backup og meta

​រូប​មន្ត​ម៉ាស​​​ផ្លែឈើ​៤មុខ​ កម្ចាត់​មុន​ ​ធ្វើ​​ឲ្យ​ស្បែក​ភ្លឺ​ក្មេង​ជាង​វ័យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 05, 2021

    ​រូប​មន្ត​ម៉ាស​​​ផ្លែឈើ​៤មុខ​ កម្ចាត់​មុន​ ​ធ្វើ​​ឲ្យ​ស្បែក​ភ្លឺ​ក្មេង​ជាង​វ័យ

    ជំនួស​ឲ្យ​ការ​ចំណាយ​ប្រាក់​ច្រើន​​ទៅ​លើ​ផលិតផល​ថែ​រក្សា​សម្រស់​​ថ្លៃ​ៗ ស្រីៗ​យើង​អាច​ងាក​មក​សាកល្បង​​រូបមន្ត​ធម្មជាតិ​​ទាំង​នេះ​ ដើម្បី​​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ថ្លា​ និង​ក្មេង​ជាង​វ័យ​ម្ដង​ទៀត។​ ពិត​ណាស់​ គ្រឿង​ផ្សំ​ធម្មជាតិ​​មិន​ត្រឹម​តែ​ងាយ​ស្រួល​រក​ប៉ុណ្ណោះ​​ទេ​ ប៉ុន្តែ​វា​​ថែម​ទាំង​មាន​ប្រសិទ្ធភាព​ហួស​ពី​ស្មាន​ទៀត​ផង​​។​ ម្យ៉ាង​វិញ​ទៀត​ យើង​ក៏​មិន​ចាំបាច់​ព្រួយបារម្ភ​​ថា​ស្បែក​អាច​នឹង​​ប្រតិកម្ម​បន្ទាប់​ពី​ប្រើប្រាស់​រួច​ដូច​ផលិតផល​មួយ​ចំនួន​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​ផង​ដែរ។

    . ម៉ាស​​ផ្លែ​ប័រ​ធ្វើ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ

    ​​​​​​​ផ្លែ​ប័រ​ស្រស់​អាច​ជួយ​សង្គ្រោះ​ស្បែក​របស់​យើង​ពី​​បញ្ហា​ស្បែក​​របក​ និង​ស្ងួត​​​រយៈពេល​យូរ​​ឆ្នាំ​បាន​យ៉ាង​​ពូកែ​ស័ក្ដិសិទ្ធិ។​ ពិត​ណាស់​ ផ្លែ​ប័រ​សម្បូរ​ទៅ​ដោយ​ប្រេង​ធម្មជាតិ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​សារធាតុ​រ៉ែ​ ដែល​អាច​​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​យ៉ាង​ជ្រៅ​ ដើម្បី​ផ្ដល់​ជាតិ​ទឹក​ និង​សំណើម​ដល់​ស្បែក​។​

    របៀប​ធ្វើ​​៖ ចូរ​កិន​ផ្លែ​ប័រ​ចំនួន​១​ផ្លែ​ ដោយ​ឆ្កៀល​យក​គ្រាប់​ចេញ​។​ បន្ទាប់​មក​ លាយ​ជាមួយ​នឹង​​ទឹក​ឃ្មុំ​ និង​ទឹក​ក្រូច​ឆ្មារ​ចំនួន​១​ស្លាបព្រា​​កាហ្វេ​ រួច​កូរ​វា​ឲ្យ​សព្វ​ល្អ​ និង​យក​មក​​លាប​លើ​ផ្ទៃ​មុខ​ ទុក​ចោល​រយៈពេល​១៥​នាទី។​ ចុង​ក្រោយ​ លាង​ជម្រះ​ម៉ាស​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​។

    . ម៉ាស​ផ្លែ​ក្រូច​កម្ចាត់​មុន​ក្បាល​ខ្មៅ​

    ផ្លែ​ក្រូច​មាន​ផ្ទុក​សារធាតុ​រំញោច​ ដែល​ជួយ​បណ្ដឹង​ ក៏​ដូចជា​សម្អាត​ស្បែក​បាន​​យ៉ាង​អស្ចារ្យ​។​ លើស​ពី​នេះ​ វា​ក៏ អាច​កាត់បន្ថយ​ជាតិ​ពណ៌​ ស្លាកស្នាម​ និង​ស្នាម​មុខ​ផង​ដែរ​។​ ជា​ពិសេស​ ម៉ាស​ទឹក​​ក្រូច​ អាច​ជួយ​កម្ចាត់​បញ្ហា​មុន​ក្បាល​ខ្មៅ​ ដែល​​កកើត​ឡើង​នៅ​ពេល​ខ្លាញ់​ និង​កោសិកា​ងាប់ៗ​នៃ​ស្បែក​លាយ​បញ្ចូល​គ្នា​​ ដែល​ធ្វើ​ឲ្យ​រន្ធ​ញើស​កក​ស្ទះ​​។

