ក្រោយសម្រាលកូនរួច ម៉ាក់ៗមិនទាន់មករដូវភ្លាមនោះទេ អ៊ីចឹងហើយបានជាមានស្រីៗមួយចំនួនតែងតែសួរញឹកញាប់ថា ក្រោយសម្រាលកូនរួច ពេលណាមករដូវវិញ? ពេលណាអាចរួមភេទបាន? ហើយត្រូវពន្យារកំណើតពេលណាដែរ?
ដើម្បីឲ្យអស់ចម្ងល់ទាំងនេះ Hello គ្រូពេទ្យ នឹងយកសំណួរដែលស្ត្រីសម្រាលកូនរួចតែងសួរញឹកញាប់ មកឲ្យលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បកស្រាយខាងក្រោមនេះ។
Hello គ្រូពេទ្យ៖ សម្រាលកូនរួច ពេលណាស្រីៗអាចមករដូវវិញ?
វេជ្ជបណ្ឌិត៖ ក្រោយសម្រាលកូនរួច ស្រ្តីអាចមានរដូវដូចធម្មតាវិញ នៅចន្លោះពី ១ខែកន្លះ-៣ខែ ឬយូរជាងនេះ អាស្រ័យទៅលើលក្ខខណ្ឌនៃការបំបៅដោះកូន។ បើស្រ្តីបំបៅដោះកូនកាន់តែយូរ ហើយញឹកញាប់ នោះអាចពន្យារការមករដូវកាន់តែយូរ អ្នកខ្លះអាច៦ខែ ឬ១ឆ្នាំក៏មានដែរ។
Hello គ្រូពេទ្យ៖ ពេលណាអាចរួមភេទបានវិញ?
វេជ្ជបណ្ឌិត៖ ជាទូទៅ ក្រោយសម្រាលអាអូនបាន៦សប្តាហ៍ គ្រូពេទ្យតែងតែណាត់ស្រ្តីឲ្យទៅជួបគ្រូពេទ្យម្តងទៀតដើម្បីពិនិត្យសុខភាព តើមានបញ្ហាអីអត់? ស្បូនត្រលប់មកធម្មតាវិញនៅ? ប្រសិនបើពិនិត្យមិនឃើញបញ្ហាអីនោះទេ ស្ត្រីអាចរួមភេទជាមួយដៃគូ ឬស្វាមីបានវិញហើយអំឡុងពេលនោះ។
Hello គ្រូពេទ្យ៖ ក្រោយសម្រាលរួច ពេលណាទើបអាចពន្យារកំណើតបាន?
វេជ្ជបណ្ឌិត៖ ដូចខ្ញុំបានលើកខាងលើនៅសំណួរទី២អ៊ីចឹង រយៈពេល៦សប្តាហ៍ក្រោយសម្រាលកូនរួច ពេទ្យណាត់ជួបស្ត្រីដើម្បីពិនិត្យសុខភាពហ្នឹង ហើយក៏ជាពេលដែលគ្រូពេទ្យណែនាំឲ្យប្រើមធ្យោបាយពន្យារកំណើតដែរ។ អ៊ីចឹងស្ត្រីអាចចាប់ផ្តើមពន្យារកំណើតពីពេលហ្នឹង ព្រោះជាពេលដែលស្ត្រីអាចនឹងចាប់ផ្តើមរួមភេទដែរ។
Hello គ្រូពេទ្យ៖ សម្រាលកូនរួច អត់ទាន់មករដូវ រួមភេទអាចកូនអត់?
វេជ្ជបណ្ឌិត៖ ទោះសម្រាលកូនបាន២ ៣ ឬ៤ខែ ហើយមិនទាន់មករដូវក៏ដោយ តែបើមានការរួមភេទ ដោយមិនបានការពារ ស្ត្រីអាចនឹងមានកូនបាន។ អ៊ីចឹងហើយត្រូវការពារប្រសើរជាង ចៀសវាងការមានកូនញឹកពេកដោយចៃដន្យ។
Hello គ្រូពេទ្យ៖ បើម៉ាក់ៗឲ្យកូនបៅដោះ ពេលណាមករដូវវិញ?
វេជ្ជបណ្ឌិត៖ មិនទៀងនោះទេ អាស្រ័យទៅលើលក្ខខណ្ឌដែលម៉ាក់ៗបំបៅកូន តើញឹកញាប់ និងទៀងទាត់ប៉ុនណា? បើម៉ាក់ៗបំបៅកូនបានទៀងទាត់ ហើយញឹកញាប់ទៀតហើយ ការពន្យារការមករដូវកាន់តែយូរ អាចពី៦ខែ ទៅ១ឆ្នាំ ឬលើសពីនេះ។
Hello គ្រូពេទ្យ៖ ពិតអត់ គេថាបំបៅដោះកូនអាចពន្យារកំណើតបាន?
វេជ្ជបណ្ឌិត៖ ជាទូទៅការបំបៅដោះកូន អាចពន្យារកំណើតបាន តែមិនមែនការពារបាន១០០% នោះទេ អ៊ីចឹងហើយទើបគ្រូពេទ្យណែនាំឲ្យប្រើមធ្យោបាយពន្យារកំណើតបន្ថែមទៀត ទោះជាស្ត្រីបំបៅដោះកូនក៏ដោយ។ អាចប្រើស្រោមក៏បាន លេបថ្នាំក៏បាន ឬក៏ដាក់កង និងមានវិធីច្រើនទៀត ម៉ាក់ៗអាចពិភាក្សាជាមួយគ្រូពេទ្យបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]