សម្រាប់ស្ត្រីដែលចង់ជ្រើសរើសមធ្យោបាយពន្យារកំណើតណាមួយឲ្យសក្ដិសម ពិតជាពិបាកបន្តិចហើយ ដោយសារត្រូវអាស្រ័យលើសុខភាពយើងផងដែរ។ មួយវិញទៀតខ្លាចប្រើវិធីពន្យារកំណើតមិនត្រូវនឹងសុខភាព បណ្ដាលឲ្យធាត់ ឬស្គមជាដើម។
វេជ្ជបណ្ឌិត ច័ន្ទ រស្មី បានឲ្យដឹងថា វិធីពន្យារកំណើតមានច្រើនប្រភេទណាស់ តែស្ត្រីមួយចំនួនបានអះអាងថា ប្រើមធ្យោបាយមួយនេះមិនត្រូវ មួយនោះមិនត្រូវ។ ក្នុងចំណោមមធ្យោបាយជាច្រើនលោកបានផ្ដល់ដំបូន្មានថា ដាក់កងក្នុងស្បូន ជាមធ្យោបាយពន្យារកំណើតសក្ដិសមនឹងស្ត្រីទូទៅ។
លោកវេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រី បានឲ្យបញ្ជាក់ថា មធ្យោបាយពន្យារកំណើតដោយដាក់កងក្នុងស្បូន ជួយការពារមិនឲ្យមានកូនរយៈពេលយូរ និងមិនធ្វើឲ្យយើងបារម្ភរឿងភ្លេចភ្លាំងដូចថ្នាំលេប និងថ្នាំចាក់ជាដើម។
មួយវិញទៀតមធ្យោបាយពន្យារកំណើតប្រភេទនេះមិនបណ្ដាលឲ្យយើងទៅជាធាត់ ឬស្គមឡើយ គឺសមស្របបំផុតហើយ។ ក្នុងចំណោមមធ្យោបាយពន្យារកំណើតជាង ១០ ប្រភេទ វិធីមួយនេះសក្ដិសម និងល្អចំពោះសុខភាព ដែលស្ត្រីគួរពិចារណា។
ចំពោះអត្ថប្រយោជន៍នៃកងដាក់ក្នុងស្បូន គឺមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការពន្យារកំណើត មិនរំខានដល់ការរួមភេទ អាចមានកូននៅពេលដែលយកកងចេញវិញ និងមិនមានការយឺតយ៉ាវក្នុងការមានកូន ឡើយក្រោយពីដោះកងចេញ អាចពន្យារកំណើតយ៉ាងហោចណាស់១០ឆ្នាំ មានតម្លៃថោក មិនមានផលរំខានដោយសារជាតិអ័រម៉ូន និងសមស្របសម្រាប់ស្ត្រីដែលកំពុងបំបៅដោះកូន។
[embed-health-tool-ovulation]