ការដុសសម្អាតធ្មេញជាទៀងទាត់ និងប្រើអំបោះទាក់ធ្មេញជាប្រចាំ មានសារសំខាន់ណាស់ចំពោះសុខភាពមាត់ធ្មេញ។ នៅពេលដែលធ្មេញស្អាត និងរឹងមាំ គ្នាយើងច្បាស់ជាមានទំនុកចិត្តលើខ្លួនឯង ជាក់ជាមិនខាន។ យ៉ាងណាមិញ ទម្លាប់ថែទាំធ្មេញតែមួយមុខនៅមិនទាន់គ្រប់គ្រាន់ឡើយ។ គ្នាយើងគប្បីបញ្ចូលអាហារមួយចំនួនដែលមានគុណប្រយោជន៍ដល់សុខភាពមាត់ធ្មេញផងដែរ។
១. ការ៉ុត
ការ៉ុតគឺជាប្រភពដ៏ល្អនៃជាតិសរសៃ ហើយការញ៉ាំការ៉ុតបន្ទាប់ពីញ៉ាំអាហាររួច នឹងជួយដល់ការផលិតទឹកមាត់ ដែលអាចកាត់បន្ថយហានិភ័យនៃដង្កូវស៊ីធ្មេញ។ ដូច្នេះហើយ គ្នាយើងគប្បីញ៉ាំការ៉ុត ដើម្បីទទួលបានធ្មេញដែលមានសុខភាពល្អ។
២. ទឹកដោះគោ
យើងរាល់គ្នាសុទ្ធតែដឹងហើយថា ទឹកដោះគោគឺជាប្រភពនៃជាតិកាល់ស្យូម ដែលមានគុណប្រយោជន៍ជួយពង្រឹងឆ្អឹង និងធ្មេញ។ ការញ៉ាំទឹកដោះគោអាចជួយប្រឆាំងនឹងកម្រិតជាតិអាស៊ីដនៅក្នុងប្រហោងធ្មេញ ក៏ដូចជាការពារជំងឺពុកធ្មេញ។ យើងក៏អាចញ៉ាំអាហារដែលសំបូរទៅដោយជាតិកាល់ស្យូមដូចជាទឹកដោះគោ គ្រាប់ល្ង ទឹកសណ្ដែកជាដើម។ បន្ថែមពីនេះ ទឹកដោះគោមានផ្ទុកវីតាមីនC និងD ដែលអាចជួយពង្រឹងធ្មេញ និងអញ្ចាញថែមទៀតផង។
៣. ទឹកដោះគោជូរ
ទឹកដោះគោជូរក៏មានជាតិកាល់ស្យូមខ្ពស់ ព្រមទាំងសំបូរទៅដោយប្រូតេអ៊ីន។ ដូច្នេះហើយ ការញ៉ាំទឹកដោះគោជូរអាចជួយពង្រឹងធ្មេញរបស់យើងបានយ៉ាងមានប្រសិទ្ធភាព។ សារធាតុProbiotices នៅក្នុងទឹកដោះគោជូរមានអត្ថប្រយោជន៍ជួយការពារអញ្ចាញធ្មេញ និងជំងឺពុកធ្មេញ។ ការញ៉ាំទឹកដោះគោជូរក៏អាចជួយការពារកាចារធ្មេញឲ្យរឹងមាំដូចគ្នា។
៤. តែបៃតង
តែបៃតងគឺជាប្រភពនៃសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលមានប្រយោជន៍ខ្លាំងដល់ធ្មេញរបស់យើង។ សារធាតុPolyphenols ដែលមាននៅក្នុងតែក្រហម និងតែបៃតងអាចពន្យឺតការលូតលាស់នៃបាក់តេរី ដែលបង្កជាដង្កូវស៊ីធ្មេញ និងជំងឺអញ្ចាញធ្មេញ។
៥. បន្លែស្លឹកបៃតង
ជាមួយគ្នានេះដែរ បន្លែស្លឹកបៃតងដូចជាស្ពៃពួយឡេង ផ្កាខាត់ណា គឺសំបូរទៅដោយអាស៊ីដហ្វូឡេត។ ពិតណាស់ បន្លែទាំងនេះមានជាតិកាល់ស្យូមខ្ពស់ ដែលអាចជួយបង្កើតកាចារធ្មេញ។ ដូចនេះ ដើម្បីទទួលបានធ្មេញដែលមានសុខភាពល្អ និងរឹងមាំ បន្លែស្លឹកបៃតងគឺជាជម្រើសដ៏ប្រសើរ។
[embed-health-tool-bmi]