សកម្មភាពមិនល្អមួយចំនួនអាចបំផ្លាញស្នាមញញឹម និងគុណភាពមាត់ធ្មេញពីមួយថ្ងៃទៅមួយថ្ងៃ។ ទម្លាប់ខ្លះយើងអាចមិនចាប់អារម្មណ៍ ឯរឿងខ្លះនៅផ្ចាញ់ ផ្គើនធ្វើ។ អ្វីដែលត្រូវធ្វើពេលនេះ ងាកមកមើលទម្លាប់អាក្រក់ទាំងនេះ ហើយពិចារណាឡើងវិញ កុំចេះតែគិតថា វាមិនអី ព្រោះបើធ្មេញមានបញ្ហា ពិតជាអាចប៉ះពាល់ដល់សុខភាពយើង ខាតបង់ទាំងពេលវេលា និងលុយកាក់រត់ទៅពេទ្យ។ រាប់រឿងអាក្រក់ទាំងនេះ មើល៍តើមានប៉ុន្មានដែលយើងធ្វើជាប្រចាំ?
១-ទំពាទឹកកក
ភាគច្រើនគ្នាយើងចូលចិត្តធ្វើណាស់។ ប៉ុន្តែការទំពាដុំទឹកកករឹង និងត្រជាក់ជាប្រចាំ អាចធ្វើឱ្យសឹកផ្នែកខាងក្រៅធ្មេញម្ដងបន្តិចៗ រហូតចូលដល់ផ្នែកខាងក្នុងនៃធ្មេញ ដែលបណ្ដាលឱ្យមានអាការៈស្រៀវ ហើយចាប់ផ្ដើមឈឺ។
២-មិនពាក់ប្រដាប់ការពារធ្មេញពេលលេងកីឡា
កុំភ្លេចពាក់ប្រដាប់ការពារធ្មេញ រាល់ពេលដែលអ្នកលេងកីឡា ព្រោះវាជាវិធីល្អបំផុតសម្រាប់ការពារការប៉ះទង្គិចធ្មេញនៅពេលមានបញ្ហាកំឡុងលេងកីឡា។ ការពាក់ប្រដាប់ការពារធ្មេញ អ្នកនឹងឈប់បារម្ភខ្លាចមានការប៉ះពាល់ធ្មេញនៅពេលលេងកីឡាទៀតហើយ។
៣-បៅទឹកដោះគោ ឬទឹកផ្លែឈើពេលគេង
ឪពុកម្ដាយច្រើនតែឱ្យកូនបៅទឹកដោះគោ ឬទឹកផ្លែឈើ នៅពេលគ្នាគេង ព្រោះដើម្បីឱ្យកូនគេងលក់។ ជាតិស្ករដែលមាននៅក្នុងទឹកទាំងនោះ នឹងស្ថិតនៅក្នុងមាត់របស់ក្មេងច្រើនម៉ោង ឬពេញមួយយប់ ដែលធ្វើឱ្យធ្មេញងាយពុក។
៤-ចោះក្រវិលលើអណ្ដាត ឬបបូរមាត់
នៅខ្មែរយើងមិនសូវឃើញមាន ឬមិនសូវពេញនិយមទេ តែការចោះក្រវិលលើអណ្ដាត ឬបបូរមាត់ មើលទៅឡូយ និងទាន់សម័យ ប៉ុន្តែលោហធាតុនោះអាចមានគ្រោះថ្នាក់ ព្រោះវាអាចបំផ្លាញអញ្ចាញធ្មេញ និងធ្វើឱ្យធ្មេញពុក។ មួយវិញទៀត ក្នុងមាត់ផ្ទុកដោយបាក់តេរីរាប់លាន ដូច្នេះការចោះក្រវិលក្នុងមាត់អាចធ្វើឱ្យមានការឆ្លងរោគ និងរលាកហើម។
អាន៖ ដំបៅមាត់កើតយូរប៉ុណ្ណា ហើយព្យាបាលម៉េច?
៥-សង្កៀតធ្មេញ
ការសង្កៀតធ្មេញច្រើនតែកើតឡើងកំឡុងពេលដេក ដោយមិនដឹងខ្លួន។ ទម្លាប់ដែលមិនអាចគ្រប់គ្រងបាននេះ អាចបំផ្លាញធ្មេញយើងពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកអាចបន្ថយទម្លាប់អាក្រក់នេះបន្តិចម្ដងៗ តាមរយៈការចៀសវាងញ៉ាំអាហាររឹងនៅពេលថ្ងៃ និងពាក់ប្រដាប់ការពារមាត់នៅពេលយប់។
៦-ផឹកសារ៉ូក្អក
សារ៉ូក្អកមានប្រយោជន៍នៅពេលយើងក្អក ប៉ុន្តែវាមានផ្ទុកជាតិស្ករក្នុងកម្រិតខ្ពស់ ដែលអាចបង្កើនការសឹកនៃធ្មេញ។ ត្រូវតែដុសធ្មេញឱ្យបានស្អាត និងជាប្រចាំ ក្រោយពេលប្រើសារ៉ូក្អក។
៧-ទំពាស្ករកៅស៊ូ
ស្ករកៅស៊ូមានផលប៉ះពាល់ដល់ធ្មេញ ជាងស្ករគ្រាប់ដទៃទៀត ព្រោះស្ករកៅស៊ូ ស្វិត ហើយអាចជាប់នៅចន្លោះធ្មេញ ធ្វើឱ្យជាតិស្ករ និងអាស៊ីដនៅជាប់នឹងអញ្ចាញធ្មេញច្រើនម៉ោង។
៨-ភេសជ្ជៈផ្អែម
ទឹកក្រូច ទឹកផ្លែឈើ និងទឹកជំនួយកម្លាំង ដែលមានផ្ទុកជាតិស្ករទាំងអស់ អាចបង្កើតជាតិអាស៊ីដនៅលើធ្មេញ។ ការទទួលទានភេសជ្ជៈទាំងនេះច្រើន ដោយមិនបានដុសធ្មេញត្រឹមត្រូវ អាចបំផ្លាញធ្មេញ។ ដើម្បីបង្ការការបំផ្លាញធ្មេញ គួរព្យាយាមញ៉ាំទឹកឱ្យបានច្រើនជំនួសភេសជ្ជៈទាំងនោះវិញ។
៩-អាហារសម្រន់
នៅពេលនិយាយដល់អាហារសម្រន់ អាហារដែលសម្បូរជាតិម្សៅគឺជាអាហារដែលមនុស្សភាគច្រើនចូលចិត្តញ៉ាំ។ ប៉ុន្តែអ្នកដឹងទេ បាក់តេរីក្នុងមាត់អាចបម្លែងអាហារទាំងនោះទៅជាអាស៊ីដ ដែលអាចបំផ្លាញធ្មេញ។ ដំបូន្មានល្អបំផុត គឺត្រូវចៀសវាងញ៉ាំអាហារសម្រន់បែបនេះ ឬស្វែងរកអាហារសម្រន់ប្រភេទណាដែលមិនសូវសម្បូរជាតិស្ករ ឬជាតិម្សៅ។
អាន៖ ជំងឺប្រាំប្រភេទលើមាត់ធ្មេញគួរប្រយ័ត្ន
១០-កាហ្វេ
ការផឹកកាហ្វេច្រើនពេករយៈពេលយូរ អាចធ្វើឱ្យធ្មេញចាប់ផ្ដើមស្រអាប់។ ដូច្នេះបើញ៉ាំកាហ្វេជាប្រចាំនោះ គួរគិតគូររឿងដុសសម្អាតធ្មេញ (ឲ្យបាន ២-៣ដង) ក្នុងមួយថ្ងៃ ដើម្បីជួយធ្មេញវិញ។
១១-បារី
បារី និងថ្នាំជក់ គឺជាមូលហេតុចម្បងដែលធ្វើឱ្យមានក្លិនមាត់មិនល្អ ធ្មេញឡើងខ្មៅ និងពុកធ្មេញ។ ការជក់បារីអាចបណ្ដាលឱ្យមានបញ្ហាធ្ងន់ធ្ងរជាងនេះទៀត ដូចជា មហារីកមាត់ បបូរមាត់ និងអណ្ដាត។ ដើម្បីបញ្ឈប់ការជក់បារី និងថែទាំសុខភាព គួរប្រើស្ករដែលមានជាតិនីកូទីន ជំនួសការជក់បារី។
១២-ស្រា
ជាទូទៅ ស្រាបៀ ស្រាស ឬក្រហម សុទ្ធតែមានផលប៉ះពាល់ដល់ធ្មេញគេចមិនផុត ព្រោះជាតិអាស៊ីដនៅក្នុងស្រាអាចធ្វើឱ្យខ្សោយអញ្ចាញធ្មេញ ធ្វើឱ្យធ្មេញប្រហោង និងស្រអាប់។ បើផឹកខានមិនបាន ត្រូវខ្ពុរមាត់ជាមួយទឹក ឬដុសធ្មេញក្រោយពេលផឹករួច។
១៣-ប្រើធ្មេញបើកគម្រប
គ្នាយើងខ្លះចូលចិត្តខាំបើកគម្របដប ឬប្រអប់ប្លាស្ទិកផ្សេងៗ ដែលអាចធ្វើឲ្យធ្មេញបែក ឬស្រាំបាន។ ប៉ុន្តែត្រូវដឹងថា ធ្មេញទុកតែញ៉ាំអាហារ។
១៤-ញ៉ាំមិនទំនេរមាត់
ញ៉ាំច្រើនក៏ជាជំងឺដែរ ព្រោះមាត់ចេះតែទំពាទោះបីជាមិនឃ្លានក៏ដោយ។ ការញ៉ាំច្រើនពេកនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្មេញ ដោយសារជាតិស្ករក្នុងអាហារ និងជាតិអាស៊ីដក្នុងកម្អួត។ នៅពេលអ្នកមានជំងឺញ៉ាំច្រើន អ្នកនឹងពិបាកដកដង្ហើម និងសឹកធ្មេញ។ សាកសួរគ្រូពេទ្យសម្រាប់ដំបូន្មាន និងវិធីព្យាបាល ដើម្បីបន្ថយផលវិបាកនៃទម្លាប់នេះ។
១៥-ខាំប៊ិច/ខ្មៅដៃ
តើអ្នកធ្លាប់ខាំខ្មៅដៃ នៅពេលដែលកំពុងផ្ចង់អារម្មណ៍ក្នុងការងារ ឬក្នុងពេលរៀនសូត្រដែរទេ? មនុស្សជាច្រើនមានទម្លាប់នេះ។ សកម្មភាពនេះហាក់ដូចជាមិនប៉ះពាល់អ្វីទេ ប៉ុន្តែតាមពិតទៅ វាអាចបំផ្លាញធ្មេញដោយមិនដឹងខ្លួន។ ជំនួសឱ្យការខាំខ្មៅដៃ គួរទំពាស្ករកៅស៊ូដែលគ្មានជាតិស្ករ។
ម៉េចដែរមានប៉ុន្មានចំណុចខ្លះគ្នាយើង?
អាន៖ រាក់ស៊ីធ្មេញ អំពល់ទុក្ខប៉ុណ្ណា?
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕
[embed-health-tool-bmi]