ស្បូន គឺជាផ្នែកមួយសំខាន់នៅក្នុងរាងកាយរបស់មនុស្សស្រី ហើយវាក៏ជាកន្លែងសម្រាប់បង្កកំណើតរបស់ស្រីៗផងដែរ។ ប៉ុន្តែ ដូចនឹងផ្នែកសរីរាង្គដទៃដែរ ស្បូនក៏អាចប្រឈមនឹងការជំងឺផ្សេងៗច្រើនដែរ ដូចជា គីស ដុំស្បូន មហារីកស្បូន ឬកើតជំងឺរលាកដៃស្បូន។ល។
ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ បានបកស្រាយឲ្យដឹងថា បើយើងនិយាយពីដៃស្បូនស្ត្រី គឺមាន២សងខាង ហើយជំងឺរលាកដៃស្បូននេះ អាចកើតលើម្ខាង ឬទាំងសងខាង ដែលពេទ្យអាចចែកចេញជា២ប្រភេទដែរដូចជា រលាកដៃស្បូនស្រួចស្រាល់ និងរលាកដៃស្បូនរ៉ាំរ៉ៃ។
កត្តាបង្កអ្វី បណ្ដាលឲ្យស្ត្រីប្រឈមនឹងកើតជំងឺរលាកដៃស្បូន?
ភាគច្រើន ខាងក្រុមគ្រូពេទ្យរកឃើញថា មូលហេតុបណ្ដាលឲ្យស្ត្រីកើតជំងឺដៃស្បូនមានដូចជា៖
– ឆ្លងជំងឺកាមរោគតាមទ្វារមាស (ប្រមេះ ស្វាយ អេដស៍…)
– ខ្វះអនាម័យសរីរាង្គបន្តពូជ
- មានប្រព័ន្ធភាពស៊ាំចុះខ្សោយ
– ធ្លាប់យកកូនចេញ (មិនគោរពតាមបទបញ្ជាពេទ្យត្រឹមត្រូវ បណ្ដាលឲ្យបង្ករោគ)
– រួមភេទមិនការពារ ឬមានដៃគូររួមភេទច្រើន
– ធ្លាប់វះកាត់តំបន់អាងត្រគាក ។ល។
បញ្ជាក់៖ ស្ត្រីដែលរួមភេទច្រើន (ស្រីៗរកស៊ីផ្លូវភេទ) មានភាគរយខ្ពស់ប្រឈមនឹងជំងឺរលាកដៃស្បូន។
លោកបន្តថា ចំពោះជំងឺរលាកដៃស្បូននេះ មិនបង្ករោគសញ្ញាអីគួរដឹងមុនទេ ប៉ុន្តែប្រសិនវាចេញជារោគសញ្ញានោះ យើងអាចកត់សម្គាល់នូវសញ្ញាដូចជា៖
- ធ្លាក់សធុំក្លិនអាក្រក់
- ធ្លាក់សពណ៌លឿង
- ឈឺពេលមករដូវ ឬរួមភេទ
- ចុកពោះ
- ក្អួត ចង្អោរ
- ក្ដៅខ្លួន។ល។
វេជ្ជបណ្ឌិតផ្នែកសម្ភព និងរោគស្ត្រីរូបនេះបញ្ជាក់ថា ជំងឺរលាកដៃស្បូននេះ អាចបង្កផលប៉ះពាល់ច្រើន ក្នុងករណីដែលមិនបានព្យាបាលត្រឹមត្រូវដូចជា មិនអាចមានកូន ឬកូនក្រៅស្បូន ការរលាកអាចរាលដាលដល់សរីរាង្គក្បែរៗ កើតបូសនៅដៃស្បូន ឬឈឺចុកពោះ ឬត្រគាកក្នុងរយៈពេលយូរ។ល។
ហេតុនេះ លោកណែនាំឲ្យស្រីៗ ពិសេសស្ត្រីវ័យចំណាស់ ដែលមានរោគសញ្ញាខាងលើ ឬសង្កេតឃើញថាមានភាពមិនប្រក្រតីត្រង់តំបន់ស្បូន ទៅពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវ។
[embed-health-tool-ovulation]