បើនិយាយពីរឿង ធ្លាក់ស វាជារឿងទូទៅមួយសម្រាប់ស្រីៗគ្នាយើងទៅហើយ។ ការធ្លាក់ស មានច្រើនប្រភេទខុសគ្នាៗ ផ្អែកទៅតាមពណ៌ ក្លិន និងទម្រង់របស់វា ហើយស្រីៗខ្លះធ្លាក់សធម្មតា ចំណែកគ្នាយើងខ្លះទៀត អាចមានបញ្ហាទាក់ទងនឹងការធ្លាក់ស ដែលទាមទារឲ្យមានការព្យាបាល។
បញ្ហាធ្លាក់សខុសប្រក្រតី អាចបណ្ដាលមកពីការឆ្លងរោគមាន ដូចជា ពពួក Vaginosis, Candidiasis (បង្ករោគដោយផ្សិត) និងមេរោគ Trichomoniasis។ បាក់តេរី Vaginosis និង Candidiasis អាចឆ្លងទោះបីយើងមិនបានរួមភេទក្ដី ខណៈជំងឺប្រមេះ អាចធ្វើឲ្យស្រីៗធ្លាក់សខុសប្រក្រតីដូចគ្នា ហើយមេរោគមួយនេះ ឆ្លងតាមរយៈការរួមភេទមិនបានការពារ។ នេះបើតាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនសែនសុខ។
ក្នុងករណីដែលអាការៈធ្លាក់សមានការប្រែប្រួលខុសធម្មតា អាចបញ្ជាក់ពីវត្តមានមេរោគ ឬជំងឺអ្វីមួយ ដែលយើងអាចដឹងបានតាមរោគសញ្ញាដូចជា៖
– មានក្លិនស្អុយ
– ពណ៌បៃតង ពណ៌ប្រផេះ ឬមានសភាពដូចខ្ទុះ
– មានលក្ខណៈពពុះ ឬស្រដៀងឈីស
– ទ្វារមាសរមាស់ ក្ដៅ ហើម ឡើងក្រហម ឬមានសភាពមិនប្រក្រតី
– មានធ្លាក់ឈាម ទោះមិនមែនជាពេលមករដូវ។
ចេញសញ្ញាអ្វីខ្លះទើបត្រូវជួបគ្រូពេទ្យ?
ស្រីៗយើង បើឃើញធ្លាក់សមានសញ្ញាដូចដែលបានរៀបរាប់ខាងលើ និងសញ្ញារួមផ្សំប៉ុន្មាននេះត្រូវប្រយ័ត្ន ហើយគួរទៅពិនិត្យជាមួយគ្រូពេទ្យដូចជា៖
- ក្ដៅខ្លួន
- ចុកពោះ
- ធ្លាក់ឈាមខុសធម្មតា
- ស្រកទម្ងន់មិនដឹងមូលហេតុ
- អស់កម្លាំង
- ឈឺនោមញឹកញាប់។ល។
ការបង្ករោគមិនមែនជាមូលហេតុតែមួយដែលធ្វើឲ្យធ្លាក់សខុសប្រក្រតីនោះទេ។ ជួនកាល ការធ្លាក់សខុសប្រក្រតីក៏អាចបណ្ដាលមកពី ជំងឺមហារីកមាត់ស្បូន ជំងឺកាមរោគ រលាកទ្វារមាស ជំងឺស្វិតទ្វារមាស និងប្រើប្រដាប់បាញ់លាងសម្អាតទ្វារមាស ស្រោមអនាម័យ ឬសំឡីអនាម័យស្ទះក្នុងទ្វារមាសជាដើម។
វិធីការពារបញ្ហាធ្លាក់សខុសប្រក្រតី៖
– មានអនាម័យទ្វារមាស ដោយលាងសម្អាតជាមួយសាប៊ូស្រាលៗ និងទឹកក្ដៅឧណ្ហៗ
– កាត់បន្ថយប្រើគ្រឿងសម្អាងមានក្លិន និងការងូតទឹកពពុះសាប៊ូ
– ហាមប្រើទឹកបាញ់លាងទ្វារមាស
– បន្ទាប់ពីបន្ទោបង់រួច ត្រូវជូតសម្អាតពីខាងមុខទៅក្រោយ ដើម្បីការពារកុំឲ្យមេរោគចូលទៅក្នុងទ្វារមាសបាន
– ស្លៀកខោទ្រនាប់ផលិតពីកប្បាស និងមិនត្រូវស្លៀកខោរឹបតឹងខ្លាំងទេ។
[embed-health-tool-ovulation]