backup og meta

ចេះ​តែ​រមាស់​ចុង​សុដន់​ ​មក​ពី​​មូលហេតុ​អ្វី​? គួរ​ធ្វើ​ម៉េច​ល្អ​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 02, 2021

    ចេះ​តែ​រមាស់​ចុង​សុដន់​ ​មក​ពី​​មូលហេតុ​អ្វី​? គួរ​ធ្វើ​ម៉េច​ល្អ​?

    កត្តា​​ជា​ច្រើន​ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អាការៈ​រមាស់​ចុង​សុដន់​ជា​ញឹកញាប់​។​ ពិត​ណាស់​ ចុង​សុដន់​គឺ​ជា​ផ្នែក​មួយ​នៃ​រាងកាយ​ដែល​ងាយ​រងគ្រោះ​ ​​រលាក​ដោយ​​ការ​កកិត​ កើត​​​ត្រអក​  ដោយ​ការ​បំបៅ​ដោះ​ ឬ​ការ​មាន​ផ្ទៃពោះ​ជាដើម។​ ប៉ុន្តែ​ នៅ​ក្នុង​​ករណី​កម្រ​ខ្លះ​ ការ​រមាស់​​ចុង​សុដន់​​​ក៏​អាច​ជា​សញ្ញា​នៃ​​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​ផង​ដែរ។​ យ៉ាង​ណា​មិញ​ ប្រសិន​បើ​យើង​​ប្រើប្រាស់​ថ្នាំ​បំបាត់​អាការៈ​រមាស់​ប៉ុន្មាន​សប្ដាហ៍​ហើយ​ នៅ​តែ​មិន​បាត់​ទៀត​នោះ​ យើង​​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។ កត្តា​ខាង​ក្រោម​នេះ​ អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​កើត​មាន​អាការៈ​រមាស់​នៅ​ចុង​សុដន់​។

    . អាកាសធាតុ

    អាកាសធាតុ​ត្រជាក់​ ឬ​ក្ដៅ​ អាច​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​ទាំង​មូល​​មាន​ការ​រមាស់​ រួម​ទាំង​សុដន់​ និង​ចុង​សុដន់​ផង​ដែរ​។​ ដូច្នេះ​ហើយ​ ចូរ​ងូត​​ទឹក​ក្ដៅ​ឧណ្ហៗ​​​មិន​ឲ្យ​លើស​ពី​១០​នាទី​ និង​ជៀសវាង​ងូត​ទឹក​ក្ដៅ​ខ្លាំង​ ដែល​អាច​ធ្វើ​ឲ្យ​​ប្រេង​ធម្មជាតិ​នៃ​ស្បែក​បាត់បង់​។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​គួរ​​ជូត​សម្អាត​បរិវេណ​​សុដន់​​ឲ្យ​​នៅ​មាន​សល់​​សំណើម​តិច​ៗ​ ព្រម​ទាំង​លាប​​​ក្រែម​សម្រាប់​លាប​ចុង​សុដន់​​ឲ្យ​រាង​ក្រាស់​បន្តិច ដើម្បី​កម្ចាត់​បញ្ហា​រមាស់​នេះ​។​​

    . សាប៊ូ​​

    សាប៊ូ ឡេ​លាប​ស្បែក​ ឬ​ទឹក​ក្រអូប​សម្រាប់​បោក​ខោ​អាវ​ អាច​ជា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ចុង​សុដន់​របស់​យើង​រមាស់​បាន។​ ជា​ទូទៅ​ សារធាតុ​គីមី​នៅ​ក្នុង​ផលិតផល​លាង​សម្អាត​ជា​ច្រើន​​​ អាច​បណ្ដាល​​ឲ្យ​ស្បែក​របស់​យើង​កើត​​កន្ទួល​រមាស់​។​ ដើម្បី​​​បំបាត់​បញ្ហា​នេះ​ គ្នា​យើង​អាច​ផ្លាស់ប្ដូរ​ប្រើប្រាស់​ផលិតផល​ដែល​មិន​បង្ក​ជា​អាលែកហ្ស៊ី​ និង​មិន​មាន​ក្លិន​ក្រអូប​ជំនួស​វិញ​។

