១- និយមន័យ
អ្វីទៅជាជំងឺដំបៅមាត់?
ដំបៅក្នុងមាត់ (Canker sore) គឺជាដំបៅដែលច្រើនវិវត្តន៍នៅលើជាលិកាទន់នៅក្នុងមាត់ ឬ នៅគល់អញ្ចាញ។ ដំបៅប្រភេទនេះ ច្រើនធ្វើឲ្យឈឺចាប់ និងធ្វើឲ្យអ្នកមានអារម្មណ៍ពិបាកក្នុងការញ៉ាំឬនិយាយ។ តែទោះជាយ៉ាងនេះក្ដី ដំបៅនេះមិនមែនជាជំងឺឆ្លងឡើយ ហើយវាអាចកើតមានតែមួយ ឬពីរបីប៉ុណ្ណោះ។
ជំងឺនេះអាចនឹងងាយកើតឡើងចំពោះនរណាម្នាក់ ប៉ុន្តែយុវវ័យនិងមនុស្សវ័យក្មេង គឺងាយកើតមានបញ្ហានេះច្រើនជាងគេ ជាពិសេសគឺចំពោះមនុស្សស្រីតែម្ដង។ ដំបៅក្នុងមាត់ស៊ាំញ៉ាំ (Complex canker sore) គឺកម្រកើតមានណាស់ ប៉ុន្តែមនុស្សដែលមានបញ្ហាដំបៅមាត់ពីមុន គឺងាយនឹងមានបញ្ហានេះច្រើនជាងគេ។
គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដរបស់វានៅឡើយទេ តែអ្នកជំនាញជឿថានេះជាបញ្ហាប្រព័ន្ធការពាររាងកាយ បាក់តេរី ឬវីរុស អាចជាមូលហេតុដែលនាំឲ្យមានជំងឺនេះ។ ក្នុងករណីខ្លះ ការដាច់រហែកបែកបាក់ជាលិកាទន់នៅក្នុងមាត់ក៏អាចបង្កឲ្យមានដំបៅក្នុងមាត់ដូចគ្នា។
តើវាមានរោគសញ្ញាដូចម្ដេចដែរ?
វាកើតឡើងនៅក្នុងមាត់ ហើយអ្នកជំងឺនឹងមានអារម្មណ៍ស្ពឹកចាក់ជីបៗ និងក្រហាយនៅរយៈពេលមួយឬពីរថ្ងៃមុននឹងដំបៅលេចចេញរូបរាងឡើង។ ដំបៅប្រភេទនេះភាគច្រើន គឺមានរួបរាងមូលឬពងក្រពើ និងមានពណ៌ស ពណ៌លឿងនៅកណ្ដាលជាមួយនឹងពណ៌ក្រហមនៅជុំវិញ។ ដូចគ្នានេះដែរ ការរលាកនេះបណ្ដាលឲ្យមានការឈឺចាប់ ឬឈឺចាប់ខ្លាំង។ ជាធម្មតា វានឹងជាបាត់ទៅវិញដោយខ្លួនឯងដោយគ្មានស្នាម នៅរយៈពេល ១ទៅ២សប្ដាហ៍។
អាចនៅមានរោគសញ្ញាផ្សេងទៀតដែលមិនបានរៀបរាប់ខាងលើ ដូចនពបើអ្នកមានចម្ងល់អ្វីមួយនោះអំពីរោគសញ្ញា សូមពិគ្រោះជាមួយគ្រូពេទ្យឬឱសថការី។
២- ការព្យាបាល
តើត្រូវធ្វើអ្វីខ្លះ?
ដើម្បីជួយបន្ថយការឈឺចាប់និងពន្លឿនការជាសះស្បើយ អ្នកគួរធ្វើវិធីខាងក្រោមនេះ៖
-សម្អាតមាត់ដោយខ្ពុរទឹកអំបិល ឬទឹកសូដា (Baking soda)
-លាបថ្នាំ Magnesia បន្តិចនៅលើដំបៅនោះរយៈពេល ពីរបីដងក្នុងមួយថ្ងៃ។
-ចៀសវាងអាហារដែលរឹង ជូរ ឬ ហឹរ ដែលអាហារទាំងនោះអាចធ្វើឲ្យកាន់តែរលាកនិងឈឺ
-ស្អំទឹកកកលើដំបៅ ដោយដាក់ដុំទឹកកកបៀមក្នុងមាត់លើដំបៅ ដោយឲ្យវារលាយបន្តិចម្ដងៗ។
-ដុសធ្មេញថ្នមៗ ហើយត្រូវចាំថាត្រូវប្រើច្រាសដែលមានសរសៃទន់ និងថ្នាំដុះធ្មេញដែលមិនមានសារធាតុបង្កជាហ្វម (foaming-agent-free toothpaste) ដូចជា ថ្នាំដុសធ្មេញ Biotene ឬ Sensodyne ProNamel។
-ត្រូវប្រាកដថាអាហារប្រចាំថ្ងៃដែលញ៉ាំ គឺមានវីតាមីន B ជាតិ ស័ង្កសី និងហ្វូឡាត គ្រប់គ្រាន់។
ថ្នាំពេទ្យដែលគ្រូពេទ្យនិយមឲ្យប្រើរួមមាន ទឹកខ្ពុរមាត់ ស្តេរ៉ូអ៊ិតប្រឆាំងរលាក បំបាត់ការឈឺចាប់ និងថ្នាំលាបដែលធ្វើឲ្យស្ពឹក មានសារធាតុ បង់ហ្សូកាអ៊ីន (Benzocaine)។
តើពេលណាដែលត្រូវទៅជួបទន្តពេទ្យ?
