផ្លូវភេទដូចគ្នា។ ដោយសារទម្ងន់ប្រុសៗ មានទំនាក់ទំនងជាមួយនឹងចំណង់ផ្លូវភេទ និងសកម្មភាពផ្លូវភេទតែម្តង ហេតុនេះត្រូវញ៉ាំអាហារល្អសម្រាប់សុខភាពដូចជា ផ្លែឈើ បន្លែ អាហារសម្បូរប្រូតេអ៊ីន គ្រាប់ធញ្ញជាតិ និងហាត់ប្រាណជាប្រចាំ ដើម្បីរក្សាទម្ងន់គាត់ឲ្យនៅក្នុងកម្រិតល្អ។
ញ៉ាំផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងអាហារប្រូតេអ៊ីនមានខ្លាញ់តិច នឹងជួយកាត់បន្ថយបញ្ហាកង្វះសារធាតុចំបាច់សម្រាប់ទ្រទ្រង់សុខភាពទឹកកាម រួមមាន វីតាមីន C និង E ជាតិសង្កសី អាស៊ីដហ្វូលិក ពួកវាសុទ្ធតែជាសារធាតុសំខាន់ៗ។ ផលិតផលបំប៉ន មានលក់តាមទីផ្សារ ដូចជា អាស៊ីដហ្វូលិក និងថ្នាំជំនួយសុខភាបបន្តពូជសម្រាប់ប្រុសៗ មានផ្ទុកវីតាមីន និងរ៉ែសំខាន់ៗ សម្រាប់ជំនួយដល់ទឹកកាម សុទ្ធតែមានសុវត្ថិភាពប្រើប្រាស់។ យ៉ាងណា មកទល់នឹងពេលនេះ នៅមិនទាន់មានភស្ដុតាងអាចបញ្ជាក់ថា ថ្នាំបំប៉នទាំងនេះ អាចបង្កើនអត្រាបង្កកំណើតកាន់តែខ្ពស់បាន ឬយ៉ាងណាទេ។
២- ត្រូវនៅឆ្ងាយពីសារធាតុគ្រោះថ្នាក់
– គ្រឿងស្រវឹង៖ ផឹកគ្រឿងស្រវឹងច្រើនពេក អាចបណ្ដាលឲ្យមុខងារ និងចំនួនទឹកកាមថយចុះ។ ដោយសារគ្រឿងស្រវឹង មានទំនាក់ទំនងជាមួយការបន្តពូជប្រុសៗ នៅមិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់នៅឡើយ ដូចនេះគ្នាយើង គួរតែផឹកគ្រឿងស្រវឹងក្នុងកម្រិតត្រឹមត្រូវ មិនប៉ះពាល់សុខភាពបន្តពូជ ដោយគួរផឹកត្រឹម ១-២ កែវ/ថ្ងៃ បានហើយ។
– បារី៖ ជក់បារី អាចធ្វើឲ្យចំនួនមេជីវិតឈ្មោះ និងសមត្ថភាពហែលទៅរកមេជីវិតញីធ្លាក់ចុះ។ ដើម្បីជួយឲ្យទឹកកាមផ្លាស់ទីបានល្អ ប្រុសៗទាំងអស់គ្នា គួរតែឈប់ជក់បារី ឲ្យបានលឿនតាមដែលអាចធ្វើបាន ប៉ុន្តែបើគាត់មិនអាចឈប់បានភ្លាមៗ ត្រូវប្រាកដថា យើងមិនជក់បារីដាច់ខាត ក្នុងរយៈពេល ៣ខែ មុនពេលចង់បានកូន។ ត្រូវឈប់ជក់កញ្ឆា ឬប្រើថ្នាំញៀនផ្សេងៗដូចគ្នា ព្រោះថ្នាំញៀនទាំងអស់ អាចបំផ្លាញសុខភាពមេជីវិតឈ្មោលបាន ហើយបើទោះជាអាចបង្កកំណើត ប៉ុន្តែស្រីៗពពោះភាគច្រើន នឹងរលូតកូន បើខាងប្រុស នៅបន្តប្រើថ្នាំញៀនមួយចំនួនដូចជា កូកាអ៊ីន កញ្ឆា និងពពួកថ្នាំអំហ្វេតាមីនមួយចំនួនផ្សេងទៀត។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗចង់ដឹងទឹកកាមប្រុសៗមានសុខភាពល្អ ឬអត់? អាចមើលចំណុចទាំង ៦ នេះបាន!
- តំបន់ G-Spot អាថ៌កំបាំង និងសម្រើបបំផុតរបស់ស្រីៗ នៅកន្លែងណាឲ្យប្រាកដ?
៣- ពងស្វាសត្រូវនៅកន្លែងមានសីតុណ្ហភាពសមរម្យ
នៅពេលពងស្វាសប្រុសៗរងកម្តៅខ្លាំងពេក អាចធ្វើឲ្យមេជីវិតឈ្មោះខូចខាតបាន។ ដោយសារមូលហេតុនេះហើយ ទើបបានជាពងស្វាសប្រុសៗ ស្ថិតនៅខាងក្រៅដងខ្លួន ព្រោះអាចទទួលបានសីតុណ្ហភាពទាបជាងក្នុងខ្លួនបន្តិច។ មិនត្រូវទៅកន្លែងស្ទីម សូណា ងូតទឹកក្ដៅ ឬគេងត្រាំទឹកក្ដៅ ញឹកញាប់ពេកឡើយ ក៏មិនត្រូវស្លៀកខោតឹងៗពេកទេ ដូចជា ខោរឹប សម្រាប់ពេលជិះកង់ជាដើម។
បើប្រុសៗចូលចិត្តធាក់កង់ឆ្ងាយៗពេក ពងស្វាសក៏អាចខូចខាតខ្លះៗដែរ ជាហេតុនាំឲ្យមិនអាចមានកូនបាន។ បើគ្នាយើងនៅតែចង់ជិះកង់ពេលជិះ ត្រូវតែសម្រាកឲ្យញឹកញាប់ ត្រូវស្លៀកខោការពារ និងប្រើកែបកង់ការពារ ដើម្បីកាត់បន្ថយបញ្ហាផ្សេងៗ។
៤- ត្រូវពិនិត្យសុខភាពឲ្យបានទៀតទាត់
ណាត់ជួបជាមួយគ្រូពេទ្យ ដើម្បីពិនិត្យសុខភាពមុនពេលចង់យកកូន ជារឿងសំខាន់ចំពោះទាំងប្រុសៗ និងស្រីៗ ហើយការពិនិត្យសុខភាពមួយនេះ រួមជាមួយដំបូន្មានគ្រូពេទ្យ អាចជួយឲ្យអត្រាមានកូនកើនឡើងកាន់តែខ្ពស់។ ពេទ្យប្រហែលសួរនាំទាក់ទងប្រវត្ដិគ្រួសារខ្លះៗ ហើយនឹងប្រាប់យើង ពីវិធីសាស្ត្រផ្សេងៗទៀត ដើម្បីបង្កើនអត្រាបង្កកំណើតកាន់តែខ្ពស់ និងមានប្រសិទ្ធភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]