ពេលនិយាយការដល់សិក្សារៀនសូត្រ ច្បាស់ជាយើងត្រូវគិតដល់ខួរក្បាល និងភ្នែកមុនដំបូងគេហើយ ព្រោះកាលណាតែភ្នែកភ្លឺច្បាស់ ខួរក្បាលល្អ ងាយនឹងចងចាំ រៀនក៏ឆាប់ចេះដែរ។ ចុះធ្វើម៉េចឲ្យខួរក្បាល និងភ្នែក វ័យជំទង់ដែលកំពុងពេញរៀននេះលូតលាស់បានល្អ?
តាមរយៈការសម្ភាសជាមួយវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ ពេលកន្លង លោកបានបញ្ជាក់ថា ការសិក្សាស្រាវជាច្រើនរកឃើញថា អាហារ ឬវីតាមីន ដែលមានសមាសធាតុ DHA ដើរតួនាទីសំខាន់ក្នុងជួយរំញោចដល់ខួរក្បាល ធ្វើឆ្លាតវាងវៃ ឯភ្នែកក៏ភ្លឺច្បាស់។
ក្នុងការសិក្សាទាំងនោះក៏បានបញ្ជាក់ទៀតថា អាស៊ីដខ្លាញ់ល្អ Omega-3 ជាប្រភពដើមដែលផ្តល់នូវ DHA ហើយវាសម្បូរនៅក្នុងសាច់ត្រីសមុទ្រ ដូចជាត្រីសាលម៉ុន ត្រីធូណា ឬបង្គាធំៗ និងមួយផ្នែកតូចមានក្នុងសាច់ ស៊ុត សណ្តែក គ្រាប់ធញ្ញជាតិជាដើម។
ទាក់ទងនឹងអត្ថប្រយោជន៍វិញ DHA ផ្តល់អត្ថប្រយោជន៍ចំពោះមនុស្សគ្រប់វ័យ មិនថា កូនក្មេង វ័យជំទង់ ស្ត្រីមានផ្ទៃពោះ ឬក៏មនុស្សចាស់នោះទេ តែទោះជាបែបនេះក្តី ដោយសារតែវ័យជំទង់ជាវ័យដែលខួរក្បាលសកម្មនោះ យើងជាឪពុកម្តាយ គួរតែគិតគូរបំពេញ DHA ឲ្យកូនឲ្យបានគ្រប់គ្រាន់។ ផ្ទុយទៅវិញបើវ័យជំទង់ខ្វះ DHA បញ្ញាស្មារតីសម្រាប់ផ្ចង់លើសិក្សានឹងចុះខ្សោយជាលំដាប់។
ក្រៅពីជួយដល់ការលូតលាស់ខួរក្បាល និងភ្នែក អាស៊ីដខ្លាញ់អូមេហ្គា ៣ មានប្រយោជន៍ចំពោះជំងឺបាក់ទឹកចិត្ត និងថប់អារម្មណ៍ ឲ្យធូរស្រាលឡើងវិញ មានប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពនឿយហត់ផ្លូវចិត្ត រសាប់រសល់នៅមិនសុខ តានតឹងអារម្មណ៍ និងបញ្ហាសរសៃប្រសាទដទៃទៀត។
[embed-health-tool-bmi]