backup og meta

មាន​តែ​២វិធី​​នេះ​ប៉ុណ្ណោះ ​​ការពារ​​មិន​ឲ្យ​មាន​ផ្ទៃពោះ​​អស់​១​ជីវិត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 13, 2019

    មាន​តែ​២វិធី​​នេះ​ប៉ុណ្ណោះ ​​ការពារ​​មិន​ឲ្យ​មាន​ផ្ទៃពោះ​​អស់​១​ជីវិត

    មាន​វិធី​ច្រើន​ណាស់​ដើម្បី​ការពារ​ការ​មាន​កូន ដែល​វិធី​ទាំង​នោះ​មាន​ទាំង​តាម​បែប​ធម្មជាតិ និង​វិទ្យាសាស្ត្រ ដែល​គេ​ហៅ​ថា មធ្យោបាយ​ពន្យារ​កំណើត​តាម​បែប​ទំនើប។ ​មធ្យោបាយ​ពន្យារ​កំណើត​បែប​ទំនើប មាន​ដូច​ជា ប្រើ​ស្រោម​អនាម័យ លេប​ថ្នាំ ចាក់​ថ្នាក់ ដាក់​កង​ក្រោម​ស្បែក ដាក់​កង​ក្នុង​ស្បូន ចង​ដៃ​ស្បូន និង​ចង​បំពង់​មេ​ជីវិត​ឈ្មោល។

    ក្នុង​ចំណោម​មធ្យោបាយ​ពន្យារ​កំណើត​ទាំង​អស់​ខាង​លើ​នេះ មាន​តែ ២ វិធី​ប៉ុណ្ណោះ ដែល​អាច​ការពារ​កំណើត​អស់​មួយ​ជីវិត​បាន គឺ​ការ​ចង​ដៃស្បូន និង​ការ​ចង​បំពង់​មេ​ជីវិត​ឈ្មោល។ នេះ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

    អត្ថបទពាក់ព័ន្ធ៖ ពន្យារ​​កំណើតតាមធម្មជាតិ ​មានតែ២នេះទេ ឯ​ភាគរយ​បរាជ័យ​ខ្ពស់

    ១- ចង​ដៃ​ស្បូន

    ការ​ចង​ដៃ​ស្បូន​ជា​វិធីសាស្ត្រ​បញ្ឈប់​ការ​មាន​ផ្ទៃពោះ​អស់​មួយ​ជីវិត។ ចង​ដៃ​ស្បូន​ជា​ការ​វះកាត់​ចង​ផ្តាច់​ដៃស្បូន​របស់​ស្រីៗ ដើម្បី​បង្ការ​កុំ​ឲ្យ​មេ​ជីវិត​ញី និង​មេ​ជីវិត​ឈ្មោល​ទៅ​ជួប​គ្នា។ ចំពោះ​ស្រីៗ​ដែល​ចង​ដៃ​ស្បូន​រួច​នៅ​តែ​មាន​ឈាម​រដូវ​ធម្មតា មិន​រំខាន​ដល់​ជីវិត​ផ្លូវភេទ​នោះ​ទេ។

    ២- ចង​បំពង់​មេ​ជីវិត​ឈ្មោល

    ដូចគ្នា​ទៅ​នឹង​ការ​ចង​ដៃ​ស្បូន​ដែរ គ្រាន់​តែ​ការ​វះ​កាត់​ចង​បំពង់​មេ​ជីវិត​ឈ្មោល​ធ្វើ​ឡើង​ទៅ​លើ​បុរស ដែល​គេ​តែង​ហៅ​ថា​គ្រៀវ​នោះ។ វិធី​មួយ​នេះ​កាត់​ផ្តាច់​បំពង់​តូចៗ ធ្វើ​ឲ្យ​មេជីវិត​ឈ្មោល​មិន​អាច​ចេញ​ពី​ពង​ស្វាស​ទៅ​បង្ក​កំណើត​ជាមួយ​មេ​ញី​បាន​ទេ។

    អត្ថបទពាក់ព័ន្ធ៖ មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន មក​​ដឹង​​ពី​ប្រសិទ្ធភាព​តាម​ប្រភេទ​​​នីមួយៗ

    ទោះ​យ៉ាង​ណា​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា វិធី ២ នេះ កម្រ​មាន​គ្រូពេទ្យ​ណែនាំ​ឲ្យ​ជ្រើស​រើស​ណាស់ លុះ​ត្រា​តែ​ប្តី​ប្រពន្ធ​​សម្រេច​ចិត្ត​ច្បាស់ និង​មាន​បញ្ហា​មួយ​ចំនួន​ខាង​ក្រោម​នេះ៖

    – អាយុ​ច្រើន និង​មាន​កូន​ច្រើន

    – មាន​ជំងឺ​នៅ​តំបន់​ដៃ​ស្បូន ឬ​ពងស្វាស

    – ស្ទះ ឬត្បៀត ដៃស្បូន ឬបំពង់មេជីវិត

    – ធ្លាប់​សម្រាល​ដោយ​វះកាត់ ២ ឬ​៣​ដង​រួច​មក​ហើយ

    – មាន​គ្រួសារ​មួយ​ពេញ​លេញ សម្រេច​ចិត្ត​ឈប់​យក​កូន​បន្ត​ទៀត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 13, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម