មានមនុស្សមិនតិចទេ ដែលមានបញ្ហាហូរឈាមអញ្ចាញធ្មេញ ហើយវាក៏ជាសញ្ញា នៃជំងឺរលាកអញ្ចាញធ្មេញ និងរលាកជុំវិញអញ្ចាញធ្មេញ។ ប៉ុន្ដែបញ្ហាហូរឈាមអញ្ចាញធ្មេញដូច្នេះ យើងក៏អាចព្យាបាលនៅផ្ទះបានដោយខ្លួនឯងផងដែរ។
១. ប្រើសំឡី
មិនខុសគ្នានឹងការហូរឈាមនៅតាមទីតាំងផ្សេងទៀតនោះទេ នៅពេលមានបញ្ហាហូរឈាមអញ្ចាញធ្មេញ យើងយកដុំសំឡីទៅដាក់ត្រង់ទីតាំងហូរឈាម ដើម្បីរារាំងវា។ ប៉ុន្ដែបើយើងមានបញ្ហាហូរឈាមញឹកញាប់ យើងគួរទៅជួបគ្រូពេទ្យ។
២. ប្រើកុំប្រេសត្រជាក់ ដើម្បីកុំឲ្យហើម និងកុំប្រេសក្តៅ ដើម្បីសម្រួលការឈឺចាប់
បើសិនការហូរឈាមអញ្ចាញធ្មេញ បង្កឲ្យហើម យើងអាចប្រើកុំប្រេសត្រជាក់ ទៅស្អំពីលើទីតាំងហើម និងទុកលើទីតាំងនោះ រហូតបាត់ហូរឈាម។ ប៉ុន្ដែបើប្រើកុំប្រេសត្រជាក់ហើយ នៅតែហូរឈាមអញ្ចាញធ្មេញលើស ១០នាទីទៀត យើងត្រូវទៅជួបគ្រូពេទ្យភ្លាម។
យើងក៏អាចប្រើកុំប្រេសក្តៅ ដើម្បីសម្រួលការឈឺចាប់ផងដែរ ប៉ុន្ដែយើងអាចប្រើវា ក្រោយការរលាកជាសះស្បើយប៉ុណ្ណោះ។
៣. ខ្ពុរមាត់ជាមួយទឹកអំបិល
បង់អំបិល ១ស្លាបព្រាកាហ្វេ ទៅក្នុងទឹកក្តៅឧណ្ហ ១កែវ ហើយកូរឲ្យរលាយអស់។ បន្ទាប់មក ជិបទឹកអំបិលខ្លះ ហើយទុកក្នុងមាត់ ៣០វិនាទី មុនខ្ពុរចេញវិញ ហើយធ្វើដូច្នេះឲ្យបាន ៤-៥ដង។ ធ្វើបែបនេះ ឲ្យបាន ២ដង/ថ្ងៃ ដោយនៅពេលព្រឹកម្ដង និងមុនចូលគេងម្តងទៀត។ ទឹកអំបិល ជួយកាត់បន្ថយការហើមអញ្ចាញធ្មេញ និងជួយរារាំងការហូរឈាមអញ្ចាញធ្មេញ។
៤. ប្រើទឹកខ្ពុរមាត់
ការប្រើទឹកខ្ពុរមាត់ ជាមធ្យោបាយល្អមួយ ដើម្បីបំបាត់ការរលាកអញ្ចាញធ្មេញ ដែលបណ្ដាលឲ្យហូរឈាមអញ្ចាញធ្មេញ និងបំបាត់បាក់តេរី ចេញពីក្នុងមាត់។
៥. ប្រើកញ្ចប់តែតូចៗស្អំអញ្ចាញធ្មេញ
យកកញ្ចប់តែ បង់ចូលក្នុងទឹក្តៅ ២នាទី ហើយលើកវាឡើង និងទុកឲ្យត្រជាក់។ បន្ទាប់មក យកកញ្ចប់តែ ទៅស្អំអញ្ចាញធ្មេញដែលមានបញ្ហា ចំនួន ៥នាទី។ តែមានផ្ទុកសារធាតុ Tannic ជួយឲ្យអញ្ចាញដែលមានផ្ទុកមេរោគ ប្រសើរឡើង។
៦. សម្អាតធ្មេញជាមួយទឹកឃ្មុំ
ជិបទឹកក្តៅឧណ្ហៗចូលក្នុងមាត់ ហើយប្រើទឹកឃ្មុំ ម៉ាស្សាលើអញ្ចាញធ្មេញ រយៈពេល ១០នាទី រាល់ព្រឹក។ ទឹកឃ្មុំ មានសារធាតុប្រឆាំងបាក់តេរី និងប្រឆាំងមេរោគ ហៅថា Propolis។ ប៉ុន្ដែពេលយកទឹកឃុំ ម៉ាស្សាលើអញ្ចាញធ្មេញ កុំឲ្យវាប៉ះនឹងធ្មេញ ព្រោះបើធ្មេញប្រហោង វាអាចបណ្ដាលឲ្យឈឺចាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]




















