ធ្លាប់សុខៗរមាស់ស្បែកខ្លាំង ពិសេសនៅលើថ្ងាសកន្លែងពិសេសសម្ងាត់អត់? បើធ្លាប់ ច្បាស់មានឆ្លងចៃម្យ៉ាងហើយ តែមិនមែនដូចចៃលើក្បាលទេ កុំច្រឡំ។ ជំងឺស្បែកនេះ ហៅថា Scabies គឺកើតឡើងដោយសារចៃម្យ៉ាងតូចខ្លាំង ធម្មតាយើងមើលអត់ឃើញទេ ណាមួយងាយឆ្លងតាមការរួមភេទទៀតផង។ “Hello គ្រូពេទ្យ’ នឹងប្រាប់រោគសញ្ញា វិធីបង្ការជំងឺចៃនេះឲ្យគ្នាយើងបានដឹង។
១- អ្វីទៅជាជំងឺចៃលើស្បែក Scabies?
Scabies សំដៅលើបញ្ហាស្បែកម្យ៉ាង ដែលនៅលើស្បែកយើងមានសភាពរមាស់ខ្លាំង ហើយបញ្ហានេះកើតឡើងនៅពេលមានប៉ារ៉ាស៊ីតតូចមួយ ឈ្មោះថា Sarcoptes scabies បានទម្លាក់ពងលើស្បែកយើង និងធ្វើឲ្យរលាកស្រទាប់ស្បែកខាងលើ នាំឲ្យស្បែករមាស់ និងក្រហាយបាន។ ដោយសារតែចៃទាំងនោះមានទំហំតូចពេក ធម្មតាមិនងាយមើលវាឃើញដោយភ្នែកទទេឡើយ។
២- ជំងឺចៃលើស្បែកឆ្លងតាមវិធីណា?
ចៃប្រភេទនេះ អាចឆ្លងតាមរយៈការប៉ះស្បែកជាមួយស្បែកនរណាម្នាក់មានផ្ទុកវា ជាទូទៅវាកើតឡើងនៅពេលយើងរួមភេទ និងរស់នៅស្និទ្ធស្នាលជាមួយដៃគូ មានផ្ទុកពពួកចៃនេះរយៈពេលយូរ។ ទោះបី យើងភាគច្រើនឆ្លងចៃ នៅពេលរួមភេទក្ដី តែវាក៏អាចឆ្លងដោយកត្តាផ្សេងទៀតបានដូចគ្នា។
ចៃនេះ អាចឆ្លងពីម្នាក់ទៅម្នាក់ទៀត ដែលរស់នៅក្នុងផ្ទះជាមួយគ្នា ហើយគេបានរកឃើញមានវត្តមានរបស់វានៅតាមកន្លែងមានមនុស្សច្រើន ជាពិសេសកន្លែងមើលថែទាំចាស់ៗ ពន្ធនាគារ និងកន្លែងថែទាំក្មេង ជាដើម។ ប្រើប្រាស់របស់រួមគ្នា ដូចជា ខោអាវ កន្សែង ឬគេងគ្រែជាមួយគ្នា យើងកើតរោគចៃនេះ សុទ្ធតែអាចឆ្លងបានគ្រប់ពេល។ យ៉ាងណា បើគ្រាន់តែប៉ះសាច់គ្នាមួយភ្លែត ចាប់ដៃ ឬឱបគ្នាបន្តិច មិនអាចឆ្លងចៃបានទេ។ អត្រាអាចឆ្លងចៃពីកន្លែងបង្គន់សាធារណៈ ក៏មានកម្រិតទាបដូចគ្នា ហើយជាទូទៅយើងងាយឆ្លងចៃប្រភេទនេះ លុះត្រាតែរស់នៅស្និទ្ធស្នាលខ្លាំងជាមួយដៃគូមានចៃ ពិសេសពេលរួមភេទតែម្តង។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗស្លៀកខោរឹបៗ ហើយច្រឹបស្មៅកន្លែងសម្ងាត់ អាចជួបរឿងស៊យ
