backup og meta

ទម្លាប់​ថែទាំ​ស្បែក​ ពន្យារ​​ភាព​ជ្រីវជ្រួញ​នៅ​វ័យ​៤០​ឆ្នាំ​​ និង​៥០​ឆ្នាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 30, 2021

    ទម្លាប់​ថែទាំ​ស្បែក​ ពន្យារ​​ភាព​ជ្រីវជ្រួញ​នៅ​វ័យ​៤០​ឆ្នាំ​​ និង​៥០​ឆ្នាំ

    ពិត​ណាស់​ ការ​ប្រើប្រាស់​គ្រីម​បំបាត់​ភាព​ជ្រីវជ្រួញ​ សេរ៉ូម​លាប​ក្រោម​ភ្នែក​ និង​ផលិតផល​ថែរក្សា​​សម្រស់​ អាច​ជួយ​កាត់បន្ថយ​សញ្ញា​នៃ​ភាព​ចាស់​បាន​​មួយ​ចំណែក​ដែរ​​​។​ ក្រៅ​ពី​ការ​ប្រើប្រាស់​ផលិតផល​ថែរក្សា​សម្រស់​ទាំង​នេះ​​ ការ​បង្កើត​​​ទម្លាប់​​ថែទាំ​ស្បែក​ ប្រឆាំង​នឹង​ភាព​ជ្រីវជ្រួញ​ប្រកប​ដោយ​ប្រសិទ្ធភាព ​ក៏​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​​ដូចជា​​៖

    • ការពារ​ស្នាម​ផ្សេង​ៗ​​លើ​ស្បែក
    • រក្សា​ភាព​វ័យ​ក្មេង​នៃ​ស្បែក​បាន​យូរ​
    • កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​
    • រក្សា​ស្បែក​ឲ្យ​មើល​ទៅ​ភ្លឺ​ថ្លា​ និង​ក្មេង​ជាង​វ័យ​
    • បញ្ចៀស​ស្បែក​យារ​ធ្លាក់​
    • កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បែក​
    • តិចនិក​ថែទាំ​សម្រស់​ប្រឆាំង​នឹង​ភាព​ចាស់​

    ​​​១. ការពារ​ស្បែក​ពី​ពន្លឺ​ព្រះអាទិត្យ​

    ពិត​ណាស់​ ពន្លឺ​ព្រះអាទិត្យ​​​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ឆាប់​ចាស់​មុន​វ័យ​។​ ដូច្នេះ​ហើយ​ ​ដើម្បី​ការពារ​ស្បែក​យើង​ពី​ការ​បំផ្លាញ​ ស្រីៗ​យើង​ចាំបាច់​អនុវត្ត​តិចនិក​ទាំង​នេះ​៖

    • នៅ​កន្លែង​ដែល​​មាន​ម្លប់​៖ កម្ដៅ​ថ្ងៃ​នៅ​ចន្លោះ​ម៉ោង​១០​ព្រឹក​ ដល់​ម៉ោង​២​រសៀល​​អាច​បំផ្លាញ​ស្បែក​របស់​យើង​បាន​យ៉ាង​​ងាយ​ ដូច្នេះ​ហើយ​ ចូរ​ជៀសវាង​ត្រូវ​កម្ដៅ​ថ្ងៃ​នៅ​អំឡុង​ពេល​នេះ​។
    • ស្លៀកពាក់​​ជិត​ៗ​៖ ​គ្នា​យើង​គប្បី​ពាក់​មួក​ ខោ​ជើង​វែង​ និង​អាវ​ដៃ​វែង​ដែល​ជា​ជម្រើស​ដ៏​ឈ្លាសវៃ​នៅ​ក្នុង​ការ​តុបតែង​ខ្លួន​ និង​អាច​​ថែទាំ​ស្បែក​​បាន​ល្អ​ក្នុង​ពេល​តែ​មួយ។​ បន្ថែម​ពី​នេះ​ យើង​ក៏​អាច​ពាក់​ស្រោម​ដៃ​ ដើម្បី​ការពារ​​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ដៃ​ ក៏​ដូចជា​ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ ដើម្បី​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​នៅ​ត្រង់​ភ្នែក​។​
    • លាប​ឡេ​ការពារ​កម្ដៅ​ជា​រៀងរាល់​ថ្ងៃ​ មុន​ពេល​ចេញ​ក្រៅ៖ ដើម្បី​ការពារ​ស្បែក​ យើង​ត្រូវ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​នៅ​ត្រង់​បរិវេណ​ដែល​ពុំ​មាន​សំលៀក​បំបាក់​បិទ​បាំង​ ជាមួយ​នឹង​​SPF៣០​ ឬ​ខ្ពស់​ជាង​នេះ​ ហើយ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​នោះ​​ត្រូវ​ធន់​ជាមួយ​នឹង​ទឹក​ផង​ដែរ​។

    ពន្យាភាពចាស់

    ២. លាប​គ្រីម​ផ្តល់​សំណើម​ដល់​ស្បែក​ជា​រៀងរាល់​ថ្ងៃ​

    នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ស្បែក​របស់​យើង​នឹង​​កាន់​តែ​ស្ងួត​ ហើយ​ធ្វើ​ឲ្យ​លេច​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ។​ ជា​ទូទៅ​ ​គ្រីម​ផ្ដល់​សំណើម​អាច​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​ស្បែក​បាន​យ៉ាង​ល្អ​ ដែល​ធ្វើ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ​។​ ដើម្បី​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត​ ចូរ​ប្រើប្រាស់​គ្រីម​ផ្ដល់​សំណើម​​ទាំង​សម្រាប់​ផ្ទៃ​មុខ​ ដង​ខ្លួន​ ក៏​ដូចជា​ប្រើ​ក្រែម​ចិញ្ចឹម​បបូរ​មាត់​។

    ៣. លាង​សម្អាត​​ផ្ទៃ​មុខ​ និង​ភាព​កខ្វក់​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ

    ​​ជាមួយ​គ្នា​នេះ​ដែរ​ ស្រី​ៗ​យើង​គប្បី​លាង​មុខ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ព្រម​ជា​មួយ​នឹង​ហ្វូម​លាង​មុខ​ដែល​គ្មាន​សារជាតិ​កាត់​ចំនួន​២​ដង​ក្នុង​មួយ​ថ្ងៃ​ និង​ជៀសវាង​​ការ​ត្រដុស​មុខ​ខ្លាំង​ៗ​។​

    ៤. បញ្ឈប់​ការ​ជក់​បារី​

    ផ្សែង​បារី​មាន​ជាតិ​ពុល​ ដែល​​អាច​ប៉ះពាល់​ដល់​ស្បែក​មុខ​របស់​អ្នក​ជក់​បារី​។​ ជា​ទូទៅ​ អ្នក​ដែល​ជក់​បារី​ ច្រើន​តែ​មាន​ស្បែក​មុខ​ស្ងួត​ និង​ស្រអាប់​ បាត់បង់​ភាព​តឹង​ណែន​ និង​លេច​ឡើង​ស្នាម​ជ្រីវជ្រួញ​មុន​វ័យ​ ព្រម​ទាំង​មាន​ស្បែក​យារ​ធ្លាក់​ថែម​ទៀត​ផង​។

    ៥. ញ៉ាំ​អាហារ​សុខភាព​

    ​​​អាហារ​សុខភាព​ជួយ​លើក​សម្រស់​ស្បែក​របស់​យើង​បាន​យ៉ាង​ប្រសើរ​។​ ដូច្នេះ​ហើយ​ ស្រីៗ​យើង​គប្បី​ញ៉ាំ​ផ្លែឈើ​ និង​បន្លែ​ឲ្យ​បាន​ច្រើន​ ជាមួយ​នឹង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ ក៏​ដូចជា​ខ្លាញ់​ល្អ​។​

    ៦. គេង​ឲ្យ​បាន​គ្រប់គ្រាន់​

    យើង​សុទ្ធ​តែ​ដឹង​ហើយ​ថា​ ការ​គេង​គ្រប់គ្រាន់​មាន​ប្រយោជន៍​យ៉ាង​ច្រើន​លើសលប់​ចំពោះ​សុខភាព​ រាងកាយ​ និង​​សម្រស់​។​ ដូច្នេះ​ហើយ​ ចូរ​គេង​យ៉ាង​ហោច​ណាស់​៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​រក្សា​សម្រស់​ឲ្យ​នៅ​ក្មេង​ជាង​វ័យ​​ ក៏​ដូចជា​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​នៃ​ស្បែក​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 30, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម