backup og meta

វះដកធ្មេញរួចមានអាការៈស្ងួតគល់ធ្មេញ ឈឺពិបាកទ្រាំ​ ធ្វើម៉េច?

វះដកធ្មេញរួចមានអាការៈស្ងួតគល់ធ្មេញ ឈឺពិបាកទ្រាំ​ ធ្វើម៉េច?

១- និយមន័យ

តើអ្វីជាបញ្ហាស្ងួតគល់ធ្មេញ?

ស្ងួតគល់ធ្មេញ (Dry socket) ជា​ការ​ឈឺ​ចាប់​គល់​ធ្មេញ បន្ទាប់​ពី​ដក​ធ្មេញ​រួច ដូច​ជា​ក្រោយ​ពេល​ដក​ធ្មេញ​ទាល់​ជា​ដើម។ វា​កើត​ឡើង​នៅ​ពេល​ឈាម​ទៅ​កក​ជា​ដុំ​នៅ​ក្នុង​រន្ធ​គល់​ធ្មេញ​ដែល​ទើប​ដក ដែល​កន្លែង​នោះ​គឺ​ឆ្អឹង និង​សរសៃ​ប្រសាទនៅ​កណ្ដាល​វាល​តែ​ម្ដង។ ប្រសិន​បើ​គល់​ធ្មេញ​យើង​ប្រែ​ទៅ​ស្ងួត នោះ​យើង​​នឹង​ចាប់​ផ្ដើម​ឈឺ​ក្នុង​រយៈ​ពេល ៣ ទៅ ៤ថ្ងៃ​ក្រោយ​ពី​ដក​ធ្មេញ។ ប្រសិន​បើ​​ឈឺ​ធ្មេញ​បែប​នេះ យើង​ត្រូវ​ប្រញ៉ាប់​ប្រាប់​គ្រូពេទ្យ​ធ្មេញ​ឲ្យ​បាន​លឿន។

តើរោគសញ្ញារបស់បញ្ហាស្ងួតគល់ធ្មេញមានអ្វីខ្លះ?

ក្រោយ​ពេល​ដក​ធ្មេញ​រួច យើង​​នឹង​ឃើញ​កន្លែង​គល់​ធ្មេញ​ចំហ និង​មាន​សភាព​ស្ងួត។ បើ​មាន​បញ្ហា​ស្ងួត​គល់​ធ្មេញ យើង​​​នឹង​ឃើញ​ឆ្អឹង​ពណ៌​ស​ត្រង់​កន្លែង​នោះ ដោយ​ធម្មតា​កន្លែង​នោះ​ គួរ​មាន​ឈាម​កក​ពណ៌​ក្រម៉ៅ​ទេ។

សញ្ញា​របស់​បញ្ហា​ស្ងួត​គល់​ធ្មេញ​មាន​ដូច​ជា៖

  • ឈឺ​ចាប់​ខ្លាំង​ពីរ​បី​ថ្ងៃ​ក្រោយ​ពេល​ដក​ធ្មេញ
  • មិន​មាន​ឈាម​កក​នៅ​កន្លែង​ដក​ធ្មេញ​ចេញ ដែល​ធ្វើ​ឲ្យ​គល់​ធ្មេញ​ មាន​ប្រហោង​ទទេ មិន​មាន​អ្វី​ក្នុង​នោះ
  • អាច​ឃើញ​ឆ្អឹង​នៅ​គល់​ធ្មេញ
  • ឈឺ​ចាប់​ចាក់​ពី​គល់​ធ្មេញ​ដេញ​ទៅ​ដល់​ត្រចៀក ភ្នែក សៀត​ផ្កា ឬ​ក៏​នៅ​ខាង​ធ្មេញ​ដែល​ដក
  • ខ្យល់​ដង្ហើម​មាន​ក្លិន​ស្អុយ
  • មាន​រសជាតិ​មិន​ល្អ​លើ​អណ្តាត​
  • ឡើង​ហើម​កូន​កណ្ដុរ​ក្រោម​ថ្គាម ឬ​ក៏
  • ក្ដៅ​ខ្លួន​តិច​តួច

អាច​មាន​រោគ​សញ្ញា​ផ្សេង​ខ្លះ​ទៀត​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ ដូច​នេះ​ប្រសិន​បើ​គ្នា​យើង​​ មាន​រោគ​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ម​ណា​មួយ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លឿន។

២- ការព្យាបាល

តើយើង​គួរធ្វើដូចម្ដេច?

