ការសិក្សាមួយបានបញ្ជាក់ថាការញ៉ាំសាច់ត្រី ឬសាច់សត្វដែលមានសំបកអាចជួយដល់ស្ត្រីវ័យចំណាស់ទទួលបានអាស៊ីដខ្លាញ់អូមេហ្គា ៣ ដើម្បីប្រឆាំងនឹងផលប៉ះពាល់ដោយខ្យល់ពុលមកលើខួរក្បាល។
បើយោងតាមការចេញផ្សាយនៅក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្ររបស់វិទ្យាស្ថានផ្នែកសរសៃប្រសាទសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៥ ខែកក្កដា បញ្ជាក់ថាអាស៊ីដខ្លាញ់អូមេហ្គា៣អាចប្រឆាំងនឹងការរលាក និងរក្សារចនាសម្ព័ន្ធខួរក្បាលនៅពេលចាស់ទៅ។ អាស៊ីដខ្លាញ់នេះក៏ជួយកាត់បន្ថយការខូចខាតខួរក្បាលបណ្ដាលមកពី neurotoxin ដូចជាជាតិសំណ និងបារតជាដើម ។ អ្នកវិទ្យាសាស្ត្របានសិក្សាថាតើអាស៊ីដខ្លាញ់អូមេហ្គា៣អាចមានប្រសិទ្ធភាពប្រឆាំងនឹង neurotoxin ដែលជាបំណែកតូចៗមានក្នុងខ្យល់ពុល និងបានរកឃើញពីអត្ថប្រយោជន៍អាស៊ីដខ្លាញ់អូមេហ្គា៣មកពីការញ៉ាំត្រីអាចរក្សាចំណុចពណ៌សរបស់ខួរក្បាល និងទំហំ hippocampus នៅពេលស្ត្រីចាស់ទៅ និងអាចការពារពីឥទ្ធិពលជាតិពុលនៃខ្យល់ពុល។
ការសិក្សានេះគឺសង្កេតលើស្ត្រីជាង៧០នាក់ដែលរស់នៅតំបន់មានការបំពុលខ្យល់កម្រិតខ្ពស់ ហើយអ្នកដែលមានកម្រិតអាស៊ីដខ្លាញ់អូមេហ្គា៣ក្នុងឈាមទាបមានការថយចុះថាមពលខួរក្បាលច្រើន។ ដើម្បីធ្វើការសិក្សានេះ អ្នកស្រាវជ្រាវបានគណនាទៅលើបរិមាណត្រីដែលស្ត្រីបានញ៉ាំជាមធ្យមរាល់សប្ដាហ៍ ពិនិត្យមើលបរិមាណអាស៊ីដខ្លាញ់អូមេហ្គា៣នៅក្នុងខ្លាញ់ និងកំណត់ចំនួនជាមធ្យមដែលស្ត្រីទាំងនោះស្រូបយកខ្យល់ពុលក្នុងរយៈពេល៣ឆ្នាំ។ បន្ទាប់ពីនេះគេបានស្កេនមើលខួរក្បាលអ្នកចូលរួមដើម្បីវាស់ទំហំតំបន់ hippocampus ដែលជាផ្នែករបស់ខួរក្បាលទាក់ទងទៅនឹងការចងចាំ និងចំណុចពណ៌ស (White matter) នៃខួរក្បាលដែលជាទីតាំងជួយបញ្ជូនសញ្ញាឆ្លងកាត់ខួរក្បាល។
លោក Cheng Chen អ្នកដឹកនាំការសិក្សានេះបានលើកឡើងថាស្ត្រីវ័យចំណាស់រស់នៅតំបន់ដែលមានការបំពុលខ្យល់ខ្លាំងមានចំណុចពណ៌សនៃខួរក្បាលតិច។ ការបាត់បង់ទំហំខួរក្បាល និងចំណុចពណ៌សទាំងនេះគឺជារឿងធម្មតានៅពេលចាស់ទៅ ប៉ុន្តែការបំពុលបរិស្ថានក៏អាចជាមូលហេតុបង្កបញ្ហានេះដូចគ្នា។ នេះមកពីបំណែកតូចៗក្នុងខ្យល់គឺជា neurotoxin ដែលមិនល្អសម្រាប់ខួរក្បាល។
ទោះបីជាគេមិនដឹងច្បាស់ថាមូលហេតុអ្វីបានជាខ្យល់ពុលអាចប៉ះពាល់ដល់មុខងារខួរក្បាល ប៉ុន្តែការសិក្សាពីមុនបានរកឃើញថាក្រោយពីចូលទៅក្នុងសួត ជាតិពុលទាំងនោះអាចនឹងបញ្ជូនទៅកាន់ខួរក្បាលតាមរយៈលំហូរឈាម។ ជាតិពុលទាំងនេះអាចចូលទៅកាន់ខួរក្បាលទោះបីជាខួរក្បាលមានរបាំងការពារជាតិពុលមានក្នុងលំហូរឈាមក៏ដោយ ដែលនេះមកពីបំណែកជាតិពុលទាំងនោះមានទំហំតូច និងពេលចូលទៅខួរក្បាលអាចបង្កឲ្យមានការរលាកសរសៃប្រសាទ ឬការធ្លាក់ចុះនៃការគិត។
សាច់ត្រីដែលដុត ឬអាំងដូចជាត្រីសាល់ម៉ុន ត្រីសាឌីន ត្រីធូណា ឬត្រី mackerel គឺជាប្រភពដ៏ល្អនៃអាស៊ីដខ្លាញ់អូមេហ្គា៣។ យ៉ាងណាមិញ ការសិក្សាពីមុនបានឲ្យដឹងថាសាច់ត្រីបំពងអាចបំផ្លាញអាស៊ីដខ្លាញ់អូមេហ្គា៣បាន។
[embed-health-tool-bmi]