ដៃរបស់យើង ក៏ដូចជាផ្នែកដទៃទៀតនៃរាងកាយដែរ ដែលត្រូវការការថែទាំជាពិសេស និងការទុកចិត្តទុកដាក់ខ្ពស់។ ទោះបីជាភាពចាស់អាចធ្វើឲ្យកើតមានស្នាមជ្រួញនៅលើដៃក៏ពិតមែន ប៉ុន្តែយើងអាចសាកល្បងអនុវត្តតិចនិកមួយចំនួនខាងក្រោមនេះ ដើម្បីការពារស្នាមជ្រួញនៅលើដៃ ឬក៏កាត់បន្ថយស្នាមជ្រួញឲ្យនៅកម្រិតតិចតួចបំផុត។
១. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
យើងបានដឹងហើយថា ទឹកមានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពផ្លូវចិត្ត និងរាងកាយ ក៏ដូចជាស្បែករបស់យើងផងដែរ។ ការខ្វះជាតិទឹកគឺជាមូលហេតុចម្បង ដែលធ្វើឲ្យដៃរបស់យើងស្ងួត ព្រមទាំងមានស្នាមជ្រួញ។ ដូច្នេះហើយ ចូរបំពេញជាតិទឹកឲ្យគ្រប់គ្រាន់ដល់ស្បែករបស់យើង។
២. លាបក្រែមការពារកម្ដៅថ្ងៃ
គ្នាយើងភាគច្រើនលាបក្រែមការពារកម្ដៅថ្ងៃនៅលើផ្ទៃមុខតែប៉ុណ្ណោះ។ ប៉ុន្តែ វាមានភាពចាំបាច់ណាស់ក្នុងការលាបក្រែមការពារកម្ដៅថ្ងៃនៅគ្រប់ផ្នែកទាំងអស់នៃរាងកាយដែលងាយរងការប៉ះពាល់ទៅនឹងពន្លឺថ្ងៃ។ ជាទូទៅ ដៃក៏ប្រឈមនឹងកម្ដៅថ្ងៃខ្លាំង ដូចនឹងមុខរបស់យើងដែរ ដូច្នេះហើយ យើងគួរលាបក្រែមការពារកម្ដៅថ្ងៃនៅលើដៃ២០នាទី មុនពេលចេញទៅក្រៅ និងលាបម្ដងទៀត ជារៀងរាល់២ទៅ៣ម៉ោងម្ដង។
៣. ផ្ដល់សំណើមដល់ស្បែកដៃ
ក្រែមផ្ដល់សំណើម ជួយឲ្យស្បែករបស់យើងមានភាពភ្លឺថ្លា និងទន់រលោង។ គ្នាយើងភាគច្រើនជឿថា ប្រសិនបើយើងមានស្បែកខ្លាញ់ យើងមិនចាំបាច់ប្រើប្រាស់ក្រែមផ្ដល់សំណើមឡើយ ប៉ុន្តែវាមិនពិតឡើយ។ ចូរប្រើក្រែមប្រភេទស្រាលសម្រាប់ស្បែកខ្លាញ់។ ចំពោះស្បែកចម្រុះ យើងគួរតែលាបក្រែមផ្ដល់សំណើមនៅត្រង់ផ្នែកដែលស្ងួតខ្លាំង គឺគ្រប់គ្រាន់ហើយ។
៤. អនុវត្តទម្លាប់ថែទាំស្បែកពេលយប់
ខណៈពេលដែលយើងតែងតែថែទាំស្បែកមុខនៅពេលយប់ វាក៏មានសារសំខាន់ដូចគ្នាក្នុងការថែទាំស្បែកដៃរបស់យើង។ ការផ្ដល់សំណើមដល់ស្បែកដៃ ដោយប្រើក្រែមលាបដៃ ឬប្រេងចាហួយនឹងធ្វើឲ្យដៃរបស់យើងទន់ល្មើយ ក៏ដូចជាជៀសឆ្ងាយពីស្នាមជ្រួញយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ យើងអាចរកមើលគ្រឿងផ្សំដូចជា Glycol Acid ឬ Hyaluronic Acid នៅក្នុងក្រែមទាំងនោះ ដើម្បីទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។
៥. លាងសម្អាតដៃជាមួយនឹងទឹក ជាជាងការប្រើជែលលាងដៃ
ទោះបីជាយើងចាំបាច់ត្រូវមានជែលលាងដៃដាក់ជាប់តាមខ្លួនជានិច្ចក៏ដោយ ប៉ុន្តែប្រសិនបើយើងអាចជ្រើសរើសបាន យើងគួរតែលាងដៃជាមួយនឹងសាប៊ូ និងទឹកជំនួសវិញ។ ពិតណាស់ ការលាងដៃដោយប្រើជែលនឹងធ្វើឲ្យដៃរបស់យើងស្ងួតខ្លាំង ដែលអាចបណ្ដាលទៅជាស្នាមជ្រួញលើដៃដ៏គួរឲ្យស្អប់ខ្ពើម។ ប៉ុន្តែប្រសិនបើយើងត្រូវប្រើជែលលាងដៃញឹកញាប់ យើងចាំបាច់ត្រូវផ្តល់សំណើមដល់ស្បែកដៃរបស់យើងឲ្យបានញឹកញាប់ដូចគ្នា។
[embed-health-tool-due-date]