    . ​អាវ​ទ្រនាប់

    ការ​រលាក​ស្បែក​  អាច​បណ្ដាល​ឲ្យ​មាន​ស្នាម​ក្រហម​ និង​រមាស់​នៅ​បរិវេណ​នៃ​ស្បែក​សុដន់​ និង​ចុង​សុដន់​ដែល​ប៉ះពាល់​ផ្ទាល់​ទៅ​នឹង​​សាច់​ក្រណាត់​។​ ​ប្រសិនបើ​ស្រីៗ​យើង​មាន​អារម្មណ៍​រមាស់​ នៅ​ពេល​ដែល​ចាប់ផ្ដើម​ពាក់​អាវ​ទ្រនាប់​ថ្មីៗ​ ចូរ​​សាកល្បង​ផ្លាស់ប្ដូរ​ទៅ​ប្រើ​អាវ​ទ្រនាប់​ចាស់​ៗ​មួយ​រយៈ​សិន​ និង​សង្កេត​មើល​ថា​តើ​ការ​រមាស់​នៅ​ចុង​សុដន់​នោះ​ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​​ឬ​យ៉ាង​ណា​?

    សុដន់២

    . ​ការ​កកិត

    ចុង​សុដន់​របស់​យើង​អាច​សង្កៀរ​ ​នៅ​ពេល​ដែល​យើង​កកិត​ទៅ​នឹង​​សំលៀកបំពាក់​ ខណៈ​ពេល​ដែល​យើង​ធ្វើ​លំហាត់​ប្រាណ​ ឬ​ក៏​ពាក់​អាវ​ទ្រនាប់​តឹង​ពេក​។​ ជា​ទូទៅ​ វា​មាន​អាការៈ​ឈឺ​ចាប់​ជាង​រមាស់​ទៅ​ទៀត​។​ ប្រសិនបើ​ស្រីៗ​យើង​ជួប​ប្រទះ​បញ្ហា​នេះ​ ចូរ​លាប​ប្រេង​ចាហួយ​ទៅ​បរិវេណ​នោះ​ មុន​ពេល​ធ្វើ​លំហាត់​ប្រាណ​ ដើម្បី​ការពារ​ពី​ការ​រលាក​ ក៏​ដូចជា​​ពាក់​អាវ​ទ្រនាប់​ឲ្យ​បាន​ត្រឹមត្រូវ​ ដោយ​មិន​តឺង​ ឬ​ធូរ​ពេក​ឡើយ​​។

    . ការ​មាន​ផ្ទៃ​ពោះ

    ការ​ឡើង​ទម្ងន់​ ចាញ់​កូន​ ប្រែប្រួល​អ័រម៉ូន​ និង​រមាស់​ចុង​សុដន់​ គឺ​សុទ្ធតែ​ជា​អាការៈ​​របស់​អ្នក​មាន​ផ្ទៃ​ពោះ​។​ កត្តា​ផ្លាស់ប្ដូរ​អ័រម៉ូន​ និង​ភាព​យឺត​នៃ​ស្បែក​នឹង​កើត​ឡើង​ ដោយ​សារ​តែ​សុដន់​ និង​ចុង​សុដន់​របស់​យើង​រីក​ធំ​​ ដើម្បី​ត្រៀម​បំបៅ​ដោះ​កូន​។​ ដូច្នេះ​ហើយ​ ការ​លាប​ប្រេង​ដូង​ ឬ​ប្រភេទ​ថ្នាំ​Lanolin Ointment នៅ​ពេល​ចុង​សុដន់​ អាច​កាត់​បន្ថយ​បញ្ហា​រមាស់​នេះ​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព​។

    . ការ​បំបៅ​ដោះ​កូន

    កាក​សំណល់​ទឹក​ដោះ​ ការ​ស្ទះ​ថង់​ទឹក​ដោះ និង​បញ្ហា​ផ្សេង​ទៀត​​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បំបៅ​ដោះ​កូន​ គឺ​សុទ្ធ​តែ​អាច​​ធ្វើ​ឲ្យ​ចុង​សុដន់​មាន​អាការៈ​រមាស់​ និង​ឈឺ​ចាប់​។​ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​គួរ​ថែទាំ​បរិវេណ​សុដន់​ឲ្យ​បាន​ស្អាត​ និង​ស្ងួត​ល្អ​ ក៏​ដូចជា​បន្ត​​បំបៅ​ដោះ​កូន​​​ត​ទៅ​ទៀត​។​ ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាក់ៗ​​ក៏​អាច​ប្រើប្រាស់​ប្រភេទ​បន្ទះ​ជែល​ស៊ីលីកូន​ (Silicone Gel Pad) ​ត្រជាក់​ ដែល​រក្សា​ទុក​នៅ​ក្នុង​ទូរ​ទឹកកក​ ដើម្បី​កាត់​បន្ថយ​ការ​រមាស់​នេះ​បាន​ផង​ដែរ​​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម