ចូលដល់អាយុ ៥០ ឡើង ភាគច្រើនជាវ័យអស់រដូវរបស់ស្រ្តី ហើយជាពេលវេលាដែលស្ត្រីងាយប្រឈមនឹងបញ្ហាសុខភាពខ្លាំង។ ដូចនេះលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានផ្ដល់ដំបូន្មានថា របបអាហារដើរតួនាទីសំខាន់ជួយទ្រទ្រង់សុខភាព ស្ត្រីក្រោយពេលអស់រដូវ ប៉ុន្តែអាហារខ្លះក៏មិនគួរញ៉ាំដែរ។
១. អាហារគួរញ៉ាំ
ស្ត្រីដែលអស់រដូវគួរញ៉ាំអាហារដែលបង្កើនការធ្វើមេតាប៉ូលិស និងអ័រម៉ូនអឺស្ត្រូសែន។ ប្រភេទបន្លែបៃតងមានដូចជា ខាត់ណាបៃតង ឬពពួកស្ពៃ មានលទ្ធភាពប្រឆាំងនឹងការរលាក បង្កើនមេតាប៉ូលិស និងអឺស្ត្រូសែន ជួយរាងកាយមិនឲ្យបញ្ចេញអ័រម៉ូនទាំងនេះច្រើន។ ចំណែកអាហារផ្សេងៗទៀតដែលមានប្រសិទ្ធភាពប្រហាក់ប្រហែលនេះដែរ ដែលមានផ្ទុកអាស៊ីដខ្លាញ់អូមេហ្គា ៣ រួមមានត្រីសាល់ម៉ុន និងត្រីសាឌីន ក៏ស្ត្រីវ័យអស់រដូវគួរតែញ៉ាំឲ្យបានញឹកញាប់ផងដែរ។ ក្រៅពីនោះមានដូចជា៖
– សាច់មាន់
– ស៊ុត
– ពពួកសណ្ដែក
– ផ្លែប៊ើរី
– យ៉ាអួ
– តែបៃតង
– បន្លែស្លឹកបៃតង
– ផឹកទឹកឲ្យបានច្រើន
– ញ៉ាំជាតិកាល់ស្យូមឲ្យបានគ្រប់គ្រាន់
– ញ៉ាំអាហារសម្បូរជាតិដែក
– ញ៉ាំអាហារសម្បូរជាតិកាកសរសៃ។
ចំណុចសំខាន់មួយទៀតដែលស្ត្រីត្រូវអនុវត្តមិនខាន គឺការញ៉ាំអាហារសម្បូរជាតិកាល់ស្យូមដែលមានដូចជាឈីស ពិសេសទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោទាំងអស់។ ប្រសិនបើមិនអាចញ៉ាំអាហារទាំងនោះបានគ្រប់គ្រាន់អាចស្វែងរកពពួកថ្នាំជាតិកាល់ស្យូម ដើម្បីការពារកុំឲ្យឈឺចាប់ឆ្អឹង និងមានជំងឺពុកឆ្អឹង។
វេជ្ជបណ្ឌិតតំណាងគ្រូពេទ្យវះកាត់ផ្នែករោគស្ត្រីអាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បន្ថែមទៀតថា ការថយចុះអ័រម៉ូនអឺស្ត្រូសែនធ្វើឲ្យស្ត្រីមានអាការៈក្ដៅមុខ ក្ដៅមាត់ និងបែកញើសជាប្រចាំ។ ការព្យាបាលដោយប្រើអ័រម៉ូន និងរុក្ខជាតិចម្រាញ់ពីសណ្ដែកសៀង ឬរុក្ខជាតិផ្សេងទៀត រួមជាមួយនឹងវេជ្ជបញ្ជាពីគ្រូពេទ្យ ក៏អាចធ្វើទៅបានដែរ ដើម្បីបន្ថយសញ្ញាទាំងនោះបាន។
២. អាហារមិនគួរញ៉ាំ
ការអស់រដូវច្រើនតែធ្វើឲ្យឡើងទម្ងន់ ហើយមានការប្រែប្រួលអារម្មណ៍ទៅជាឆាប់ខឹង សុខភាពឆ្អឹងខ្សោយ និងការផ្លាស់ប្ដូរអ័រម៉ូន។ កម្រិតអ័រម៉ូនអឺស្ត្រូសែនចាប់ផ្ដើមធ្លាក់ចុះក្នុងកំឡុងពេល ១២ ខែដំឡូងនៃការអស់រដូវ ដែលបណ្ដាលឲ្យឡើងទម្ងន់ កម្រិតកូឡេស្តេរ៉ុលខ្ពស់ និងការកើនឡើងហានិភ័យជំងឺរ៉ាំរ៉ៃមួយចំនួនទៀត។ បញ្ហាសំខាន់មួយទៀត នោះគឺត្រូវរក្សាទម្ងន់ឲ្យថេរ ព្រោះកាលណាទម្ងន់ឡើងជាសញ្ញាមិនល្អនោះទេ វាអាចបង្កផលវិបាកធ្ងន់ធ្ងរដល់សុខភាព ជាពិសេសវាបង្កើនហានិភ័យជំងឺមហារីកសុដន់ ជំងឺធ្លាក់ទឹកចិត្ត ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទ ២។ ហេតុនេះ គួរតែរក្សារបៀបរស់នៅឲ្យបានល្អ ធ្វើលំហាត់ប្រាណជាប្រចាំ និងទទួលទានអាហារឲ្យមានតុល្យភាព ដើម្បីជួយទប់ស្កាត់ការឡើងទម្ងន់។ ដូចនេះពពួកអាហារមួយចំនួនខាងក្រោមមិនគួរញ៉ាំទេ៖
– អាហារមានជាតិខ្លាញ់ខ្ពស់
– អាហារប្រើស្ករ និងអំបិលខ្ពស់
– គ្រឿងស្រវឹង
– ជាតិកាហ្វេអ៊ីន
– អាហារហឹរ
– អាហារកែច្នៃ
ត្រូវចាំថា ស្ត្រីក្នុងវ័យពី ៦០-៧៥ ឆ្នាំច្រើនមានជំងឺ ឈឺឆ្អឹង ហើយស្ត្រីប្រឈមនឹងជំងឺពុកឆ្អឹង ៤ដងលើសបុរស ដូច្នេះសូមបង្កើនការប្រុងប្រយ័ត្ន ប្រសិនបើអ្នកមានរាងស្តើងស្រាប់ ឬធ្លាប់ជួបបញ្ហាពុកឆ្អឹងត្រូវប្រយ័ត្ន ព្រោះអាចប៉ះទង្គិចរហូតបាក់ឆ្អឹង។
[embed-health-tool-ovulation]