    ​​របៀប​ធ្វើ​​៖ លាយ​ទឹក​ក្រូច​ចំនួន​២​ស្លាបព្រា​ និង​ទឹក​ក្រូច​ឆ្មារ​ចំនួន​១​ស្លាប​ព្រា​កាហ្វេ​ ដោយ​លាប​នៅ​លើ​ផ្ទៃ​មុខ​ និង​បរិវេណ​ក​រយៈពេល​២០​នាទី​ បន្ទាប់​មក​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​​​ត្រជាក់​​​​។​

    . ផ្លែ​ឃីវី​​ជួយ​​ឲ្យ​​ស្បែក​ក្មេង​ជាង​វ័យ

    ​​​ជាមួយ​គ្នា​នេះ​ដែរ​ ផ្លែ​ឃីវី​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ វីតាមីន​C និង​វីតាមីន​E។​ ខណៈ​ពេល​ដែល​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ជួយ​បន្សាប​លំហូរ​រ៉ាឌីកាល់​សេរី​ ពពួក​វីតាមីន​ទាំង​នេះ​ក៏​ជួយ​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​​ក្មេង​ជាង​វ័យ​ម្ដង​ទៀត​។​ បន្ថែម​ពី​នេះ​ វា​ក៏​ជួយ​ការពារ​ស្បែក​ពី​កាំរស្មី​UV ព្រម​ទាំង​បង្កើន​ការ​ផលិត​ខូឡាជែន​ ដែល​​ពន្យឺត​ការ​វិល​ទៅ​រក​ភាព​ចាស់​​។​

    របៀប​ធ្វើ​​៖ យក​សាច់​ ឬ​ទឹក​ឃីវី​ ដោយ​លាយ​ជាមួយ​នឹង​ប្រេង​អូលីវ​ចំនួន​២​ទៅ​៣​ស្លាបព្រា​កាហ្វេ​​។​ បន្ទាប់​មក​លាប​​ម៉ាស​ឃីវី​​ និង​ធ្វើការ​ម៉ាស្សា​នៅ​លើ​ផ្ទៃ​មុខ​​​ជា​រាង​រង្វង់​ចុះ​ឡើង រួច​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់​​។

    ម៉ាស២

    . ពពួក​ផ្លែ​ប៊ឺរី​ជួយ​​កម្ចាត់​បញ្ហា​មុន

    សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​មាន​នៅ​ក្នុង​ពពួក​​ផ្លែ​ប៊ឺរី​ ដូចជា​ស្រ្តូប៊ឺរី​ ឈឺរី​ ប្លូប៊ឺរី ជាដើម​មាន​គុណប្រយោជន៍​ជួយ​កម្ចាត់​ជាតិ​ពុល​ និង​ភាព​កខ្វក់​ចេញ​ពី​ស្បែក​ខ្លាញ់​។​ ជាង​នេះ​ទៅ​ទៀត​ ពពួក​ផ្លែឈើ​ទាំង​នេះ​​អាច​​ជួយ​ធ្វើ​​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ភ្លាម​ៗ​។​

    ​​របៀប​ធ្វើ​​៖ យើង​អាច​កាត់​វា​ រួច​ត្រដុស​ថ្នម​ៗ​នៅ​លើ​​ផ្ទៃ​មុខ​ បន្ទាប់​មក​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ធម្មតា​​ ឬ​អាច​លាយ​ផ្លែ​ប៊ឺរី​ដែល​កិន​រួច​ជាមួយ​នឹង​ទឹក​ឃ្មុំ​ចំនួន​១​ស្លាបព្រា​ ដោយ​លាប​នៅ​លើ​ផ្ទៃ​មុខ​ឲ្យ​សព្វ​ល្អ​ រួច​លាង​ជម្រះ​ចេញ​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 05, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម