វិលមុខ ខ្សោយអស់កម្លាំង ករណីខ្លះជារឿងធម្មតា អាចបណ្តាលមកពីការប្រែប្រួលលឿនពេកពីទម្លាប់ប្រចាំថ្ងៃ ដែលធ្វើឱ្យរាងកាយពុំអាចទទួលយកបានភ្លាមៗ។ ប៉ុន្តែ ករណីខ្លះ អាការៈវិលមុខ ក៏ជាសញ្ញាមិនប្រក្រតីបង្ហាញប្រាប់ថា ក្នុងខ្លួនយើងមានបញ្ហា ដែលត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។
១. ខ្សោះជាតិទឹក
ខ្សោះជាតិទឹក ធ្វើឱ្យពិបាកដល់ដំណើរនៃចរន្តឈាម ដែលធ្វើឱ្យអុកស៊ីសែនទៅដល់ខួរក្បាលមិនបានល្អ បណ្តាលឱ្យវិលមុខ។ ដំណោះស្រាយ គឺញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ដែលជាមធ្យម ២លីត្រសម្រាប់មនុស្សពេញវ័យ។ តែបើបានញ៉ាំជាតិទឹកគ្រប់គ្រាន់ នៅតែមានអាការៈវិលមុខ នោះគប្បីទៅជួបគ្រូពេទ្យដើម្បីពិគ្រោះពីស្ថានភាពនេះ។
២. ខ្វះជាតិស្ករ
ឧស្សាហ៍រំលង ឬមិនញ៉ាំអាហារឱ្យត្រូវពេល យើងអាចខ្វះជាតិស្ករនៅក្នុងឈាម ដែលជាថាមពលសម្រាប់រាងកាយ និងខួរក្បាលប្រើប្រាស់។ ដោយសារខ្វះជាតិស្ករ ទើបធ្វើឱ្យយើងវិលមុខ និងឈឺក្បាល។ ដំណោះស្រាយ គឺញ៉ាំទឹកក្រូចស្រស់មួយកែវ និងញ៉ាំអាហារឡើងវិញ ដើម្បីប៉ះប៉ូវ។ តែដោយឡែក ក្រោយញ៉ាំ និងសម្រាករួច នៅតែមានអាការៈធេងធោង វិលមុខ យើងគួរតែទៅជួបគ្រូពេទ្យ។
៣. លេងកីឡាខ្លាំង
លេងកីឡាបញ្ចេញកម្លាំងខ្លាំង ធ្វើឱ្យបេះដូងដើរបានល្អ ដែលពេលខ្លះ កីឡាធ្វើឱ្យរាងកាយបត់បែនប្តូរទីតាំងភ្លាមៗ អាចឱ្យបេះដូងធ្វើការខ្លាំង រហូតបង្កជាអាការៈវិលមុខ។ ដំណោះស្រាយ គឺបន្ថយល្បឿនលេងកីឡាសន្សឹមៗ ហើយព្យាយាមដើរយឺតៗ និងសម្រាក។ ប៉ុន្តែ បើនៅតែមិនបាត់សោះ យើងត្រូវការជំនួយជាចាំបាច់ពីគ្រូពេទ្យ។
៤. សម្ពាធឈាមខ្សោយ
ករណីមួយចំនួន បង្កឡើងដោយប្រព័ន្ធសរសៃឈាម ដំណើរការមិនប្រក្រតី ដោយសារការដួល រួមផ្សំនឹងកត្តាអាយុច្រើន បង្កឱ្យអាការៈវិលមុខកើតឡើង។ ដំណោះស្រាយ គឺប្រុងប្រយ័ត្នមិនឱ្យដួល គួរតាមដានអាការៈនោះ បើសិនកើតឡើងញឹកញាប់ គប្បីទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗពពោះ ឧស្សាហ៍វិលមុខ ត្រូវដឹងរឿងទាំងនេះផង!
- ញ៉ាំអាហារមានប៊ីចេងច្រើន ធ្វើឲ្យពុកឆ្អឹង វិលមុខ ជារឿងពិតអត់?
៥. ឥទ្ធិពលមកពីថ្នាំ
ការប្រើប្រាស់ថ្នាំព្យាបាល ក៏ជាករណីមួយ បង្កជាអាការៈវិលមុខបានដែរ ដែលជាហេតុតម្រូវឱ្យ អានការណែនាំ ឬវេជ្ជបញ្ជាឱ្យបានច្បាស់លាស់ មុនប្រើ។ ញ៉ាំទឹក និងសម្រាក ញ៉ាំអាហារឱ្យបានគ្រប់គ្រាន់ ជាដំណោះស្រាយសម្រាប់បញ្ហានេះ បើបញ្ហានៅតែកើតឡើង អ្នកគប្បីតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]