តាមទម្លាប់ក្រោយញ៉ាំចំណីអាហារ ហើយមានកាកសំណល់ជាប់ធ្មេញ យើងតែងតែប្រើឈើចាក់ធ្មេញ ឬក៏អំបោះទាក់ធ្មេញ ទៅឆ្កឹះសម្អាត។ រវាងឈើចាក់ធ្មេញ និងអំបោះទាក់ធ្មេញ មួយណាប្រើទៅមិនសូវមានផលប៉ះពាល់ចំពោះសុខភាពមាត់ធ្មេញ?
បញ្ហានេះទន្តបណ្ឌិត ស្រេង ភារម្យ បម្រើការងារនៅមន្ទីរព្យាបាលធ្មេញកម្ពុជា បកស្រាយថា គ្រូពេទ្យមិនដែលណែនាំឲ្យប្រើឈើចាក់ធ្មេញនោះទេ ការប្រើឈើចាក់ធ្មេញ ជាទម្លាប់ប្រើតៗគ្នាតាំងពីមុនមក ដោយការយល់ដឹងអំពីសុខភាពមាត់ធ្មេញនៅមានកម្រិត។
ចំពោះហេតុផលដែលទន្តពេទ្យមិនណែនាំឲ្យប្រើឈើចាក់ធ្មេញនោះ ទី១ ដោយសារឈើចាក់ធ្មេញ មានសភាពរឹង អាចនឹងមានការកកិត រលាកនៅចន្លោះអញ្ចាញធ្មេញ ទី២ ឈើចាក់ធ្មេញ មិនមែនជាឧបករណ៍មួយដែលងាយយកចេញនូវចំណីអាហារដក់ជាប់នៅចន្លោះធ្មេញបានល្អដូចអំបោះទាក់ធ្មេញទេ។
ទន្តបណ្ឌិតបានបន្តថា អំបោះទាក់ធ្មេញជាឧបករណ៍ដ៏សំខាន់ ប្រើសម្រាប់សម្អាតផ្ទៃនៃចន្លោះធ្មេញ។ ជាទូទៅអំបោះទាក់ធ្មេញ គ្រូពេទ្យធ្មេញតែងតែណែនាំឲ្យប្រើក្រោយពេលញ៉ាំអាហារបន្ទាប់ពីប្រើច្រាស់ដុសសម្អាតធ្មេញរួចរាល់ ព្រោះសរសៃច្រាស់ដុសធ្មេញមិនអាចចូលទៅគ្រប់គ្រលុកគ្រលាក់ធ្មេញបានទេ ការប្រើអំបោះទាក់ធ្មេញជាការសម្អាតជំនួយបន្ថែមទៅលើចន្លោះធ្មេញធ្មេញ២ដែលប៉ះគ្នា។
[embed-health-tool-due-date]