backup og meta

បាក់ឆ្អឹងថ្គាម មានអាការៈអីខ្លះ ហើយគួរឲ្យបារម្ភកម្រិតណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jul 05, 2019

    បាក់ឆ្អឹងថ្គាម មានអាការៈអីខ្លះ ហើយគួរឲ្យបារម្ភកម្រិតណា?

    បាក់ឆ្អឹងថ្គាម ជាករណីឧស្សាហ៍ជួបបំផុត ដូច្នេះ “Hello គ្រូពេទ្យ’ នឹង​លម្អិតពី​មូល​ហេតុ ផល​ប៉ះ​ពាល់ និង​វិធី​ព្យាបាល​បញ្ហាបាក់​ឆ្អឹង​ថ្គាម​ឲ្យយើងបាន​ដឹង។

    ១- បាក់​ឆ្អឹង​ថ្គាម​ដោយ​សារ​​មូលហេតុ​អ្វី?

    មាន​មូល​ហេតុ​ច្រើន​ជាប់​ពាក់ព័ន្ធ​បាក់​ឆ្អឹង​ថ្គាម ប៉ុន្តែ​ករណី​ឧស្សាហ៍​ជួប​ប្រទះ​បំផុត​មាន​ដូច​ជា៖

    – គ្រោះ​ថ្នាក់​ចរាចរណ៍ (ជិះ​ម៉ូតូ)

    – ការ​វាយ​តប់

    – ហាត់​កីឡា

    – ធ្លាក់​ពី​ទី​ខ្ពស់

    ២- ធ្វើម៉េច​ទើប​​ដឹង​ថា ​បាក់​ឆ្អឹង​ថ្គាម?

    បាក់​ឆ្អឹង​ថ្គាម នឹង​ធ្វើ​ឲ្យ​ឈឺ​ចាប់​ខ្លាំង ថែម​ទាំង​ធ្មេញ​លែង​ត្រូវ​ជួរ​គ្នា​ដូច​មុន ពិបាក​បើក​ចំហ​មាត់។ ក្រៅ​ពី​នេះ ​គឺ​ពិបាក​និយាយ និង​កន្លែង​ឆ្អឹង​ថ្គាម​បាក់​មាន​សភាព​ហើម។ ផល​ប៉ះពាល់​ដោយ​សារ​បាក់​ឆ្អឹង​ថ្គាម អាច​បង្ក​ឲ្យ​ខូចខាត​ទៅ​ដល់​សរសៃ​ប្រសាទ​មាត់​ធ្មេញ ធ្វើ​ឲ្យ​ស្ពឹក​ចង្កា និង​បបូរ​មាត់​ខាង​ក្រោម ហើយ​យើង​នឹង​ឃើញ​មាន​ឈាម​នៅ​ក្នុង​មាត់ ធ្មេញ​លែង​រត់​ត្រង់​ជួរ ឬ​មាន​របួស​នៅ​ក្រោម​អណ្ដាត ឬ​អាច​ដាច់​រន្ធ​ត្រចៀក​ថែម​ទៀត​ផង។

    បើមាន​រោគ​សញ្ញា​ដូច​ខាង​លើ​បន្ទាប់​ពី​មាន​គ្រោះថ្នាក់ សូម​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ​ព្រោះបាក់​ឆ្អឹង​ថ្គាម​អាច​បណ្ដាល​ឲ្យ​បាត់​ដង្ហើម ដោយ​សារ​តែ​បាត់បង់​ការ​គ្រប់គ្រង​ពី​អណ្ដាត​ដែល​ចាត់​ទុក​ជា​បញ្ហា​ធ្ងន់ធ្ងរ ត្រូវ​ការ​ព្យាបាល​ជា​បន្ទាន់។

    បាក់ឆ្អឹងថ្គាម Hello គ្រូពេទ្យ

    អត្ថបទពាក់ព័ន្ធ៖

  • បកស្រាយ​លម្អិត​ជុំវិញបញ្ហាឈឺ​ថ្គាម និង​វិធី​បន្ថយ​ការ​ឈឺចាប់
  • សុខៗស្រៀវធ្មេញ​ខ្លាំង ទាំង​នេះ​គឺ​ជាមូលហេតុ​ហើយ
  • ៣- រោគ​វិនិច្ឆ័យ​បាក់​ឆ្អឹង​ថ្គាម

