backup og meta

បើ​ឃើញអាការៈ ១២ ប្រភេទនេះកើតលើដៃ អាចថាយើងកំពុង​មាន​បញ្ហាសុខភាពហើយ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jul 15, 2020

    បើ​ឃើញអាការៈ ១២ ប្រភេទនេះកើតលើដៃ អាចថាយើងកំពុង​មាន​បញ្ហាសុខភាពហើយ​

    ប្រអប់​ដៃ ពិសេស​ទៅ​លើ​​​ក្រចក​ដៃ ដែលមាន​ការ​ប្រែ​ប្រួល​ប្លែក​ៗ ជា​សញ្ញា​មួយ​បង្ហាញ​ពី​​សុខភាព​ប្រចាំ​កាយ​របស់​មនុស្ស​​យើង​។ អ្នក​ជំនាញ​​សុខភាព​ជា​ច្រើន​ អាច​កត់​សម្គាល់​ និង​បាន​បង្ហាញ​​ពី​អាការៈ​ជំងឺ​របស់​មនុស្ស​​តាម​រយៈ​ទម្រង់​ដៃ​ ដូច​ខាង​ក្រោម​​នេះ​៖

    ១. ចុង​ម្រាម​ដៃពណ៌​ខៀវ​

    ចុងម្រាម​ដៃ​ពណ៌ខៀវ​​ជា​សញ្ញា​បង្ហាញ​ថា ឈាម​នៅ​ក្នុង​ខ្លួន​យើង​ដើរ​មិន​សូវ​ល្អ ​សរសៃ​ឈាម​ងាយ​ប្រតិកម្ម​ និ​ងពី​​ការ​ប្រែ​ប្រួល​​​សីតណ្ហភាព​ក្នុង​ខ្លួន​​។ លោក​វេជ្ជបណ្ឌិត Russell ផ្នែក​សុខភាព​ទូ​ទៅ បាន​​ឱ្យ​ដឹង​ថា ចុង​ម្រាម​ដៃខៀវ ក៏​ជា​​សញ្ញាណ​​នៃ​កង្វះ​អុកស៊ីសែន​ក្នុង​រាង​កាយ​ផង​ដែរ។

    ២. ឆ្នូត​ក្រចក​

    ស្នាម​ឆូត​ត្រង់​ៗ ទទឹង​ឬ​បណ្តោយ​ក្រចក​ គឺ​ជា​សញ្ញា​បង្ហាញ​ថាយើង​​ទើប​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ ដោយ​សារ​មូលហេតុ​ ក្រចក​ដៃ​យើង​​មិន​​ដុះ​​លូត​​​ឡើយ​នៅ​ពេល​យើង​កំពុង​ឈឺ​។

    ៣. ក្រចក​ដៃ​ស​ស្លេក​

    ធម្មតា​​នៅ​ពេល​យើង​យក​ដៃ​ចុច​សង្កត់​លើ​ក្រចក​ដៃ វានឹង​​មាន​ពណ៌​ស និង​ប្រែ​ជា​ពណ៌​ផ្កា​ឈូក (ឈាម​រត់) វិញ​ពេលយើង​​​លែង​ដៃ​សង្កត់​។ តែ​បើ​មួយ​​សន្ទុះ វា​នៅ​តែ​ដដែល សភាព​បែប​នោះ គឺ​មាន​ន័យ​ថា ខ្វះ​កោសិកា​ឈាម​​ក្រហម ខ្វះ​ជាតិ​ដែក ឈាម​រត់​មិន​គ្រប់​គ្រាន់​ក្នុង​រាង​កាយ​ ធ្វើ​ឱ្យ​​​វិល​មុខ​ញឹក​ញាប់ អស់​កម្លាំង និង​មាន​បញ្ហា​បេះ​ដូង។

    ៤. ក្រចក​ដៃ​មាន​ឆ្នូត​ពណ៌​ខ្មៅ

    ប្រសិន​​ជា​មាន​អាការៈ​បែប​នោះ យើង​​គួរ​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូ​ពេទ្យ។ ករណី​មួយ​ចំនួន​អាចជា​ការ​ហើម​ជាំ ឬ​កោសិកា​ស្បែក​ងាប់​។

    ៥. ញ័រ​ដៃ (ញ័រ​សាច់)

    អាការៈនេះ​បណ្តាល​មក​ពី​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ច្រើន និង​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ឱសថ​មួយ​ចំនួន​ផង​ដែរ ដូច​ជា​ថ្នាំ​ហឺត​ជា​ដើម។ អាការៈ​ញ័រ​ដៃ គឺ​​បញ្ជាក់​ថាយើង​​មាន​ជំងឺ​ ឬ​បញ្ហា​​មួយ​ចំនួន​ទាក់​ទង​និង​ខួរ​ក្បាល​។

