អាការៈឈឺក្បាល អស់កម្លាំង និងស្បែកស្លេកស្លាំង គឺសុទ្ធតែជាផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺកូវីដ១៩។ ក្រៅពីនេះ គ្នាយើងមួយចំនួនក៏ជួបប្រទះបញ្ហាជ្រុះសក់ ក្រោយពេលជាសះស្បើយពីជំងឺនេះ។ ប៉ុន្តែយើងមិនចាំបាច់ព្រួយបារម្ភនោះទេ ពីព្រោះវាគ្រាន់តែជាផលប៉ះពាល់ទូទៅ ហើយយើងអាចដោះស្រាយបញ្ហាមួយនេះបាន ដោយគ្រាន់តែអនុវត្តតាមវិធីសាស្ត្រមួយចំនួន។
មូលហេតុជ្រុះសក់ជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩
យើងទាំងអស់គ្នា កំពុងតែប្រឈមនឹងជំងឺរាតត្បាតដ៏កាចសាហាវ ហើយជំងឺកូវីដបំប្លែងខ្លួនថ្មីគឺកាន់តែគ្រោះថ្នាក់មួយកម្រិតទៀត។ ពិតណាស់ មានមនុស្សជាច្រើនបានជាសះស្បើយពីជំងឺនេះរួចមកហើយ ប៉ុន្តែគ្នាយើងភាគច្រើននៅតែទទួលផលប៉ះពាល់ពីជំងឺនេះ ដែលមានដូចជាការជ្រុះសក់ជាដើម។
ទោះបីជាមូលហេតុនៃការជ្រុះសក់ដែលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះ មិនទាន់ត្រូវបានបង្ហាញតាមបែបវិទ្យាសាស្ត្រនៅឡើយ ប៉ុន្តែវាអាចបណ្ដាលមកពីស្រ្តេស និងការថប់បារម្ភ។ ក្រៅពីនេះ កង្វះសារធាតុចិញ្ចឹម ដោយសារតែយើងមិនទទួលបានរបបអាហារសុខភាព អំឡុងពេលឆ្លងជំងឺ ក៏រួមចំណែកធ្វើឲ្យសក់ជ្រុះដូចគ្នា។
តិចនិកដោះស្រាយបញ្ហាជ្រុះសក់ក្រោយកើតជំងឺកូវីដ១៩
ដើម្បីដោះស្រាយបញ្ហាជ្រុះសក់ ក្រោយជាសះស្បើយពីជំងឺកូវីដ១៩ គ្នាយើងអាចអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម៖
- ញ៉ាំអាហារបំប៉នដែលសំបូរទៅដោយវីតាមីនD និងជាតិដែក
- ធ្វើលំហាត់ប្រាណជាទៀងទាត់ រយៈពេលប្រហែល៣០ទៅ៦០នាទី និង៥ដងនៅក្នុងមួយសប្ដាហ៍
- គេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់៧ទៅ៨ម៉ោងក្នុងមួយថ្ងៃ
- កាត់បន្ថយស្រ្តេស បញ្ហាផ្លូវចិត្ត និងអនុវត្តលំហាត់ប្រាណដកដង្ហើម ឬធ្វើសមាធិ
- កក់សក់ជាប្រចាំ
- កុំសិតសក់ជាមួយនឹងក្រាស់សរសៃតូចៗពេក
- ញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ និងអាហារបំប៉នដូចជាBiotin។ បន្ថែមពីនេះ យើងក៏អាចញ៉ាំស៊ុត អាហារគ្រឿងសមុទ្រ សណ្ដែក គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ ព្រមទាំងផលិតផលធ្វើពីសណ្ដែក ដែលជាប្រភពធម្មជាតិនៃសារធាតុBiotin។
[embed-health-tool-due-date]