សម្រាប់មនុស្សភាគច្រើនការថែទាំនិងធ្វើធ្មេញគឺជារឿងធម្មតាដែលត្រូវទៅពិនិត្យឲ្យបានទៀងទាត់រៀងរាល់ប្រាំមួយខែម្ដង ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺបេះដូងវិញគឺត្រូវប្រុងប្រយ័ត្នឲ្យមែនទែនមុននឹងសម្រេចចិត្តធ្វើធ្មេញព្រោះអាការៈខាងក្រោមទាំងអស់នេះអាចនឹងកើតមានឡើងអំឡុងពេលធ្វើធ្មេញ។
១- គាំងបេះដូង
បើសិនជាអ្នកមានជំងឺបេះដូង សូមប្រាប់គ្រូពេទ្យថាអ្នកទើបនឹងកើតមានអាការៈគាំងបេះដូងនាពេលថ្មីៗនេះ ដើម្បីអាចដឹងថាតើគួរពន្យារពេលធ្វើធ្មេញសិនឬក៏មិនបាច់ទេ? និងប្រាប់ពីប្រភេទថ្នាំដែលអ្នកកំពុងលេបរាល់ថ្ងៃសំរាប់ជួយសម្រួលដល់ជំងឺបេះដូងរបស់អ្នក ព្រោះដោយសារតែថ្នាំបេះដូងមួយចំនួនដូចជាប្រភេទថ្នាំឈាមរាវអាចបង្កឲ្យមានគ្រោះថ្នាក់បានអំឡុងពេលធ្វើធ្មេញ។ ម៉្យាងទៀតអ្នកគួរតែសួររកអុកស៊ីហ្សែនឬក៏ថ្នាំ nitroglycerin នៅក្នុងគ្លីនិកដែលទៅធ្វើធ្មេញព្រោះវាអាចជួយសម្រួលដល់ស្ថានភាពអ្នកក្នុងករណីចាំបាច់។
២- សម្ពាធឈាមឡើងខ្ពស់
ពពួកថ្នាំសំរាប់បន្ថយសម្ពាធឈាមអាចបង្កឲ្យមានផលប៉ះពាល់ដូចជា៖
- មិនសូវមានទឹកមាត់
- អណ្ដាតលែងដឹងរសជាតិ
- អញ្ចាញហើមឬលូតគ្របធ្មេញ
ប្រសិនបើជួបប្រទះនូវបញ្ហាអស់ទាំងនេះគួរតែប្រឹក្សាយោបល់ដើម្បីសុំដំបូន្មានពីគ្រូពេទ្យធ្មេញសម្រាប់ធ្វើអនាម័យមាត់ធ្មេញនិងវិធីសាស្ត្រផ្សេងទៀតក្នុងការដោះស្រាយបញ្ហាខាងលើ។ បញ្ជាក់ទៅគ្រូពេទ្យដើម្បីឲ្យដឹងថាអ្នកងាយមានប្រតិកម្មជាមួយប្រភេទថ្នាំស្ពឹកជាច្រើនដែលមានផ្ទុកសារធាតុ epinephrine។
៣- ដាច់សរសៃឈាមខួរក្បាល
ប្រសិនបើអ្នកកំពុងលេបថ្នាំឈាមរាវដោយសារតែធ្លាប់ដាច់សរសៃឈាមខួរក្បាលពីមុន គួរតែប្រាប់ទៅគ្រូពេទ្យឲ្យបានដឹងមុនផងព្រោះវាអាចបង្កឲ្យមានការហូរឈាមច្រើនអំឡុងពេលធ្វើការវះកាត់មាត់ធ្មេញ។ ដោយសារតែការដាច់សរសៃឈាមខួរក្បាលបណ្ដាលឲ្យអ្នកមិនមានទឹកមាត់ឬមានបញ្ហានៅលើសាច់ដុំមុខ អ្នកគួរតែសុំដំបូន្មានពីគ្រូពេទ្យធ្មេញរបស់អ្នកក្នុងការគ្រប់គ្រងស្ថានភាពដែលមាន និងរក្សាអនាម័យមាត់ធ្មេញ។
៤- ចុកទ្រូង
សំរាប់ថ្នាំបំបាត់ចុកទ្រូងវាបង្កឲ្យអញ្ចាញធ្មេញលូតគ្របធ្មេញ ប៉ុន្តែអ្នកអាចព្យាបាលបានតាមវិធីវះកាត់។ ប្រសិនបើអាការៈអ្នកមិននឹងនទេគួរតែជៀសវាងការធ្វើធ្មេញណាដែលមិនសូវសំខាន់និងសម្រាប់ករណីបន្ទាន់អ្នកអាចធ្វើធ្មេញបានតែនៅក្នុងមន្ទីរពេទ្យជាមួយនឹងឧបករណ៍តាមដានចង្វាក់បេះដូង។
អត្ថបទពាក់ព័ន្ធ៖
- កុំមើលងាយវិធីសាមញ្ញទាំងនេះ ព្រោះអាចព្យាបាលគាំងបេះដូងបាន
- កុំសង្ស័យច្រើនទៀត បញ្ហាអាចកើតឡើង ក្រោយព្យាបាលធ្មេញគួរដឹង
ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]