    ៦. ហើម​ចុងម្រាម​ដៃ​

    ម្រាម​ដៃ​ប្រែ​ជា​ហើម​មូល​នៅ​ខាង​ចុង ឬ​ដូច​ចង្កឹះ​វាយ​ស្គរ គឺ​បង្ហាញ​ពី​អាការៈ​ជំងឺទាក់​ទង​នឹង​សួត ឬ​បេះ​ដូង​ ដែល​បង្ក​ឱ្យ​មាន​កង្វះ​​អុកស៊ីសែន​នៅ​ក្នុង​ឈាម។ អាការៈ​បែប​នេះ យើង​​គួរ​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បី​ពិភាក្សា​អំពី​ជំងឺ​។

    ៧. បាត​ដៃ​ក្រហម​ជាំ​

    បាត​ដៃ​មាន​ពណ៌​​ឈាម​ក្រហម​ជាំបង្ហាញ​ថា មាន​បញ្ហា​ទាក់​ទឹង​នឹង​សួត រួម​ជា​មួយ​ថ្លើម​ផង​ដែរ ជា​ពិសេស​រោគ​រលាក​ថ្លើម អាច​បង្ក​ឱ្យ​សរសៃ​ឈាម​ត្រង់​ផ្នែក​ដៃ និង​ជើង​រីក​ប៉ោង​។

    ៨. ម្រាម​ដៃ​ហើម

    ម្រាម​ដៃ​ហើម​ប៉ោង គឺ​បង្ហាញ​ថា​ យើង​បាន​​ញ៉ាំ​អាហារ​ជាតិ​ប្រៃ​ច្រើន វា​បង្ហាញ​ថា​យើង​​នឹង​អាច​មាន​បញ្ហា​សន្លាក់​ដៃ​ សន្លាក់​ជើង​ខ្លះ​ដែរ។

    ៩. បាត​ដៃ​ឧស្សាហ៍​បែក​ញើស​

    ដំណើរ​ការ​នៃ​ការ​បែក​ញើស​ច្រើន ពិសេស​បាត​ដៃ គឺ​បង្ហាញ​​ជា​សញ្ញា​មួយ​ថា ក្រពេញ​ទី​រ៉ូអ៊ីត​ ធ្វើ​ការ​ហួស បង្ក​ឱ្យ​អាហារ​ដុត​រំលាយ​ក្នុង​ខ្លួន​ច្រើន និង​បង្ក​ជា​កម្តៅ​។

    ១០. ម្រាម​ដៃ​កោង

    ដំណើរ​រួម​នៃ​សាច់​ដុំ​រួញ និង​សរសៃ​ពួរ​ទាញ​ធ្វើ​ឱ្យ​ម្រាម​ដៃ​រាង​កោង ប៉ុន្តែ​អាការៈ​មួយ​នៃ​ម្រាម​ដៃ​កោង អាច​បង្ហាញ​ថា យើង​​អាច​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម ឬ​មាន​ជាតិ​អាល់​កុល​​ច្រើន​នៅ​ក្នុង​ខ្លួន​។

    ១១. ក្រញរ​ដៃ​ប៉ោង

    ក្រញរ​ដៃ ហើម​ ពក​ៗ មិន​ស្មើ ពេល​យើង​​ក្តាប់​ដៃ ជា​អាការៈ​មួយ​ដែល​មាន​ជាតិ​កូលេស្តេរ៉ូល​​ច្រើន​ក្នុង​ខ្លួន។ កម្រិត​ជាតិ​កូលេស្តេរ៉ូល​​ច្រើន អាច​បង្ក​ឱ្យ​មាន​ជំងឺ​បេះ​ដូង​។ ដូច​នេះ ករណី​ធ្ងន់​ធ្ងរ​ គួរ​គប្បី​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បី​ពិភាក្សា​យោបល់​បន្ថែម​។

    ១២​. ក្រចក​ដៃ​ពណ៌​ប្លែក​ៗ

    ក្រចក​ដៃ​ពណ៌ លឿង​ ឬ​បៃ​តង​ បង្ហាញ​ពី​រោគ​សញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម ដោយ​សារ​តែ​មាន​បញ្ហា​ទាក់​ទង​នឹង​ប្រព័ន្ធ​ស៊ាំ​​នៅ​ក្នុង​ខ្លួន​៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម