សម័យនេះ បើមិន Makeup ម៉េចខ្ជូត ហេតុនេះគ្នាយើងភាគច្រើន ពិសេសស្រីៗ ពេលចេញទៅណា តែងផាត់មុខ លាបម្សៅម៉ាកកប់ ចុងក្រោយបែរនាំគ្នារអ៊ូរឿងបញ្ហាឡើងមុន។ ស្រីៗភាគច្រើន តែងមានបញ្ហាស្បែកជាមួយគ្រឿង Makeup ជាពិសេសកើតមុនតែម្តង។ “Hello គ្រូពេទ្យ” នឹងប្រាប់មូលហេតុនាំឲ្យកើតមុន និងគន្លឹះខ្លះៗជួយកុំឲ្យកើតមុនដោយសារប្រើគ្រឿងសម្អាង។
មូលហេតុចម្បងបង្កឲ្យដោយឡើងមុនដោយសារផាត់មុខ គឺសារធាតុគីមីមានក្នុងគ្រឿងសម្អាងតែម្តង។ សារធាតុគីមីទាំងនោះ អាចទៅធ្វើឲ្យស្ទះរន្ធរោម និងរារាំងការបញ្ចេញសាធាតុកខ្វក់ចេញពីក្រពេញសេប៉ូម ក៏ដូចជាកោសិកាស្បែកដែលងាប់។
នៅពេលរន្ធរោមស្ទះ បាក់តេរីបង្កឲ្យកើតមុន អាចលូតលាស់ ហើយភ្នាក់ងារបង្កការរលាក នឹងធ្វើឲ្យរលាកពីខាងក្នុងស្បែក។ ប្រភេទសារធាតុគីមីទូទៅ ក្នុងគ្រឿងតុបតែងមុខ មានដូចជា ប្រេងចេញពីស្រូវសាលី សារធាតុចម្រាញ់ពីស្លែ (Algae) សារាយសមុទ្រ (Carrageenans) ស្លែក្រហម (Red Algae) ប៉ូតាស្យូមក្លរួ និង សូដ្យូមក្លរួ។ សារធាតុគីមីទាំងនោះ អាចទៅធ្វើឲ្យស្ទះរន្ធរោម ធ្វើឲ្យមានប្រតិកម្មអាលែកហ្ស៊ី និងបញ្ហាស្បែកដូចជា រលាកស្បែកជាដើម។
គន្លឹះខាងក្រោមនេះអាចជួយការពារករណីឡើងមុន ដោយសារប្រើគ្រឿងសម្អាង៖
– ប្តូរទៅផលិតផលគ្រឿងសម្អាតគ្មានផ្ទុកសារធាតុបង្កឲ្យមានមុនក្បាលខ្មៅ សារធាតុមានជាតិអាឡែកហ្ស៊ី សមាសធាតុមិនបង្កការរលាក ឬផលិតផលមានដាក់ “គ្មានសារធាតុខ្លាញ់” និង “គ្មានសារធាតុប្រតិកម្ម” ជាដើម។
– ប្រសិនបញ្ហាមុនកាន់តែធ្ងន់ គួរប្ដូរប្រើផលិតផលប្រភេទផ្សេង។ ត្រូវសួរគ្រូពេទ្យ ថាតើសារធាតុគីមីទាំងនោះអាចបង្កជាបញ្ហាដែរអត់។
– គួរកត់សម្គាល់ផលិតផលគ្រឿងសម្អាងមួយចំនួនផ្ទុកសារធាតុអាស៊ីដសាលីសាលីក ដែលជាសារធាតុប្រឆាំងបញ្ហាឡើងមុន ព្រោះអាចបង្ការ និងជួយព្យាបាលបញ្ហាមុនថែមទៀតផង។
– ត្រូវជូតសម្អាតគ្រឿងមុខឲ្យបានស្អាត ពេលហាត់ប្រាណ និងមុនពេលគេង ព្រោះវាអាចជាប់នៅរន្ធរោម ហើយទុកយូរទៅពិបាកជម្រះចេញ។
– ត្រូវពិនិត្យឲ្យបានច្បាស់ ធាតុផ្សំក្នុងគ្រឿងសម្អាត និងត្រូវឈប់ប្រើប្រាស់ភ្លាម ប្រសិនបើយើងឃើញមានឡើងមុន ស្បែកឡើងក្រហម រមាស់ ឬហើម។
ត្រូវដឹង បញ្ហាមុនដោយសារគ្រឿងសម្អាងមុខ គឺពិបាកព្យាបាល អាចកើតដល់ទៅរាប់ខែ ឬឆ្នាំទៀតផង។ ហេតុនេះ ពិសេសស្រីៗយើងតែង កុំដោយសារតែចង់ស្អាត ត្រូវមុខផាត់គ្រប់ពេល ភ្លេចផលប៉ះពាល់ឲ្យសោះ ព្រោះអាចនឹងកើតមុនពេញមុខលើសដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