backup og meta

បើមានបញ្ហាទ្វារមាសទាំងនេះ អាចសាកតិចនិកក្នុងអត្ថបទបាន!

បើមានបញ្ហាទ្វារមាសទាំងនេះ អាចសាកតិចនិកក្នុងអត្ថបទបាន!

សុខភាព​ផ្លូវភេទ​ស្រីៗ​សំខាន់​ៗ មាន​ទំនាក់​ទំនង​ផ្ទាល់​ទៅ​លើ​ការ​បង្ក​កំណើត ហើយនៅ​ពេល​ប្រដាប់​ភេទមាន​បញ្ហា អាច​ជះ​ឥទ្ធិពលទាំង​ផ្លូវ​កាយ ផ្លូវចិត្ត​យើង​បាន។ ហេតុនេះហើយ ទើប​មាន​ការ​ណែនាំ​ស្រីៗ​ឲ្យ​ឧស្សាហ៍​ត្រួត​ពិនិត្យ​ប្រដាប់​ភេទ​ខ្លួន​ឲ្យ​បាន​ញឹក​ញាប់ ព្រោះ​បើ​មាន​បញ្ហា​ ​អាច​ដោះ​ស្រាយ​បាន​ទាន់​ពេល។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹងលើក​ឡើង​ពី​បញ្ហា​ឧស្សាហ៍​កើត​មាន​លើ​ប្រដាប់​ភេទ​ស្រីៗ ក៏​ដូច​ជា​វិធី​ដោះ​ស្រាយ​ឲ្យ​ស្រីៗ​បាន​ដឹង។​

១- មាន​ដុំពកប្លែកនៅតំបន់​ទ្វារ​មាស

គ្នា​យើង​ច្បាស់​ជា​ភ្ញាក់​ផ្អើល​ខ្លាំង ​បើ​រក​ឃើញ​មាន​ដុំ​ប្លែកណា​មួយ​នៅ​​ត្រង់​តំបន់​ទ្វារមាស។ ​យោង​តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត Alyssa Dweck, M.D ឯកទេស​ផ្នែក​រោគ​ស្ត្រីនៅ​អាមេរិក ដុំ​មួយ​នេះ អាច​បណ្ដាល​មក​មូលហេតុ​ជា​ច្រើន ប៉ុន្តែ​​ប្រហែល​មិន​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​សុខភាព​យើង​នោះ​ដែរ។ វា​អាច​ខុស​គ្នា​ពី​ដុំ​ពក​ដែល​កើត​មាន​ដោយ​សារ​រោម​ដុះ​មិន​ផុត ឬ​ដុំ​ខ្លាញ់​នៅ​ក្រោម​ស្បែក។ បើ​ប្រទះ​ឃើញ​បញ្ហា​​នេះ ការ​ត្រាំ​ទឹក​ក្ដៅ​ឧណ្ហៗ​ជា​ជម្រើស​​ល្អ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​មួយ​នេះ។ តែក៏​អាច​ទិញ​ថ្នាំ​លាប​ប្រភេទ​ Hydrocortisone យក​មក​លាប ​បើ​ដុំ​នោះ​មាន​សភាព​ដូច​រលាក ហើយ​​បើ​ឈឺ ឬ​រកាំៗ ​ត្រូវ​ប្រញ៉ាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លឿន ដោយ​សារ​តែ​អាច​ជា​សញ្ញា​បញ្ជាក់ពី​ការ​ឆ្លង​រោគ​នៅ​ទី​នោះ។

២- មានធំក្លិនស្អុយ

​បើប្រដាប់​ភេទ​យើង​​មាន​ធំ​ក្លិន​ស្អុយ​ចេញ​ពី​ក្នុង​ អាច​​ប្រហែល​មាន​អ្វី​កើត​ឡើង​ត្រង់​តំបន់​នោះ​ហើយ។ ប៉ុន្តែ​ក្លិន​ត្រង់​កន្លែង​នោះ​ អាច​បណ្ដាល​មក​ពី​មូល​ហេតុ​​ច្រើន ​ត្រូវ​តែ​ទៅ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​អំពី​បញ្ហា​មួយ​នេះ។​បើ​សិន​ទ្វារ​មាសយើង មាន​ធ្លាក់​ស​ធំ​ក្លិន​អាក្រក់​ខ្លាំង ​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​រោគ ​បង្ក​ដោយ​​ពពួក​បាក់​តេរី ខណៈ​​ករណី​មួយ​នេះ យើង​​ប្រហែល​ជា​ត្រូវ​ការ​ប្រើ​ថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល។

