សុខភាពមាត់ធ្មេញ ជាការសំខាន់ មិនថាសម្រាប់កូនតូចៗ ឬមនុស្សពេញវ័យទេ បើមិនថែទាំឲ្យបានល្អ អាចនឹងបង្កជារោគពុកធ្មេញ ចុងក្រោយត្រូវចំណាយច្រើនដើម្បីព្យាបាល ហើយអាចត្រូវពាក់ធ្មេញក្លែងក្លាយ។ អ៊ីចឹងហើយ ប៉ាម៉ាក់ត្រូវបង្រៀនកូចតូចៗពីវិធីដុសធ្មេញត្រឹមត្រូវឲ្យហើយ។
១- ពេលវេលាចាប់ផ្ដើមដុសសម្អាតធ្មេញ
ជាធម្មតា អូនតូចៗចាប់ផ្ដើមដុះធ្មេញដំបូងអំឡុងអាយុ ៦ ខែក្រោយសម្រាល ហេតុនេះពេលមានធ្មេញដុះមកហើយ ក៏ជាពេលល្អគួរចាប់ផ្ដើមសម្អាតធ្មេញអូនៗ ដោយប្រើកំណាត់ទទឹកជូតសម្អាត ឬកូនច្រាសដុសធ្មេញផ្ដិតមកជាមួយទឹកដុសថ្មមៗ។ គួរសម្អាតធ្មេញឲ្យអូនៗ ២ ដង/ថ្ងៃ ពេលព្រឹក និងពេលយប់មុនចូលគេង ហើយចាំថា ត្រូវសម្អាតគ្រប់ផ្ទៃធ្មេញទាំងអស់។
សម្រាប់ប្រភេទច្រាសដុសធ្មេញ ក៏សំខាន់សម្រាប់កូនតូចៗដែរ ដោយត្រូវមានក្បាលច្រាសតូច និងមានសរសៃទន់ ហើយសម្រាប់ការប្រើថ្នាំដុសធ្មេញវិញ គួរចងចាំដូចខាងក្រោម៖
– កូនក្មេងអាយុ ០-៨ ខែសម្អាតដោយទឹកប៉ុណ្ណោះ ហាមប្រើថ្នាំដុសធ្មេញ
– ចាប់ពី ១៨ ខែ ដល់ ៦ ឆ្នាំ ប្រើថ្នាំដុសធ្មេញសម្រាប់ក្មេងដែលមានជាតិភ្លុយអរទាប
– ចាប់ពីអាយុ ៦ ឆ្នាំឡើងទៅ ប្រើប្រាស់ថ្នាំដុសធ្មេញមានជាតិភ្លុយអរធម្មតា។
បើកូនតូចៗមិនស្ដាប់បង្គាប់ នៅពេលបង្រៀនដុសសម្អាតធ្មេញ យើងអាចប្រើវិធីសាស្ត្រខាងក្រោម៖
– ឲ្យអូនៗអង្គុយលើភ្លៅ បែរមុខផ្ទុយពីយើង
– ទប់ចង្កាអូនតូចៗដោយដៃម្ខាង ហើយក្បាលមកប៉ះខ្លួនយើង
– ដុសសម្អាតគ្រប់ផ្ទៃធ្មេញ រួមជាមួយអញ្ចាញធ្មេញ ក្នុងចលនាជារង្វង់តូចៗ
– ក្រោយដុសធ្មេញរួច ឲ្យអូនៗខ្ជាក់ថ្នាំដុសធ្មេញចេញ មិនត្រូវលេបចូលពោះ ឬខ្ពុលជាមួយទឹកទេ ព្រោះវាអាចលាងជាតិភ្លុយអរសម្រាប់ការពារធ្មេញអស់។ រឿងខ្ជាក់ចោល ចំពោះអូនៗអាចពិបាកតិច ហេតុនេះគួរបង្ហាញពីរបៀបខាកស្ដោះឲ្យអូនៗមើល។
អត្ថបទពាក់ព័ន្ធ៖
- របៀបទប់ទល់ និងកម្ចាត់ ជំងឺមាត់ធ្មេញឧស្សាហ៍កើត ៥ប្រភេទ
- ដុះថ្គាមទាល់ គួរដកចេញអត់ បើវាអត់ដែលឈឺសោះ?
២- វីធីសាស្រ្តងាយៗអាចធ្វើឲ្យអូនៗព្រមដុសធ្មេញ
– បង្កើតជាហ្គេមកម្សាន្តជាមួយកូន នៅពេលដុសធ្មេញ ដូចជា លេងធ្វើជាតួសម្ដែងរវាងអូនៗ និងតុក្កតាសំណព្វចិត្តអូនៗ ឲ្យអូនៗធ្វើជាគ្រូពេទ្យធ្មេញ ឯតុក្កតាជាអ្នកជំងឺ។ បន្ទាប់មក ឲ្យអូនតូចដុសធ្មេញឲ្យតុក្កតា ដោយដាស់តឿនអូនៗត្រូវសម្អាតផ្ទៃធ្មេញទាំងសងខាង។ វិធីនេះជាតិចនិកល្អមួយដើម្បីដាស់តឿនអូនៗឲ្យដុសធ្មេញខ្លួនឯងដូចគ្នា។
– ដោយសារក្មេងចូលចិត្តធ្វើត្រាប់តាមមនុស្សធំ ហេតុនេះគួរឲ្យសមាជិកគ្រួសារណាម្នាក់បង្ហាញពីរបៀបដុសធ្មេញឲ្យអូនៗបានឃើញ។
– ព្យាយាមដុសសម្អាតធ្មេញ ដោយមិនបាច់ប្រើថ្នាំដុសធ្មេញ បើអូនៗមិនចូលចិត្តរសជាតិថ្នាំដុសធ្មេញ បន្ទាប់មកចាំសាកប្រើថ្នាំដុសធ្មេញមានជាតិភ្លុយអរទាប ក្នុងកម្រិតតិចបំផុត ដើម្បីឲ្យអូនៗស៊ាំទៅនឹងរសជាតិ។
– បើអូនៗមិនព្រមរៀនដុសធ្មេញក្នុងបន្ទប់ទឹកទេ អាចជ្រើសរើសកន្លែងផ្សេងទៀតក៏បាន។
– សម្រាប់ក្មេងរាងធំបន្តិច គួរផ្ដល់រង្វាន់លើកទឹកចិត្ត កត់ចំនួនដុសធ្មេញ ២ ដង/ថ្ងៃ នៅលើប្រតិទិន និងផ្តល់ជារង្វាន់ ពេលកូនអាចសម្រេចបានគោលដៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]