បើធ្មេញខូចយូរហើយ ទើបបាក់ជារឿងធម្មតា ប៉ុន្តែបើនៅសុខៗ ធ្មេញសណ្ដក ឬរបូតចេញ អាចជាបញ្ហាធ្ងន់ អាចគំរាមកំហែងដល់ជីវិតបាន ត្រូវការសង្គ្រោះបន្ទាន់ដោយសារជំងឺក្នុងខ្លួន។
បើធ្មេញខូចយូរហើយ ទើបបាក់ជារឿងធម្មតា ប៉ុន្តែបើនៅសុខៗ ធ្មេញសណ្ដក ឬរបូតចេញ អាចជាបញ្ហាធ្ងន់ អាចគំរាមកំហែងដល់ជីវិតបាន ត្រូវការសង្គ្រោះបន្ទាន់ដោយសារជំងឺក្នុងខ្លួន។

បើមានជំងឺជាប់ខ្លួន ហើយសណ្ដកធ្មេញបែបនេះ តើគួរធ្វើម៉េចដើម្បីដោះស្រាយបញ្ហាបាន?
១- ប្រមូលបំណែកធ្មេញ
គោលបំណងទុក គឺសម្រាប់ព្យាបាល ឬយកទៅដាំវិញ ក្នុងករណី ធ្មេញអាចប្រើការបាន ប៉ុន្តែកុំប៉ះពាល់ឫសធ្មេញឲ្យសោះ។ បើមានអារម្មណ៍ថាប្រឡាក់ ដូចជា ដីហុយចូល ឬចង់សម្អាត គួរខ្ពុរមាត់ថ្នមៗ ជាមួយទឹកធម្មតាប្រហែល ១០ វិនាទី។ កុំត្រដុស ឬប្រើអាល់កុលលាង។ វាជារឿងអនាម័យ និងការពារកុំឲ្យឆ្លងរោគ ប៉ុន្តែមិនប្រាកដថា បំណែកធ្មេញដែលសន្សំទុកនោះប្រើការកើតនោះទេ។
២- ស៊កបញ្ចូលវិញ ឬរក្សាបំណែកធ្មេញ
ដូចបញ្ជាក់ខាងលើ ក្រោយលាងសម្អាតរួចហើយ បើធ្មេញអត់បែក (សណ្ដកទាំងមូល) ត្រូវដាក់ធ្មេញនោះចូលកន្លែងដើមវិញ។ ពេលញាត់ចូល ត្រូវរកបន្ទះស្បៃមកទ្រាប់ធ្មេញ ឬខាំកុំឲ្យរង្គើ។
ដើម្បីចិញ្ចឹម ឬរក្សាធ្មេញកុំឲ្យងាប់ អាចមានមធ្យោបាយពីរគឺ ទី១ យកមកដាក់ក្នុងមាត់ចន្លោះថ្ពាល់ និងអញ្ចាញ ការពារកុំឲ្យស្ងួត។ ទី២ ប្រមូលបំណែកធ្មេញនោះដាក់ក្នុងទឹកដោះគោស្រស់។
៣- ទប់ការហូរឈាម
យកស្បៃកម្ចាត់មេរោគ មកញាត់រន្ធធ្មេញសណ្ដក ហើយខាំ។ បើហើម ហើយឈឺ គួរប្រើកំណាត់ ឬស្បៃត្រជាក់មកស្អំលើថ្ពាល់។ បើចង់ប្រើថ្នាំបំបាត់ការឈឺចាប់ អាចប្រើថ្នាំបំបាត់ការឈឺចាប់ ibuprofen ឬ acetaminophen ដែលមិនបាច់មានវេជ្ជបញ្ជា។
៤- រកជំនួយវេជ្ជសាស្ត្រ
ដូចបញ្ជាក់ខាងលើអ៊ីចឹង បើធ្មេញសណ្ដក ឬជ្រុះចេញទាំងស្រុង អាចជាករណីធ្ងន់ធ្ងរ ត្រូវទៅពេទ្យធ្មេញភ្លាម ហើយកុំភ្លេចរបៀបថែធ្មេញ ឬយកបំណែកធ្មេញទៅជាមួយ ក្រែងប្រើបានវិញ។
បើធ្មេញអាចដាំបញ្ចូលវិញហើយ ឬប្រើធ្មេញសិប្បនិម្មិតរបស់ពេទ្យ អ្វីដែលត្រូវចាំគឺ កុំប៉ះរបស់ (សំដៅលើភេសជ្ជៈ) ត្រជាក់ៗឲ្យសោះ ព្រោះអាចឲ្យស្រៀវ ឬអត់ទាន់សះមុខ។ ពេទ្យនឹងប្រាប់ថាប៉ុន្មានម៉ោង ហាមមិនឲ្យញ៉ាំ។ រឿងភេសជ្ជៈ រឿងញ៉ាំក៏ហាមដែរ ព្រោះត្រូវចាំឲ្យអស់ថ្នាំស្ពឹកសិន។
ក្រោយព្យាបាល ក្នុងថ្ងៃទី១៖
– កុំញ៉ាំរបស់ក្ដៅ (ទាំងភេសជ្ជៈ និងអាហារ)
– កុំប៉ះពាល់ធ្មេញទើបដាំ ដោយដៃ ឬអណ្ដាត
– កុំធ្វើសកម្មភាពដែលមានប៉ះទង្គិចខ្លាំង ដូចជា រត់ប្រណាំង លេងបាល់ទាត់
– ស្អំទឹកកក (រកកំណាត់រុំ) កុំឲ្យលើស ១០ នាទី ក្នុងមួយលើកៗត្រង់កន្លែងព្យាបាល (ដាក់លើថ្ពាល់) ទោះជាការហើមស្រកៗ ឬគ្រាន់ជាងមុនក៏ដោយ។
ក្រោយថ្ងៃទី១៖
– នៅបន្តស្អំ ប៉ុន្តែស្អំទឹកក្ដៅឧណ្ហៗវិញបានផលជាងត្រជាក់
– បន្តប្រើថ្នាំ ទោះហើមស្រកៗក៏ដោយ ព្រោះមុខរបួសនៅឈឺ
– បើមានអារម្មណ៍ថា អត់អន់ទេ នៅតែឈឺត្រង់មុខរបួស ត្រូវទៅពេទ្យដើម្បីពិនិត្យ និងព្យាបាលឡើងវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Treatment for Broken or Knocked-Out Teeth. http://www.webmd.com/first-aid/broken-or-knocked-out-teeth-treatment. Accessed May 18, 2017.
Guidelines for aftercare of your mouth. https://theimplantcentre.com/patient-care-costs/patient-care/treatment-aftercare/. Accessed May 18, 2017.
កំណែប្រែបច្ចុប្បន្ន
30/04/2019
អត្ថបទដោយ Meng Vatana
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