សូមពិគ្រោះជាមួយនឹងទន្តពេទ្យ បើអ្នកមានបញ្ហាដូចជា៖
-មានដំបៅក្នុងមាត់ធំខុសធម្មតា
-មានដំបៅក្នុងមាត់កើតឡើងវិញ ដោយដំបៅថ្មីកើតឡើងមុនដំបៅចាស់ជាសះស្បើយ ឬមានដំបៅក្នុងមាត់ញឹកញាប់
-ដំបៅក្នុងមាត់ដែលនៅយូរជាង២សប្ដាហ៍
-ដំបៅដែលរាលទោដល់បបូរមាត់ដោយខ្លួនឯង
-មានការឈឺចាប់ដែលធ្វើឲ្យអ្នកមិនអាចទ្រាំនិងគ្រប់គ្រងបាន
-ពិបាកខ្លាំងក្នុងការញ៉ាំឬផឹក
-គ្រុនក្ដៅខ្លាំងអមជាមួយនឹងមានដំបៅក្នុងមាត់
ប្រសិនបើធ្មេញអ្នកជំងឺមុត ឬមានពាក់ឧបករណ៍ធ្មេញ ដែលជាមូលហេតុនាំឲ្យមានដំបៅ សូមទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម។
៣- ការការពារ
តើត្រូវការពារយ៉ាងដូចម្ដេច?
ដំបៅក្នុងមាត់ (Canker sore) តែងតែកើតមានញឹកញាប់ ប៉ុន្តែអ្នកអាចកាត់បន្ថយភាពញឹកញាប់នេះបានដោយធ្វើតាមគន្លឹះខាងក្រោម៖
-ពិនិត្យមើលរបស់ដែលអ្នកញ៉ាំ ដោយព្យាយាមចៀសពីអាហារដែលធ្វើឲ្យរលាមមាត់។ អាហារទាំងនោះរួមមាន គ្រាប់រុក្ខជាតិ ដំឡូងចៀន នំ pretzels គ្រឿងទេសមួយចំនួន អាហារមានរសជាតិប្រៃ និងផ្លែឈើដែលមានជាតិជូរដូចជា ម្នាស់ ក្រូចជាដើម។ ត្រូវចាំថា ត្រូវតែចៀសវាង ដាច់ខាតនៅអាហារណាដែលធ្វើឲ្យអ្នកអាលែកហ្ស៊ី។
-សូមញ៉ាំអាហារដែលផ្ដល់សុខភាពល្អ ដូចជាបន្លែផ្លែឈើ និងគ្រាប់ធញ្ញជាតិ ដើម្បីអាចផ្ដល់ឲ្យអ្នកនៅជីវជាតិគ្រប់គ្រាន់។
-សូមដុសធ្មេញឲ្យបានទៀងទាត់បន្ទាប់ពីញ៉ាំអាហាររួច និងប្រើអំបោះទាក់ធ្មេញម្ដងក្នុងមួយថ្ងៃ ដើម្បីធ្វើឲ្យមាត់អ្នកស្អាត។ ដូចគ្នានេះដែរ សូមប្រើច្រាសដុសធ្មេញដែលមានសរសៃទន់ ដើម្បីជួយការពារពីការរលាក ជាលិកាមាត់ និងចៀសវាងពីថ្នាំដុសធ្មេញនិងទឹកខ្ពុរមាត់ដែលមានជាតិសូដ្យូម ឡូរីល ស៊ុលហ្វាត (sodium lauryl sulfate)។
-ប្រសិនបើអ្នកពាក់ដែកពុតធ្មេញ ឬឧបករណ៍ពាក់ធ្មេញដទៃទៀត សូមពិគ្រោះជាមួយគ្រូពេទ្យធ្មេញ ពីការប្រើក្រមួន orthodontic ដើម្បីស្រោបកន្លែងដែលមុតចេញ។
-កាត់បន្ថយស្ត្រេស ព្រោះថាក្នុងករណីខ្លះស្ត្រេសក៏ជាមូលហេតុដែលនាំឲ្យមានដំបៅមាត់ដែរ។
[embed-health-tool-vaccination-tool]