បញ្ហាមាត់ធ្មេញ កើតអីក៏ដោយ ក៏អត់ស្រួលចិត្ត អាចធុំក្លិន ឬពិបាកញ៉ាំ ពិសេសរបស់ហឹរៗ។
      លើកនេះ “Hello គ្រូពេទ្យ” ចង់បង្ហាញពីជំងឺ “រាក់ស៊ីធ្មេញ”។ គ្នាយើងឮពាក្យនេះយូរហើយ តែអត់ដឹងថាវាយ៉ាងម៉េច! បញ្ហា និងរោគសញ្ញាមានលម្អិតខាងក្រោម៖
       ១- #រាក់ស៊ីធ្មេញហ្នឹងអីគេ?
      វាជាការបង្ករោគធ្ងន់ធ្ងរលើអញ្ចាញធ្មេញ ដែលប៉ះពាល់ដល់ជាលិកាទន់ជុំវិញអញ្ចាញ និងធ្វើឲ្យបាត់បង់ឆ្អឹងដែលទ្រទ្រង់ធ្មេញ។ ជំងឺនេះធ្វើឲ្យធ្មេញរង្គើ អាចមានគ្រោះថ្នាក់ដល់គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល និងបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរច្រើនទៀត។ ជំងឺនេះឧស្សាហ៍កើត តែយើងអាចបង្ការវាបាន ព្រោះវាកើតដោយសារគ្មានអនាម័យមាត់ធ្មេញ។
        ២- #រាក់ស៊ីធ្មេញអាចចំណាំបាន
      រាក់ស៊ីធ្មេញមានរោគសញ្ញាស្រួលៗចំណាំ៖
            – ក្លិនមាត់មិនល្អ (ស្អុយ)
      – ងាំធ្មេញ ពេលខាំប៉ះគ្នាលែងដូចពីមុន
     – អញ្ចាញស្រក ធ្វើឲ្យធ្មេញមើលទៅវែងជាងមុន
     – មានខ្ទុះចន្លោះអញ្ចាញ និងធ្មេញ
     – អញ្ចាញមានពណ៌ក្រហមស្រស់ ឬពណ៌ស្វាយចាស់។
      រាក់ស៊ីធ្មេញបែងចែកទៅតាមប្រភេទ ឬថ្នាក់របស់វា ដូចជារាក់ស៊ីធ្មេញប្រភេទរ៉ាំរ៉ៃ ដែលច្រើនកើតលើយុវវ័យ ហើយក្មេងក៏អាចមានដែរ។ រាក់ស៊ីធ្មេញប្រភេទកាចសាហាវ កើតលើកុមារតូចៗ ឬក្មេងជំទង់មានចំនួនតិចតួចប៉ុណ្ណោះ។
        មានរោគសញ្ញាមួយចំនួនទៀតដែលមិនរាប់ក្នុងចំណុចខាងលើ បើមិនច្បាស់ក្នុងចិត្ត គួរពិគ្រោះយោបល់ជាមួយពេទ្យធ្មេញ។
        ដើម្បីកាត់បន្ថយ ឬការពារកុំឲ្យមានជំងឺរាក់ស៊ីធ្មេញ អាចសាកល្បងតាមវិធីពេទ្យណែនាំ៖
        – ប្រើអំបោះទាក់ចន្លោះធ្មេញរាល់ថ្ងៃ
     – ប្រើទឹកខ្ពុលមាត់ ដើម្បីជួយកាត់បន្ថយកំបោរ
     – ពិនិត្យ និងសម្អាតធ្មេញឲ្យបានទៀងទាត់ជាមួយពេទ្យ
     – ដុសធ្មេញហោចណាស់ ២ ដងក្នុង១ថ្ងៃ ឬក្រោយញ៉ាំរួច
     – ប្រើច្រាសតូចៗសម្អាតចន្លោះធ្មេញ
     – ប្រើសរសៃច្រាសទន់ៗ និងប្ដូរចេញរាល់ ៣ ទៅ ៤ ខែម្ដង ឬពេលច្រាសសឹក
     – ប្រើច្រាសដុសធ្មេញអេឡិចត្រូនិក ព្រោះវាមានប្រសិទ្ធភាពកម្ចាត់កំបោរជាប់ធ្មេញ ដែលបង្កជាជំងឺរាក់ស៊ីធ្មេញ។
      គួរជួបពេទ្យធ្មេញពេលណា?
      អញ្ចាញសុខភាពល្អ គឺមានសភាពតឹងណែន និងពណ៌ផ្កាឈូកស្រាល។ តែបើមានលក្ខណៈហើម ក្រហមស្រគាំ និងងាយចេញឈាម ឬបង្ហាញរោគសញ្ញាផ្សេងៗ ឆាប់ទៅពេទ្យធ្មេញ។ ព្យាបាលបានឆាប់ អាចជួយមិនឲ្យមានជំងឺរាក់ស៊ីធ្មេញ។
        ដើម្បីសម្អាតធ្មេញឲ្យស្អាតល្អ ត្រូវចំណាយពេលពី ៣ ទៅ ៥ នាទីហើយប្រើអំបោះទាក់ចន្លោះធ្មេញមុនដុសធ្មេញ អាចជួយសម្អាតកម្ទេចកំទីចំណីអាហារនៅចន្លោះធ្មេញបានល្អ។
      គួរទៅពិនិត្យ និងសម្អាតធ្មេញឲ្យបានទៀងទាត់រាល់ ៦ ខែម្ដង។ បើកំពុងប្រឈមនឹងការកើតជំងឺរាក់ស៊ីធ្មេញ មានបញ្ហាស្ងួតមាត់ ប្រើថ្នាំលើសឈាម ឬជក់បារី ត្រូវសម្អាតជាមួយពេទ្យធ្មេញជំនាញឲ្យបានញឹកញាប់ជាងមុន។