​មូល​ហេតុ​ចម្បង​មួយ​ទៀត ​ធ្វើ​ឲ្យ​ទ្វារ​មាស​មាន​ធំ​ក្លិន​ គឺ​ដោយ​សារ​ជាប់​ស្រោម​អនាម័យ ឬ​សំឡី​អនាម័យ​ក្នុង​ទ្វារ​មាស នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត Alyssa Dweck, M.D។​ភាគ​ច្រើន​ក្លិន​នៅ​តំបន់ទ្វារ​មាស អាច​ខុស​ៗគ្នា ​ធ្វើ​ឲ្យ​ច្រមុះយើង​អាច​ហិត​ដឹង​បាន។ យ៉ាងណា កុំ​បារម្ភ​​បញ្ហា​មួយ​នេះ​ច្រើន​ពេក​អី គ្រូពេទ្យ​​មាន​វិធី​ដោះ​ស្រាយ​យ៉ាង​ល្អ​សម្រាប់​យើង។

៣- ហូរឈាមតាមទ្វារមាស មិនមែនជាឈាមរដូវទេ

​បើ​សង្កេត​​ឃើញមាន​ឈាម​តិច​តួច​នៅ​ជាប់​ខោ​ក្នុង​ គឺ​​អាច​គ្រាន់​តែ​បណ្ដាល​មក​ពី​អតុល្យ​ភាព​អ័រម៉ូន​ បណ្ដាល​មក​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ ប៉ុន្តែ​​បើ​ឈាម​នោះនៅ​​តែ​បន្ត​ធ្លាក់ គ្នា​យើង​​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​​ ដោយ​សារ​តែអាច​ជា​សញ្ញាឆ្លង​រោគ​ណា​មួយ​កើត​ឡើង ឬ​ដោយ​សារ​មាន​ផ្ទៃពោះ ឬ​មាន​សាច់​ដុះ​នៅ​លើ​មាត់​ស្បូន​ជាដើម។ បើ​ឈាម​ធ្លាក់​ក្រោយ​ពី​ការ​រួម​ភេទ ឬ​ធ្លាក់​លាយ​គ្នា​មក​ជាមួយ​​តាម​ទ្វារ​មាស ​អាច​ជា​សញ្ញាជំងឺ​កាម​រោគ ដូច​នេះ​ ​ត្រូវ​តែ​ទៅ​ជួប​គ្រូពេទ្យ ​និង​ធ្វើ​តេស្ត​ពិនិត្យ​រក​មើល​មេរោគប្រមេះទឹក​បាយ (Gonorrhea) និងប្រមេះ​ទឹក​ថ្លា (Chlamydia)។ ​បើគ្នា​យើង​​ធ្លាក់​ឈាម​តែ​ម្ដង​គត់ បន្ទាប់​ពី​រួម​ភេទ​ប្រើ​កម្លាំង​ខ្លាំង​ពេក វា​មិន​មែន​ជា​រឿង​ត្រូវ​បារម្ភ​​នោះ​ដែរ។

៤- រមាស់ត្រង់ទ្វារមាស

មាន​អារម្មណ៍​ដូច​ជាមាន​អ្វីមួយ​ជាប់​ក្នុង​ខោមែន​អត់? បើ​ទ្វារ​មាសយើង​រ​មាស់​មិន​បាត់ ជា​ពិសេស ​បើ​មាន​ធ្លាក់​ស​មក​ជា​មួយ អាច​ជា​សញ្ញា​ឆ្លង​រោគ​បង្ក​ឡើង​ដោយ​ពពួក​ផ្សិត ឬមាន​ជំងឺ​ឆ្លង​បាក់តេរី​ក្នុង​ទ្វារ​មាស (Bacterial vaginosis)។ ប៉ុន្តែ​ បើយើង​បាន​សាក​ល្បង​គ្រប់​វិធី​រួច​ហើយ ​នៅ​តែ​មិន​អាច​បំបាត់​បញ្ហា​រមាស់​បាន អាច​បណ្ដាល​មក​ពីអាលែកហ្ស៊ី​​ស្បែក ដោយ​សារ​​សាប៊ូ ទឹក​អនាម័យ​ស្ត្រី​ ប្រតិកម្ម​ជា​មួយ​ខោ​ក្នុង​ក៏​ថា​បាន។

៥- ធ្លាក់សប្លែកខុសពីប្រក្រតី

គ្នា​យើង​ប្រហែល​ជា​ធ្លាប់​​ដឹង​ហើយ អាការៈ​ធ្លាក់​ស​ប្លែក​ខុស​ពី​ប្រក្រតី ​អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ជា​ច្រើន​រាប់​មិន​អស់។ ប៉ុន្តែ ក៏​មិន​ត្រូវ​ព្រួយ​បារម្ភ​នោះ​ដែរ ព្រោះវា​គ្រាន់​តែជា​បញ្ហា​កើត​ឡើង​ធម្មតា​រៀង​រាល់​ខែ។ មាន​ស្រី​ៗជា​ច្រើន ​មាន​ការ​ធ្លាក់​ស​ក្នុង​កម្រិត​ធម្មតា​ ​ត្រូវ​តែ​កើត​ឡើង​ជា​រៀង​រាល់​ខែ។ ប៉ុន្តែ​​បើ​មាន​ប្រែ​ពណ៌ខាប់​ជាង​មុន ឬ​មាន​ធំ​ក្លិន​អាក្រក់ ​ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លឿន។