    គ្រូ​ពេទ្យ​នឹង​​ពិនិត្យ ​ដោយ​ស្ទាប​លើ​រាងកាយ​សិន បន្ទាប់​មក​ទើប​ពិនិត្យ​ទៅ​លើ​ផ្នែក​មុខ​ដើម្បី​កំណត់​ទៅ​លើ​ភាព​ខុស​ទ្រង់ទ្រាយ និង​លក្ខណៈ​ហើម បន្ទាប់​មក​ទើប​គ្រូពេទ្យ​ពិនិត្យ​ទៅ​លើ​សន្លាក់ ​TMJ សរសៃ​ប្រសាទ​ និង​សរសៃ​ឈាម ទើប​ចាប់​ផ្ដើម​ពិនិត្យ​ឆ្អឹង​ថ្គាម តាម​រយៈ​ការ​ស្ទាប​ប៉ះ​ពី​សាច់​ខាង​ក្រៅ។

    គ្រូពេទ្យនឹង​​វិភាគ​លើ​ចលនា​ឆ្អឹង​ថ្គាម ដោយ​តម្រូវ​ឲ្យ​យើង​ខាំ​អ្វី​មួយ និង​ឆែក​មើល​ស្នាមធ្មេញខាំ។ សម្រាប់​ការ​ពិនិត្យ​ទៅ​លើ​ភាព​ជាប់​ល្អ​របស់​ឆ្អឹង​ថ្គាម គ្រូពេទ្យ​នឹង​ឲ្យ​យើង​ខាំ​បន្ទះ​ឈើ ថា​តើ​​អាច​ខាំ​ជាប់​បាន​យូរ​ដែរ​អត់។ លើស​ពី​នេះ ពេទ្យ​អាច​ត្រូវ​កាំរស្មី​អ៊ិច និង​ថត ​CT scan ដើម្បី​បញ្ជាក់​ពី​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​កាន់​តែ​ច្បាស់។

    ៤- ព្យាបាល​បាក់​ឆ្អឹង​ថ្គាម

    ការ​ឈឺ​ចាប់​នៅ​តំបន់​ឆ្អឹង​ថ្គាម មិន​មាន​ន័យ​ថា​ យើង​បាក់​ឆ្អឹង​ថ្គាម​នោះ​ទេ ព្រោះ​ក្រោយ​ការ​ពិនិត្យ​ បើ​មិន​មាន​បាក់​ឆ្អឹង​ថ្គាម​ទេ​នោះ ពេទ្យ​នឹង​ឲ្យ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ឬ​ញ៉ាំ​អាហារ​ទន់​មួយ​រយៈ​ពេល​សិន រួច​ចាំ​មក​ពិនិត្យ​ម្ដង​ទៀត។

    បើ​ក្នុង​ករណី​មាន​ការ​បាក់​ឆ្អឹង​ថ្គាម​វិញ​ ការ​ព្យាបាល​ អាស្រ័យ​ទៅ​លើ​កម្រិត​បាក់​ឆ្អឹង ដូចជា​ក្នុង​ករណី​បាក់​ឆ្អឹង​ថ្គាម​ធ្ងន់ធ្ងរ និង​របូត​សន្លាក់​ឆ្អឹង ត្រូវ​ធ្វើ​ការ​វះកាត់។ ក្រោយ​ពេល​វះកាត់​រួច ឆ្អឹង​ថ្គាម​តែង​​ចង​ភ្ជាប់​គ្នា​​ និងរុំ​បង់​ជុំវិញ​ចង្កាក្បាល​យើង និង​មិន​អាច​ហា​មាត់​ធំ​បាន​ឡើយ។ អាការៈ​ឈឺ​ចាប់ និង​សភាព​ហើម អាច​គ្រប់គ្រង​បាន​ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​ការ​រលាក ដូចជា Ibuprofen (Advil, Motrin) និង Naproxen (Aleve)។

    ព្យាបាល​បាក់​ឆ្អឹង​ថ្គាម ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​ជា​សះ​ស្បើយ​ យើង​នឹង​មិន​អាច​ហា​មាត់​បាន​ហោច​ណាស់ ៦ ​សប្ដាហ៍។ អាហារ​អាច​ញ៉ាំ​បាន ជា​សារធាតុ​រាវ​ដើម្បី​ផ្គត់ផ្គង់​សារធាតុ​ចិញ្ចឹម​អំឡុង​ពេល​ព្យាបាល​ក្រោយ​វះកាត់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jul 05, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម