ក្រោយសម្រាលកូនរួច ម៉ាក់ៗទើបមានកូនដំបូង តែងបារម្ភ និងចង់ដឹងពីបញ្ហាសុខភាពច្រើន ទាំងសុខភាពទូទៅ និងផ្លូវភេទ។ ពាក់ព័ន្ធបញ្ហាផ្លូវភេទក្រោយសម្រាលវិញ ស្រីៗតែងតែសួរញឹកពី ៤ សំណួរខាងក្រោមនេះ ដែលក្រុមការងារយើងបានលើកយកមកបកស្រាយជាមួយប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។
សំណួរ ទី១. សម្រាលកូនរួច ពេលណាអាចរួមភេទបាន?
ចម្លើយ៖ ចាស់ៗត្រណមច្រើន ក្នុងនោះតម្រូវឲ្យស្ត្រីជាម្តាយតមរួមភេទដល់ទៅ ៣ខែ ក្រោយសម្រាលកូនរួច។ តែបើតាមក្បូនពេទ្យវិញអះអាងថា ក្រោយសម្រាលកូនរួច ៦សប្តាហ៍ រាងកាយ និងទ្វារមាសស្ត្រីអាចវិលត្រលប់មកសភាពធម្មតាវិញហើយ ដែលអំឡុងពេលនេះស្ត្រីអាចទៅជួបគ្រូពេទ្យតាមការណាត់ដើម្បីពិនិត្យមើល បើមិនមានបញ្ហាទេ អាចចាប់ផ្តើមរឿងគ្រែជាមួយដៃគូវិញបាន។
សំណួរ ទី២. រួមភេទលើកដំបូងបន្ទាប់សម្រាលរួច អាចឈឺចាប់ទេ?
ចម្លើយ៖ ជាការពិតការរួមភេទលើកដំបូងបន្ទាប់ពីសម្រាលកូនរួច ស្ត្រីអាចនឹងឈឺចាប់ ដោយសារតែទ្វារមាសស្ងួត ដោះស្រាយបញ្ហានេះ គួរប្រើទឹករម្អិលជាជំនួយ។
សំណួរ ទី៣. រួមភេទក្រោយសម្រាលដោយមិនបានការពារ អាចមានកូនអត់?
ចម្លើយ៖ ជាទូទៅក្រោយសម្រាលកូនរួចភ្លាម ស្ត្រីមិនទាន់មករដូវវិញទេ ហើយវដ្តរដូវអាចមកវិញយូរ ឬឆាប់អាស្រ័យទៅលើការបំបៅដោះកូន។ ចំពោះស្ត្រីដែលបំបៅដោះកូនទៀងទាត់ ហើយញឹកញាប់អាចពន្យារការមករដូវកាន់តែយូរ ហើយថែមទាំងអាចជួយពន្យារកំណើតបានទៀតផង។ ចំពោះស្ត្រីដែលបំបៅដោះកូនមិនបានទៀងទាត់ ឬបំបៅដោយម្សៅទឹកដោះគោ ទោះជាមករដូវ ឬមិនទាន់មករដូវក្តី បើរួមភេទដោយមិនបានការពារទេនោះ អាចនឹងមានកូនបាន។
សំណួរ ទី៤. ហេតុអីស្រីៗខ្លះមិនសូវមានចំណង់ផ្លូវភេទក្រោយសម្រាល?
មានមូលហេតុច្រើនធ្វើឲ្យចំណង់ផ្លូវភេទស្ត្រីក្រោយសម្រាលហាក់ថយចុះ មិនសូវនឹកនានោះទេ ទី១ ដោយសារស្ត្រីហត់នឿយនឹងការមើលថែទាំកូន ទី២ គេងក៏មិនបានគ្រប់គ្រាន់ រវល់តែមើលកូនតូចទាំងយប់ទាំងថ្ងៃ ទី៣ ករណីបាក់ទឹកចិត្តក្រោយសម្រាល ជាបញ្ហាប្រឈមធ្វើឲ្យស្ត្រីបាត់ចំណង់ផ្លូវភេទដែរ ហើយជាបញ្ហាធ្ងន់ធ្ងរទៀតផង។
[embed-health-tool-ovulation]