៦- ឈឺចាប់ពេលនោម ឬពេលរួមភេទ

អាការៈ​ឈឺ​ចាប់​ក្នុង​ទ្វារ​មាស ឬ​ឈឺ​តាម​មាត់​ទ្វារ​មាស អាច​ជា​សញ្ញា​មួយ​របស់​ជំងឺ​កាម​រោគ ដូច​នេះ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ​បើ​បញ្ហា​មួយ​នេះ​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​លើស​ពី ២ ​ថ្ងៃ​ឡើង​ទៅ។ បើ​​វា​កើត​ឡើង​តែ​ម្ដង ឬ​ ២​ដង ​ក្រោយពេល​​រួម​ភេទ​រួច អាច​កើត​ឡើង​ដោយ​សារ​តែ​ទ្វារ​មាស​យើង​​ស្ងួត​ពេក ដូច​នេះ​​អាច​សាក​ល្បង​ប្រើ​ទឹក​រម្អិល​ជំនួយ​បន្ថែម​ពេល​រួម​ភេទនៅ​ពេល​​ក្រោយ ហើយ​ចាំ​សង្កេត​មើល​ភាព​ខុស​ប្លែក​គ្នា ឬអត់។

រួមភេទ Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ៖

  • របស់ទាំងអស់នេះ អាចប្រើនៅបរិវេណខាងក្រៅបាន តែហាមដាក់ចូលទ្វារមាស
  • តិចនិកធម្មជាតិ មានប្រសិទ្ធភាព ដោះស្រាយបញ្ហាស្ងួតទ្វារមាស

៧- មានអារម្មណ៍ស្ពឹកៗត្រង់តំបន់​ប្រដាប់​ភេទ

ជា​ធម្មតា ​ស្រីៗ​មិន​ត្រូវ​មាន​បញ្ហា​មួយ​នេះ​កើត​ឡើង​ជា​ប្រចាំ​ទេ ប៉ុន្តែ​វា​អាច​កើត​ឡើង​ច្រើន​សម្រាប់គ្នា​យើង​​ចូល​ចិត្ដ​ជិះ​កង់​ច្រើន ឬ​ចូល​ចិត្ដ​ធាក់​កង់​ហាត់​ប្រាណ។ ​បើ​គ្នា​យើង​​ចូល​ចិត្ដ​ជិះ​កង់​ច្រើនត្រូវ​តែ​ទិញ​កង់​​ល្អ មាន​កែប​ស្រួល​ជិះ​ និង​អាន​ការ​ណែ​នាំ​ ដើម្បី​ជៀស​វាង​ពី​បញ្ហា​ឈឺ​ត្រង់​តំបន់​សម្ងាត់​ដោយ​សារ​តែ​ការ​ធាក់​កង់។

៨- ទ្វារមាសស្ងួតពេក

បញ្ហា​ស្ងួត​ទ្វារ​មាស ​ភាគ​ច្រើន​កើត​តែ​លើ​​ស្រីៗ​មាន​អាយុ​ច្រើន​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​​មិន​មែន​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ដូចយើង​គិតទេ។ ការ​ពិត​ទៅ ​បញ្ហា​ស្ងួត​ទ្វារ​មាស ​ក៏​អាច​កើត​ឡើង​ក្រោយ​ពេល​ពពោះ ឬ​​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន​ ដូច​ជា​ថ្នាំ​អាលែកហ្ស៊ី ឬ​ថ្នាំ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ដ​ជា​ដើម។ បើ​យើង​​មាន​អារម្មណ៍​ថា ​ទ្វារ​មាស​ស្ងួតខ្លាំង​ទៀត​នោះ គួរ​សាក​ល្បង​ទិញ​ពពួក​ទឹក​រម្អិល​មក​ប្រើ ឬ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ ដើម្បី​រក​ដំណោះ​ស្រាយ​បន្ថែម។

៩- ឈឺចុកអួលនៅខាងក្នុង

អាការៈឈឺ​ចាប់​នៅ​ផ្នែក​ខាង​ក្នុង​របស់​ទ្វារ​មាស ពិសេស​ឈឺ​អំឡុង​ពេល​កំពុង​រួម​ភេទ អាច​ជា​បញ្ហា​ជំងឺ​ជាលិកា​ស្បូន​ដុះ​ខុស​កន្លែង (Endometriosis) ឬ​មាន​ដុំ​គីស​ក្នុង​ដៃ​ស្បូន។ គ្រូពេទ្យ​ នឹង​ធ្វើ​ការ​ពិនិត្យ​​ក្នុង​អាង​ត្រគាក ឬ​ឆ្លុះ​អេកូ​ ដើម្បី​រក​មើល​មូលហេតុ។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

9 Weird Vagina Issues—Solved! http://www.womenshealthmag.com/health/vaginal-issues. Accessed: 13 January 2017

កំណែ​ប្រែបច្ចុប្បន្ន

03/10/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 03, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម