brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

​ជំងឺ​រាក់​ស៊ី​ធ្មេញ អំពល់ទុក្ខ​ប៉ុណ្ណា?

​ជំងឺ​រាក់​ស៊ី​ធ្មេញ អំពល់ទុក្ខ​ប៉ុណ្ណា?

បញ្ហា​មាត់​ធ្មេញ​ កើត​អី​ក៏​ដោយ ក៏អត់​ស្រួល​ចិត្ត អាច​ធុំ​ក្លិន ឬ​ពិបាក​ញ៉ាំ​ ​ពិសេស​​របស់ហឹរៗ។

 

លើកនេះ “Hello គ្រូពេទ្យ” ចង់​បង្ហាញ​​ពី​ជំងឺ “រាក់ស៊ីធ្មេញ”។ គ្នា​យើង​ឮ​ពាក្យ​នេះយូរ​ហើយ តែ​អត់​ដឹង​ថាវា​យ៉ាង​ម៉េច! បញ្ហា និង​រោគសញ្ញាមាន​លម្អិតខាងក្រោម៖

 

១- #រាក់ស៊ីធ្មេញហ្នឹងអីគេ?

 

វា​​​ជា​ការ​បង្ក​រោគ​ធ្ងន់ធ្ងរ​លើ​អញ្ចាញ​ធ្មេញ ​ដែល​ប៉ះពាល់​ដល់​ជាលិកា​ទន់​ជុំ​វិញ​អញ្ចាញ ​និង​ធ្វើ​ឲ្យ​បាត់បង់​ឆ្អឹង​ដែល​ទ្រទ្រង់​ធ្មេញ។ ជំងឺ​នេះ​ធ្វើ​ឲ្យ​ធ្មេញ​រង្គើ ​អាចមាន​គ្រោះថ្នាក់​ដល់​គាំង​បេះដូង​ ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​និង​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​ច្រើន​ទៀត។ ​ជំងឺនេះឧស្សាហ៍​កើត​ តែ​យើង​អាច​បង្ការវា​បាន​ ព្រោះវាកើត​ដោយសារ​គ្មាន​អនាម័យ​មាត់​ធ្មេញ​។

 

២- #រាក់ស៊ីធ្មេញអាចចំណាំបាន

 

រាក់ស៊ីធ្មេញមានរោគសញ្ញាស្រួលៗចំណាំ៖

 

– ធ្មេញ​រង្គើ

– ហើម​អញ្ចាញ

– ធ្មេញ​ឃ្លាត​គ្នា

– បាត់បង់​រសជាតិ

– ក្លិន​មាត់​មិន​ល្អ ​(ស្អុយ)

– ឈឺ​អញ្ចាញ​ពេល​ប៉ះ

– ងាំ​ធ្មេញ​ ពេល​ខាំ​ប៉ះ​គ្នា​លែង​ដូច​ពី​មុន

– អញ្ចាញ​ស្រក ​ធ្វើ​ឲ្យ​ធ្មេញ​មើល​ទៅ​វែង​ជាង​មុន

– មាន​ខ្ទុះ​​ចន្លោះ​​អញ្ចាញ ​និង​ធ្មេញ

– អញ្ចាញ​មាន​ពណ៌​ក្រហម​ស្រស់ ​ឬ​ពណ៌​ស្វាយ​ចាស់។

 

រាក់​ស៊ី​ធ្មេញបែងចែក​ទៅ​តាម​ប្រភេទ​ ឬ​ថ្នាក់​របស់​វា​ ដូចជា​រាក់​ស៊ី​ធ្មេញ​ប្រភេទ​រ៉ាំរ៉ៃ​ ដែល​ច្រើន​កើតលើ​យុវវ័យ​ ហើយ​ក្មេង​ក៏​អាច​មាន​​ដែរ។ ​រាក់​ស៊ី​ធ្មេញ​ប្រភេទ​កាច​សាហាវ​ ​កើតលើ​កុមារ​តូចៗ ​ឬ​ក្មេង​ជំទង់​មានចំនួន​​តិច​តួចប៉ុណ្ណោះ។

 

មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដែល​មិន​រាប់​ក្នុង​ចំណុច​ខាង​លើ​ បើ​មិន​​ច្បាស់​ក្នុង​ចិត្ត​ គួរពិគ្រោះ​យោបល់​​ជាមួយ​ពេទ្យ​ធ្មេញ។

 

៣- #បង្ការនិងព្យាបាល

 

ដើម្បី​កាត់​បន្ថយ ឬ​ការពារ​កុំ​ឲ្យ​មាន​ជំងឺ​រាក់​ស៊ី​ធ្មេញ​ អាច​សាក​ល្បង​តាមវិធី​​ពេទ្យ​ណែនាំ​៖

 

– ប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ​​រាល់​ថ្ងៃ

– ប្រើ​ទឹក​ខ្ពុល​មាត់​ ដើម្បី​ជួយ​កាត់​បន្ថយ​កំបោរ​

– ពិនិត្យ ​និង​សម្អាត​ធ្មេញ​ឲ្យ​បាន​ទៀងទាត់​ជាមួយពេទ្យ​

– ដុស​​ធ្មេញហោច​ណាស់​ ២ ​ដងក្នុង​១​ថ្ងៃ​ ឬ​ក្រោយ​ញ៉ាំ​​រួច

– ប្រើ​​ច្រាស​តូចៗ​សម្អាត​ចន្លោះ​ធ្មេញ

– ប្រើ​សរសៃ​ច្រាស​ទន់​ៗ ​និង​ប្ដូរ​ចេញ​រាល់​ ៣ ​ទៅ​ ៤ ​ខែ​ម្ដង ​ឬ​​ពេល​ច្រាស​សឹក​

– ប្រើ​ច្រាស​ដុស​ធ្មេញ​អេឡិចត្រូនិក ​ព្រោះ​វា​មាន​ប្រសិទ្ធភាព​​កម្ចាត់​កំបោរ​ជាប់​ធ្មេញ ​ដែល​បង្ក​​ជា​ជំងឺ​រាក់​ស៊ី​ធ្មេញ។

 

គួរ​​ជួប​ពេទ្យ​ធ្មេញ​ពេល​ណា?

 

​អញ្ចាញ​​សុខភាព​ល្អ ​គឺ​មាន​សភាព​តឹង​ណែន ​និង​ពណ៌​ផ្កាឈូក​ស្រាល។ ​តែ​​បើ​​មាន​លក្ខណៈ​ហើម​ ​ក្រហម​ស្រគាំ ​និង​ងាយ​​ចេញ​ឈាម​ ឬ​បង្ហាញ​​រោគ​សញ្ញា​ផ្សេងៗ ​ឆាប់ទៅ​ពេទ្យធ្មេញ​​។ ​​ព្យាបាល​បាន​ឆាប់​​ អាច​ជួយ​មិនឲ្យ​មាន​​ជំងឺរាក់​ស៊ី​ធ្មេញ​​។

 

៤- #បង្ការ

 

ដើម្បី​សម្អាត​ធ្មេញ​ឲ្យ​ស្អាត​ល្អ​ ​ត្រូវ​ចំណាយ​ពេល​ពី ​៣​ ទៅ ​៥ ​នាទី​ហើយ​ប្រើ​អំបោះ​ទាក់​ចន្លោះ​ធ្មេញ​មុន​​ដុស​​ធ្មេញ​ ​អាច​ជួយ​សម្អាត​កម្ទេច​កំទី​ចំណី​អាហារ​នៅ​ចន្លោះ​ធ្មេញ​បាន​​ល្អ​។

 

គួរទៅ​ពិនិត្យ ​និង​​សម្អាត​ធ្មេញ​ឲ្យ​បាន​ទៀង​ទាត់​រាល់​ ៦ ​ខែ​ម្ដង។ ​បើ​​កំពុង​ប្រឈម​នឹង​ការ​កើត​ជំងឺ​រាក់​ស៊ី​ធ្មេញ​ មាន​បញ្ហា​ស្ងួត​មាត់ ​ប្រើ​ថ្នាំ​លើស​ឈាម ​ឬ​ជក់​បារី ​​​​ត្រូវ​​សម្អាត​​ជាមួយពេទ្យ​ធ្មេញជំនាញឲ្យ​បាន​ញឹកញាប់​ជាង​មុន។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ 27/11/2019