- ដឹងមូលហេតុបង្ក និងរោគសញ្ញា ទើបការពារខ្លួនពីមេរោគ HPV
៣- រោគសញ្ញាឆ្លងចៃលើស្បែក
នៅពេលយើងមានឆ្លងចៃប្រភេទនេះ អាចនឹងលេចចេញអាការៈមួយចំនួនដូចជា៖
– រមាស់ស្បែកខ្លាំងនៅពេលយប់ ឬក្រោយពេលងូតទឹកក្ដៅរួច
– មានខ្សែឆ្នូតពណ៌សនៅក្រោមស្បែក
– មានឡើងក្រហម និងកន្ទួលនៅស្រទាប់ស្បែកខាងលើ
– មានកន្ទួលនៅលើប្រដាប់ភេទ ឬនៅស្បែកគូទ ជង្គង់ នៅតាមចង្កេះ ដើមដៃ កដៃ និងនៅតាមចន្លោះម្រាមដៃជាដើម។
៤- វិធីព្យាបាល
វិធីព្យាបាលចៃប្រភេទនេះ ត្រូវប្រើថ្នាំ Scabicide។ ថ្នាំនេះត្រូវបានផលិតឡើងជាពិសេស សម្រាប់សម្លាប់ចៃប្រភេទនេះ ជាប្រភេទថ្នាំលាបលើស្បែក អាចយកមកដុសតាមដងខ្លួន ហើយលាងសម្អាតចេញវិញ នៅប៉ុន្មានម៉ោងក្រោយ។ ក្នុងករណីខ្លះ យើងក៏អាចប្រើថ្នាំគ្រាប់បន្ថែមបានដែរ។
ក្រៅពីការប្រើថ្នាំ ត្រូវលាងសម្អាត ឬសម្ងួតកន្លែងគេង កន្សែង និងខោអាវទុកចោលនៅក្នុងទូ។ បើយើងមានរបស់ខ្លះមិនអាចយកវាមកលាងសម្អាតបាន ត្រូវយករបស់ទាំងអស់នោះ ច្រកទុកក្នុងថង់ឲ្យបានយ៉ាងហោចណាស់ក៏បាន ៣ ថ្ងៃ ដើម្បីឲ្យចៃ និងពងរបស់វាងាប់សិន។ មិនចាំបាច់ត្រូវហៅក្រុមកម្ចាត់សត្វល្អិត នាំតែខាតលុយនោះទេ ប៉ុន្តែត្រូវបោសសម្អាត ឬប្រើម៉ាស៊ីនបឺតធូលី សម្អាតតាមកម្រាល និងគ្រឿងសង្ហារឹមក្នុងផ្ទះ រូចហើយយកសម្រាមទាំងអស់ទៅបោះចោលឲ្យបានត្រឹមត្រូវ។
បើលើស្បែកយើងមានផ្ទុកចៃ ក៏គួរប្រាប់ដៃគូ ឬសមាជិកគ្រួសារ ជិតស្និទ្ធជាមួយយើងទទួលការព្យាបាលផង បែបនេះទើបគឺអាចទប់ស្កាត់មិនឲ្យចៃឆ្លងទៅវិញទៅមកបាន។ មិនគួររួមភេទជាមួយដៃគូ អំឡុងពេលដឹង ឬសង្ស័យមានឆ្លងចៃនោះឡើយ គួររង់ចាំការព្យាបាលបានចប់សព្វគ្រប់សិន។ ករណីខ្លះ ទោះព្យាបាលចប់រយៈពេល ២-៣ សប្តាហ៍ហើយក្តី យើងប្រហែលជាអាចនៅមានអារម្មណ៍រមាស់ ប៉ុន្តែបើអ្នកនៅតែមានអារម្មណ៍រមាស់ ឬរមាស់ខ្លាំងលើសដើម ឬឃើញឡើងកន្ទួលនៅកន្លែងផ្សេង គួរប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាលម្ដងទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]