ការថែរក្សាស្បែក និងរបៀបនៃការរស់នៅប្រចាំថ្ងៃអាចជួយពន្យារភាពចាស់បាន និងបង្ការបញ្ហាស្បែកផ្សេងទៀតផង។ ស្រីៗយើងដឹងតែគិតច្រើនពីបញ្ហាស្បែកនេះមិនខាន បើអ៊ីចឹងសាកតិចនិកទាំងនេះមើល៍អាចជួយរក្សាស្បែកឲ្យនៅក្មេងជាងវ័យបានយ៉ាងម៉េចដែរ?
១. ការពារស្បែកពីកម្ដៅថ្ងៃ
ការការពារស្បែកពីកម្ដៅថ្ងៃគឺសំខាន់ណាស់ក្នុងការថែរក្សាសុខភាពស្បែក។ ពេលយើងត្រូវកម្ដៅថ្ងៃច្រើនអាចបង្កស្នាមជ្រីវជ្រួញ ស្នាមអុជៗ បញ្ហាស្បែក និងបង្កើនហានិភ័យជំងឺមហារីកស្បែកទៀតផង។ យើងអាចការពារស្បែកពីកម្ដៅថ្ងៃបានដោយ៖
- ប្រើឡេការពារកម្ដៅថ្ងៃ៖ ជ្រើសរើសឡេការពារកម្ដៅថ្ងៃដែលមាន SPF យ៉ាងតិច ១៥ (មានសរសេរលើសម្បកផលិតផល)។
- ជ្រកក្រោមម្លប់៖ គួរចៀសវាងកម្ដៅថ្ងៃចន្លោះម៉ោង១០ព្រឹកដល់ម៉ោង៤ល្ងាច ព្រោះចន្លោះពេលនេះគឺមានកម្ដៅថ្ងៃខ្លាំង។
- ពាក់អាវការពារ៖ យើងគួរពាក់អាវដៃវែង ខោជើងវែង និងមួកពេលចេញទៅក្រៅ។
២. កុំជក់បារី
ជក់បារីអាចធ្វើឲ្យស្បែកមើលទៅចាស់ជាងវ័យ និងមានស្នាមជ្រួញ ហើយការជក់បារីក៏ធ្វើឲ្យសរសៃឈាមនៅស្រទាប់លើបង្អស់របស់ស្បែកតូចជាងមុនដែលនេះបន្ថយលំហូរឈាម និងធ្វើឲ្យស្បែកស្លេកស្លាំង។ ម៉្យាងទៀតនេះក៏ធ្វើឲ្យស្បែកបាត់បង់អុកស៊ីសែន និងសារធាតុចិញ្ចឹមដែលសំខាន់សម្រាប់សុខភាពស្បែក។ ក្រៅពីនេះ ជក់បារីក៏បំផ្លាញខូឡាជែន និងភាពយឺតរបស់ស្បែក ហើយក៏បង្កើនហានិភ័យជំងឺមហារីកស្បែកដែរ។
៣. សម្អាតស្បែកយកចិត្តទុកដាក់
ការលាងសម្អាតស្បែកប្រចាំថ្ងៃអាចប៉ះពាល់ដល់ស្បែកបាន ដូចនេះគួរសម្អាតដោយយកចិត្តទុកដាក់៖
- កំណត់រយៈពេលងូតទឹក៖ ការងូតទឹកក្ដៅ និងយូរពេកអាចធ្វើឲ្យបាត់បង់ជាតិខ្លាញ់ពីស្បែក។ ដូចនេះគួរងូតទឹកក្ដៅឧណ្ហៗ និងកុំយូរពេក។
- ចៀសវាងប្រើសាប៊ូដែលខ្លាំង៖ សាប៊ូខ្លាំងអាចធ្វើឲ្យស្បែកបាត់បង់ជាតិខ្លាញ់ យកល្អគួរជ្រើសរើសប្រើសាប៊ូដែលខ្សោយ ជាធម្មតាសាប៊ូដែលត្រូវនឹងធម្មជាតិរបស់ស្បែកគឺមាន pH៥,៥។
- ជូតឲ្យស្ងួត៖ ក្រោយពីលាងសម្អាតមុខ ឬងូតទឹកហើយ គួរប្រើកន្សែងផ្ដិតថ្នមៗដើម្បីរក្សាជាតិសំណើមនៅលើស្បែក។
- ផ្តល់សំណើមដល់ស្បែកស្ងួត៖ ប្រសិនជាស្បែកយើងស្ងួត គួរប្រើទឹកផ្តល់សំណើម (moisturizer) ដែលត្រូវនឹងប្រភេទស្បែករបស់យើង។ យើងអាចជ្រើសរើសប្រើទឹកផ្តល់សំណើមណាដែលមាន SPF។
៤. របបអាហារ
របបអាហារក៏ជាចំណែកមួយដែរ ក្នុងការជួយថែរក្សាស្បែករបស់យើងឲ្យនៅមានសុខភាពល្អ។ យើងគួរញ៉ាំផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនសាច់ឲ្យបានច្រើន។ ការស្រាវជ្រាវមួយចំនួនណែនាំថារបបអាហារដែលសម្បូរដោយខ្លាញ់ត្រី និងមានខ្លាញ់មិនល្អ ឬកាបូអ៊ីដ្រាតកែច្នៃតិច អាចធ្វើឲ្យស្បែកក្មេងជាងវ័យ។ បន្ថែមពីនេះ ផឹកទឹកឲ្យបានច្រើនក៏ជួយស្បែកមានសំណើមដែរ។
៥. គ្រប់គ្រងស្ត្រេស
ស្ត្រេសអាចធ្វើឲ្យស្បែកងាយប្រតិកម្ម ឡើងមុន និងមានបញ្ហាស្បែកផ្សេងៗ។ ការគ្រប់គ្រងស្ត្រេសអាចជួយឲ្យសុខភាពស្បែកល្អ ក៏ដូចជាសុខភាពផ្លូវចិត្តដែរ។
[embed-health-tool-due-date]