ជាការពិតណាស់ការមានសុខភាពល្អ គឺជារឿងសំខាន់ណាស់សម្រាប់មនុស្សយើង។ វ័យកាន់តែចាស់ យើងក៏ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាសុខភាព ដោយយើងត្រូវរក្សារបបអាហារត្រឹមត្រូវ ដើម្បីកាត់បន្ថយការប្រឈមនឹងជំងឺផ្សេងៗ។
មនុស្សវ័យចំណាស់អាចនឹងមានជំងឺច្រើនជាងអ្នកនៅវ័យក្មេង។ ដូចនេះការធ្វើលំហាត់ប្រាណទៀងទាត់ និងញ៉ាំអាហារមានជីវជាតិគ្រប់គ្រាន់ នឹងជួយបង្កើនថាមពលដល់មនុស្សវ័យចំណាស់។
អង្គការសុខភាពពិភពលោក បានលើកឡើងថាមនុស្សវ័យចំណាស់គឺតែងជួបបញ្ហាខ្វះសារធាតុចិញ្ចឹមជាក់លាក់ណាមួយ ហើយជំងឺដែលកើតលើមនុស្សវ័យចំណាស់ភាគច្រើនកើតចេញពីកត្តារបបអាហារ។ ខាងក្រោមនេះជាប្រភេទអាហារល្អសម្រាប់មនុស្សវ័យចំណាស់។
១. ប៉េងប៉ោះ
សារធាតុ lycopene ក្នុងផ្លែប៉េងប៉ោះ ជួយការពារមនុស្សវ័យចំណាស់ប្រឆាំងនឹងជំងឺមហារីកក្រពេញប្រូស្តាត និងកាត់បន្ថយការប្រឈមនឹងជំងឺមហារីកសួត។ ការដាក់បញ្ចូលប៉េងប៉ោះទៅក្នុងរបបអាហារ អាចជួយរាងកាយយើងឲ្យមានសុខភាពល្អ។
២. គ្រាប់ផ្លែឈើ
គ្រាប់ផ្លែឈើ គ្រាប់ស្វាយចន្ទី គ្រាប់ almonds គ្រាប់ walnuts និងសណ្ដែកដី ជាដើម គឺសម្បូរទៅដោយជាតិសរសៃ ប្រូតេអ៊ីន ម៉ាញ៉េស្យូម និងអូមេហ្គា ៣ ដែលល្អចំពោះសុខភាពបេះដូង។ គ្រាប់ផ្លែឈើទាំងនេះក៏ជួយភ្នែកឲ្យនៅភ្លឺល្អ និងជួយប្រឆាំងនឹងការវិវត្តជាភ្នែកឡើងបាយ។ មនុស្សវ័យចំណាស់ អាចញ៉ាំគ្រាប់ផ្លែឈើទាំងនេះជាអាហារសម្រន់ ឬពេលមានអារម្មណ៍ថាឃ្លានជាដើម។
៣. ផ្លែប៉ោម
គ្នាយើងទំនងជាធ្លាប់ឮហើយថាញ៉ាំផ្លែប៉ោមមួយផ្លែរាល់ថ្ងៃអាចជួយយើងមិនសូវទៅជួបពេទ្យ។ សម្រាប់មនុស្សវ័យចំណាស់ញ៉ាំផ្លែប៉ោមអាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និងកូលេស្តេរ៉ូលឲ្យនៅកម្រិតល្អ។ ជាតិសរសៃនៅក្នុងផ្លែប៉ោម អាចជួយបញ្ចុះកូលេស្តេរ៉ូល និងបន្ថយការឡើងជាតិស្ករ។ ផ្លែប៉ោមក៏ផ្ដល់ឲ្យយើងនូវប៉ូតាស្យូម សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ផងដែរ។
៤. សូកូឡាខ្មៅ
សូកូឡាខ្មៅសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយការប្រឈមនឹងបញ្ហាគាំងបេះដូង បញ្ចុះសម្ពាធឈាម និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ បន្ថែមពីនេះ ការសិក្សាមួយរបស់សាកលវិទ្យាល័យL’Aquila នៅប្រទេសអ៊ីតាលី បានរកឃើញថាសារធាតុគីមីនៅក្នុងសូកូឡាខ្មៅ ឈ្មោះថា flavanol អាចប្រឆាំងនឹងផលរំខានពីការគេមិនគ្រប់គ្រាន់ និងក៏អាចជួយដល់អ្នកមានបញ្ហាក្នុងការគេងផងដែរ។
[embed-health-tool-bmi]