backup og meta

ស្រោមអនាម័យបុរស ឬស្ត្រី មួយណា​ស្រួលប្រើ មានប្រសិទ្ធភាព​ជាង?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 15, 2020

    ស្រោមអនាម័យបុរស ឬស្ត្រី មួយណា​ស្រួលប្រើ មានប្រសិទ្ធភាព​ជាង?

    មធ្យោបាយ​ពន្យារ​កំណើត​គឺ​មាន​ច្រើន ហើយ​ក្នុង​ចំណោម​នោះ​ការ​ប្រើ​​ស្រោម​អនាម័យក៏​ជា​មធ្យោ​បាយ​មួយ​ដែរ​។ គ្នាយើង​អាច​ដឹង​ហើយ​ថា​ស្រោម​អនាម័យ​មាន​ទាំង​សម្រាប់​បុរស និង​ស្ត្រី​ ដែល​នេះ​ធ្វើ​ឲ្យ​មាន​ការ​ចោទ​ជា​សំណួរ​ឡើង​​ថា​ស្រោម​អនាម័យ​បុរស និង​ស្រោម​អនាម័យ​ស្ត្រី តើ​មួយ​ណា​មាន​ប្រសិទ្ធភាព​ជាង​?​

    ស្រោម​អនាម័យ​ទាំង​ពីរ​ប្រភេទ​នេះ​គឺ​សុទ្ធ​តែ​ជា​មធ្យោបាយ​ពន្យារកំណើត និង​ការពារ​ជំងឺ​កាម​រោគ​ផ្សេងៗ ប៉ុន្តែ​ស្រោម​អនាម័យ​​ទាំង​ពីរ​នេះ​មាន​ភាព​ខុសគ្នា​មួយ​ចំនួន​ដែរ។ ស្រោម​អនាម័យ​បុរស​ត្រូវ​យក​ចេញ​ភ្លាមៗ​បន្ទាប់​ពី​បញ្ចេញ​ទឹក​កាម​ហើយ ចំណែក​ឯ​ស្រោម​អនាម័យ​ស្ត្រី​គឺ​មិន​ចាំ​បាច់​យក​ចេញ​ភ្លាមៗ​ទេ។ ស្រោមអនាម័យ​បុរស​ធ្វើ​ពី​សារធាតុ​ឡាតិច (Latex) ដែល​អាច​ខូច​ប្រសិនជា​រក្សា​ទុក​មិន​បាន​ត្រឹមត្រូវ ប៉ុន្តែ​សម្រាប់​ស្រោម​អនាម័យ​ស្ត្រី​គឺ​មិន​ងាយ​បាត់បង់​គុណភាព​ដោយសារ​សីតុណ្ហភាព និង​សំណើម​ទេ។ ម៉្យាងទៀត ស្រោមអនាម័យ​ស្ត្រី​អាច​ដាក់​ចូល​ក្នុង​ទ្វារមាស​បាន​រហូត​ដល់​៨ម៉ោង​មុន​នឹង​មាន​អីៗ​​នឹង​គ្នា។

    ភាគច្រើន គេ​តែង​ប្រើ​ស្រោមអនាម័យ​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ផ្ទៃពោះ ហើយ​ស្រោមអនាម័យ​ទាំង​ពីរ​ប្រភេទ​នេះ​សុទ្ធ​តែ​អាច​ការពារ​កុំ​ឲ្យ​ទឹក​កាម​ហូរ​ចូល​ក្នុង​ទ្វារ​មាស​បាន។ ប៉ុន្តែ​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​ស្រោមអនាម័យ​បុរស​គឺ​មាន​ប្រសិទ្ធភាព​ជាង​ក្នុង​ករណី​នេះ។ យោង​តាម​ការ​សិក្សា​ជាច្រើន​ នៅ​ពេល​ប្រើ​ស្រោមអនាម័យ​ស្ត្រី​ អត្រា​អាច​មាន​ផ្ទៃ​ពោះគឺ​​ ២១% បើ​ធៀប​នឹង​ការ​ប្រើ​ស្រោមអនាម័យ​បុរស​គឺ​មាន​តែ​១៤%​ ប៉ុណ្ណោះ។ មូលហេតុ​ដែល​ស្រោមអនាម័យ​បុរស​មាន​ប្រសិទ្ធភាព​ជាង​គឺ​មក​ពី​ការ​ប្រើប្រាស់​ស្រោមអនាម័យ​បុរស​មាន​ភាព​ងាយស្រួល​ជាង។ ការ​ដាក់​ស្រោមអនាម័យ​ស្ត្រី​ទៅ​ក្នុង​ទ្វារមាស​មាន​ការ​លំបាក​ និង​កង​របស់​ស្រោមអនាម័យ​អាច​នឹង​ដាក់​មិន​ដល់​មាត់​ស្បូន។

    ក្រៅពី​ការ​​ការពារ​មិនឲ្យ​​មាន​ផ្ទៃពោះ ស្រោមអនាម័យ​ក៏​មាន​មុខងារ​សំខាន់​មួយ​ទៀត​គឺ​ការពារ​មិន​ឲ្យ​ឆ្លង​ជំងឺ​កាមរោគ​ដូចជា​ជំងឺរើម ប្រមេះទឹកបាយ ជំងឺអេដស៍ និង​ជំងឺ​រលាក​ថ្លើម​ជាដើម។ បើ​និយាយ​ពី​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជំងឺ​កាមរោគ​ស្រោមអនាម័យ​បុរស​គឺ​មាន​ប្រសិទ្ធភាព​ជាង នេះ​មក​ពី​ការ​ប្រើប្រាស់​ស្រោមអនាម័យ​ស្ត្រី​អាច​មាន​ហានិភ័យ​មួយ​ចំនួន​ដូចជា​រហែក របូត​ ឬ​លិង្គ​​​អាច​ភ្លាត់​ចូល​ចន្លោះ​រវាង​ស្រោម​អនាម័យ​ និង​​ជញ្ជាំង​​ទ្វារ​មាស។

    ជារួម ស្រោមអនាម័យ​បុរស និង​ស្រោមអនាម័យ​ស្ត្រី​សុទ្ធតែ​អាច​ការពារ​កុំ​ឲ្យ​មាន​ផ្ទៃពោះ និង​ជំងឺ​កាម​រោគ​ផ្សេងៗ ប៉ុន្តែ​ស្រោមអនាម័យ​បុរស​គឺ​មាន​ប្រសិទ្ធភាព​ជាង​ស្រោម​អនាម័យ​ស្ត្រី។ គួរ​បញ្ជាក់​​ដែរ​ថា​ស្រោមអនាម័យ​ទាំង​ពីរ​មិន​អាច​ប្រើ​ក្នុង​ពេល​តែ​មួយ​ទេ ហើយ​ស្រោមអនាម័យ​ទាំង​ពីរ​ប្រភេទ​គឺ​ប្រើ​បាន​តែ​ម្ដង​ប៉ុណ្ណោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម