ថ្នាំអង់ទីប៊ីយ្យូទិក ឬថ្នាំផ្សះជាឱសថប្រឆាំងមេរោគ មានតួនាទីសំខាន់ក្នុងការសម្លាប់បាក់តេរីប៉ុណ្ណោះ ថ្នាំប្រភេទនេះប្រើមិនត្រឹមត្រូវ ឬប្រើដោយគ្មានវេជ្ជបញ្ជាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅវិញ។
ឱសថការី គឹម កាណែល ថា ករណីដែលមានជំងឺបង្កដោយវីរុស ការប្រើថ្នាំផ្សះ យកមកព្យាបាលមិនជានោះទេ ថែមទាំងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដាច់ខាតកុំទិញថ្នាំផ្សះមកលេបដោយចិត្តឯង ចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យមុននឹងប្រើវា។
ឧទាហរណ៍ ប្រភេទថ្នាំផ្សះ មានដូចជា អាម៉ុកស៊ិកស៊ីលលីន (Amoxicilline) ប៉េនីស៊ីលលីន (Penicillin) មេត្រូនីតាស៊ូល (Metronidazole) និងអំពីនីស៊ីលលីន (Ampinicillin) ជាដើម។
ផលប៉ះពាល់នៃការប្រើថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជា៖
– ធ្វើឲ្យមេរោគស៊ាំថ្នាំ
– ការប្រើថ្នាំផ្សះលើកក្រោយមិនមានប្រសិទ្ធភាព
– ការព្យាបាលជំងឺប្រើពេលយូរទម្រាំជា
– ធ្វើឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ
– ប៉ះពាល់ដល់មុខងារថ្លើម តម្រងនោម ខួរឆ្អឹង
– អាចប៉ះពាល់ដល់អាយុជីវិត។
អត្ថបទពាក់ព័ន្ធ៖
- ផ្តាសាយ ដាច់ខាតកុំប្រើថ្នាំផ្សះឲ្យសោះ
- ១០ សំណួរពាក់ព័ន្ធការប្រើថ្នាំផ្សះលើក្មេងៗ ប៉ាម៉ាក់ចាំបាច់ត្រូវដឹង!
ដោយសង្កេតឃើញ មានឱសថស្ថាន ឱសថស្ថានរង និងសេវាសុខាភិបាលឯកជនមួយចំនួនបានផ្តល់ឱសថប្រឆាំងមេរោគដល់អ្នកជំងឺដោយគ្មានវេជ្ជបញ្ជា។ កាលពីដើមខែតុលា កន្លងទៅនេះ ក្រសួងសុខាភិបាល បានប្រកាសឲ្យម្ចាស់ឱសថស្ថានបញ្ឈប់ការលក់ថ្នាំប្រឆាំងមេរោគដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យ។
ក្រសួងសុខាភិបាលក៏បានស្នើឲ្យប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពត្រូវទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវជាមុន ទើបទៅទិញថ្នាំនៅតាមឱសថស្ថាន ហើយត្រូវប្រើថ្នាំទាំងនោះឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា ទោះបីជំងឺបានធូរស្បើយក៏ដោយ និងត្រូវបញ្ឈប់ការប្រើថ្នាំប្រឆាំងមេរោគដោយគ្មានវេជ្ជបញ្ជា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]