ទោះ​បី​ជា​បញ្ហា​ស្ងួត​គល់​ធ្មេញ មិន​ងាយ​បង្ក​ជា​ការ​ឆ្លង​រោគ ឬ​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ក្ដី តែ​យើង​​ចាំ​បាច់​ត្រូវ​គ្រប់​គ្រង​ការ​ឈឺ​ចាប់​របស់​វាដែរ​។ បន្ទាប់​ពី​ដក​ធ្មេញ​រួច យើង​​អាច​ប្រើ​វិធី​មួយ​ចំនួន ដើម្បី​ជួយ​ឲ្យ​ធ្មេញ​ឆាប់​ជា និងកាត់​បន្ថយ​រោគ​សញ្ញា ប្រសិន​បើ​យើង​មាន​បញ្ហា​ស្ងួត​គល់​ធ្មេញ ដោយ​អាច​ធ្វើ​តាម​ការ​ណែ​នាំ​របស់​ពេទ្យ​ធ្មេញ។

ខាង​ក្រោម​នេះ គឺ​ជា​តិច​និច​មួយ​ចំនួន​អាច​ជួយ​យើង​​បាន៖

  • ស្អំ​ទឹក​កក​នៅ​លើ​មុខ ក្នុង​រយៈ​ពេល ៤៨​ម៉ោង​ដំបូង​បន្ទាប់​ពី​ដក​ធ្មេញ និង​ក្រោយ​ពី​នោះ​ស្អំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ដើម្បី​កាត់​បន្ថយ​ការ​ហើម និង​ជួយ​បំបាត់​ឈឺ
  • លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​របស់​គ្រូពេទ្យ
  • មិន​ត្រូវ​ជក់​បារី ឬ​ប្រើ​ផលិត​ផល​ថ្នាំ​ជក់​ជា​ដាច់​ខាត
  • ផឹក​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​ផ្ដល់​ជាតិ​ទឹក​គ្រប់​គ្រាន់​ក្នុង​ខ្លួន និង​ដើម្បី​ការពារ​កុំ​ឲ្យ​ចង្អោរ​ចង់​ក្អួត ក្រោយ​ពេល​លេប​ថ្នាំ​ច្រើន
  • ខ្ពុរ​មាត់​ជាមួយ​ទឹក​អំបិល​ក្ដៅ​ឧណ្ហ​ៗ ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ
  • ដុស​ធ្មេញ​ថ្មម​ៗ ជុំ​វិញ​កន្លែង​គល់​ធ្មេញ​នោះ។

ត្រូវ​ណាត់​ជួប​ជាមួយ​ពេទ្យ​ធ្មេញ ដើម្បី​សម្អាត​មុខ​របួស ឬ​ធ្វើ​ការ​តាម​ដាន​ផ្សេង​ៗ។ ប្រសិន​បើ​យើង​ចាប់​ផ្ដើម​ឈឺ​ឡើង​វិញ ឬ​ឈឺ​កាន់​តែ​ខ្លាំង​មុន​ពេល​ដល់​ថ្ងៃ​ណាត់​ជួប​ យើង​​ត្រូវ​ទាក់ទង​សួរ​នាំ​ពីបញ្ហា​នេះ​ទៅ​កាន់​គ្រូពេទ្យ​។

តើយើង​គួរទៅជួបពេទ្យធ្មេញនៅពេលណា?

ការ​ឈឺ​ចាប់​តិច​តួច និង​អារម្មណ៍​ពិបាក​ក្នុង​មាត់ គឺ​ជា​រឿង​ធម្មតា​ក្រោយ​ពេល​ដក​ធ្មេញ។ បើ​គ្រាន់​តែ​ឈឺ​តិច​តួច​បែប​នេះ យើង​​​អាច​លេប​ថ្នាំ​បំបាត់​ឈឺ​ចាប់​ដោយ​ខ្លួន​ឯង ហើយ​ការ​ឈឺ​ចាប់​នោះ​ វា​នឹង​បាត់​ទៅ​វិញ​បន្ដិច​ម្ដង​ៗ។ ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​ឈឺ​ចាប់​ថ្មី​កើត​ឡើង ឬ​ឈឺ​ខ្លាំង​ជាង​មុន​ក្រោយ​ពេល​ដក​​ធ្មេញ​រួច ត្រូវ​ប្រញ៉ាប់​ទាក់​ទង​ទៅ​ពេទ្យ​ធ្មេញ​វិញ​ឲ្យ​បាន​លឿន។

៣- វិធី​ការពារ

តើយើង​អាចការពារបញ្ហាស្ងួតគល់ធ្មេញបានដោយវិធីណា?

គ្រូពេទ្យ​ប្រាកដ​ជា​ប្រាប់​ហើយ​ថា ធ្មេញ​របស់​យើង​​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន​​ទើប​ជា​វិញ ហើយ​គាត់​ក៏​ប្រាប់​វិធី​ថែ​មុខ​របួស ក៏​ដូច​ជា​របៀប​កាត់​បន្ថយ​ការ​ឈឺ​ចាប់ មាន​ដូច​ខាង​ក្រោម៖

  • ត្រូវ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុង​រយៈ​ពេល បី​បួន​ថ្ងៃ​ក្រោយ​ដក​ធ្មេញ​ហើយ។ ត្រូវ​កាត់​បន្ថយ​ការ​ហាត់​ប្រាណ ឬ​ធ្វើ​សកម្មភាព​ធ្ងន់​ៗ​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​ដំបូង​សិន ដើម្បី​ឲ្យ​ឈាម​កក​ក្នុង​គល់​ធ្មេញ​ជាប់​ល្អ​សិន។
  • ផឹក​ទឹក​ឲ្យបាន​ច្រើន​ក្រោយ​វះ​កាត់ មិន​ត្រូវ​ពិសារ​គ្រឿង​ស្រវឹង ផឹក​កាហ្វេ ឬ​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ កូបូន ឬ​ភេសជ្ជៈ​ក្ដៅ​ៗ ក្នុង​រយៈ​ពេល ២៤​ម៉ោង​ដំបូង​ក្រោយ​វះ​ដក​ធ្មេញ។
  • ក្នុង​ថ្ងៃ​ដំបូង យើង​​គួរ​ញ៉ាំ​តែ​អាហារ​ទន់​ៗ​សិន​បាន​ហើយ។ បើ​ធ្មេញ​មិន​សូវ​​ឈឺ​ខ្លាំង​ពេក​ទេ យើង​​អាច​ញ៉ាំ​អាហារ​ទន់​ល្មម​ៗ​បាន។ ប៉ុន្តែ​មិន​​គួរ​ញ៉ាំ​អាហារ​ស្វិត​ៗ ឬ​ហឹរ​និង​ក្ដៅ ដោយ​កុំ​ឲ្យ​វា​ទៅ​ជាប់​ក្នុង​គល់​ធ្មេញ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខ​របួស​បាន។
  • ក្រោយ​ពេល​វះ​កាត់ យើង​​ត្រូវ​ខ្ពុរ​មាត់ ដុស​ធ្មេញ​ថ្នមៗ និង​មិន​ត្រូវ​ប៉ះ​កន្លែង​ដក​ធ្មេញ​ទេ។ បន្ទាប់​ពី ២៤​ម៉ោង​ក្រោយ​វះ​ដក​ធ្មេញ​រួច យើង​​អាច​ខ្ពុរ​មាត់​ថ្នម​ៗ ជាមួយ​ទឹក​អំបិល​ក្ដៅ​ឧណ្ហ​ៗ ក្នុង​រយៈ​ពេល​ពីរ​ម៉ោង​ម្ដង និង​ក្រោយ​ពេល​ញ៉ាំ​អាហារ​រួច ដោយយើង​​ត្រូវ​ធ្វើ​បែប​នេះ​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍ ក្រោយ​ពី​វះ​ដក​ធ្មេញ​រួច។
  • ប្រសិន​បើ​យើង​ជា​អ្នក​​ជក់​បារី ​ត្រូវ​តម​បារី​ក្នុង​រយៈ​ពេល ៤៨​ម៉ោង​ដំបូង​សិន។ ប្រសិន​បើ​យើង​ជា​អ្នក​​ចុក​ថ្នាំ​ជក់ យើង​ត្រូវ​ផ្អាក​វា​យ៉ាង​តិច​ ឲ្យ​បាន​មួយ​សប្ដាហ៍​ដែរ ដោយ​សារ​ផលិត​ផល​ថ្នាំ​ជក់ ទៅ​ធ្វើ​ឲ្យ​មុខ​របួស​មិន​ងាយ​ជា​សះ​ស្បើយ​ ហើយ​ក៏​បង្ក​ឲ្យ​មាន​ផល​រំខាន​ច្រើន​ដែរ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

An Overview of Dry Socket http://www.mayoclinic.org/diseases-conditions/dry-socket/basics/symptoms/con-20025990. Accessed August 26, 2016.

Dry socket.http://www.webmd.com/oral-health/guide/dry-socket-symptoms-and-treatment. Accessed August 26, 2016.

Dry socket. https://medlineplus.gov/ency/patientinstructions/000780.htm. Accessed August 26, 2016.

Dry socket. http://www.healthdirect.gov.au/dry-socket. Accessed August 26, 2016.

កំណែ​ប្រែបច្ចុប្បន្ន

29/06/2021

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

៤យ៉ាងជួយរក្សាសុខភាពមាត់ធ្មេញបានល្អ នៅជិតអ្នកដទៃដោយជឿជាក់

ជំងឺមាត់ធ្មេញទាំង ៥ នេះកើតញឹកញាប់ជាងគេ គ្រប់គ្នាគួរដឹងនិងឆាប់ព្យាបាល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jun 29, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម