គ្នាយើងណា មិនចង់បានសក់ស្អាត ទាំងស្រី ទាំងប្រុស។ ចង់តែស្អាតមួយមុខអត់ទាន់គ្រប់ទេ គឺត្រូវទាមទារការថែទាំ សម្អាត និងមានអនាម័យខ្ពស់ ហើយទៀងទាត់មែនទែន។ វិធីថែទាំស្រីៗ ប្រាកដជាមិនដូចគ្នា ខ្លះហ៊ានចាយលុយច្រើនលើគ្រឿងសម្អិតសម្អាង ហើយខ្លះទៀត ប្រឹងធ្វើរបៀបសាមញ្ញៗ ហើយសន្សំសំចៃបំផុត។ អ៊ីចឹង “Hello គ្រូពេទ្យ” នឹងណែនាំវិធីងាយៗតាមធម្មជាតិ៖
១- ស៊ុត
– ផ្នែកសរបស់ស៊ុតមួយគ្រាប់ អាចផលិតជាម៉ាស់សម្រាប់ធ្វើឲ្យសក់ស្អាតបាន ដោយគ្រាន់តែយកមកលាយជាមួយប្រេងអូលីវមួយស្លាបព្រាកាហ្វេ ឬប្រេងអាល់ម៉ុន និងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ។
លាយបញ្ចូលគ្នា រួចលាបលើសក់ និងស្បែកក្បាល រួចយកមួកមកគ្របពីលើ ហើយទុកចោលប្រហែល ៣០ នាទី បន្ទាប់មកលាងសម្អាតសក់ជាមួយទឹកត្រជាក់ នោះគ្នាយើងនឹងបានសក់រលោងស្អាតដូចបំណង (សូមកុំប្រើទឹកក្ដៅ)។
– ជម្រើសមួយទៀត អាចប្រើស៊ុត ២ គ្រាប់ ប្រេងអាល់ម៉ុន ២ ស្លាបព្រាកាហ្វេ លាយជាមួយយ៉ាអួរកន្លះពែង លាបទៅលើសក់ រួចពាក់មួកគ្របពីលើរយៈពេល ៣០ នាទី ក្រោយមកសម្អាតសក់ជាមួយទឹកត្រជាក់ ជាការស្រេច។ អនុវត្តឲ្យបានម្ដងក្នុងមួយសប្ដាហ៍ នឹងមានសក់រលោងស្អាត។
២- ស្រាបៀរ
ស្រាបៀរជាសារធាតុបំប៉នសក់ដ៏ប្រសើរ។ វាមានប្រូតេអ៊ីនខ្លាញ់ និងក្លិនដែលមានប្រសិទ្ធភាពជួសជុលសក់ខូច។
– លាងសក់ដោយសាប៊ូថ្នមៗ បន្ទាប់មកយកស្រាបៀលាបពីលើដោយផ្ទាល់។
– ច្បូតសក់ថ្នមៗ ដើម្បីឲ្យប្រូតេអ៊ីនដែលមានក្នុងស្រាបៀរជ្រាបចូលក្នុងស្បែកក្បាល។
– ទុកចោលរយៈពេល ៥ នាទី រួចកក់សម្អាតសក់ជាមួយទឹកក្ដៅឧណ្ហៗ។
ធ្វើបែបនេះម្ដងរៀងរាល់ ២ សប្ដាហ៍ សក់នឹងរលោងស្អាត។
៣- ប្រេងដូង
ប្រេងដូងមានសារធាតុគីមីម៉្យាងដែលអាចព្យាបាលកោសិកាសក់ខូច និងធ្វើឲ្យសក់មានសំណើម។
– លាបប្រេងដូងក្ដៅឧណ្ហៗលើសក់ពីឫសទៅដល់ចុងសក់។ បន្ទាប់មក ម៉ាស្សាសក់ថ្នមៗ ដើម្បីឲ្យប្រេងជ្រាបចូលសព្វល្អ។ គ្របកន្សែងពោះគោពីលើទុកចោល ៣០ នាទី ក្រោយមកលាងសម្អាតសក់ដោយសាប៊ូ និងទឹកធម្មតា។
គន្លឹះបន្ថែម
ទន្ទឹមនឹងចេះថែរក្សាសក់ឲ្យនៅរលោងស្អាត យើងក៏ត្រូវដឹងវិធីថែរក្សាសក់កុំឲ្យជ្រុះផងដែរ។ គ្នាយើងត្រូវដឹងថាកង្វះសារធាតុរ៉ែខនិជ អាចបណ្តាលឲ្យសក់ជ្រុះបាន។ ហេតុនេះ យើងត្រូវបញ្ចូលអាហារសម្បូរជាតិដែក ដូចជា ថ្លើម បន្លែបៃតង សាច់សត្វ ពិសេសសាច់ក្រហម គ្រាប់ធញ្ញជាតិ និងផលិតផលពីសណ្តែកសៀងក្នុងរបបអាហារ ដើម្បីការពារសក់ជ្រុះ។ យ៉ាងណា កុំភ្លេចជាតិប្រូតេអ៊ីន និងស័ង្កសីផង ខណៈអាហារមានជាតិស័ង្កសីខ្ពស់ មាន ស្រូវសាលី គ្រាប់ល្ពៅ ស៊ុតលឿង និងពពួកខ្យងខ្ចៅផងដែរ។
[embed-health-tool-due-date]