backup og meta

Metformin (ឱសថ Metformin)

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Metformin ព្យាបាលអីខ្លះ?

Metformin ជា​ថ្នាំ​ប្រើ​សម្រាប់​គ្រប់គ្រង​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម ដោយ​អម​ជាមួយ​ការ​តម​អាហារ និង​ហាត់​ប្រាណ​ត្រឹម​ត្រូវ និងថ្នាំ​ដទៃ​ទៀត។ ថ្នាំនេះ​ប្រើ​ទៅលើ​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២ ដើម្បី​គ្រប់​គ្រង​ជាតិ​ស្ករ ជួយ​ការពារ​ទៅ​លើ តម្រង​នោម​ ​ងងឹតភ្នែក បញ្ហា​ប្រព័ន្ធ​ប្រសាទ បាត់បង់​អវយវៈ និង​បញ្ហា​សុខភាព​ផ្លូវ​ភេទ។ ការ​គ្រប់​គ្រងជំងឺ​ទឹក​នោម​ផ្អែម​បាន​ត្រឹម​ត្រូវ​ អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​គាំង​បេះដូង ឬ​ដាច់​សរសៃ​ឈាម​ខួរក្បាល (Stroke)។ ថ្នាំ​នេះ​ក៏​កាត់​បន្ថយ​ចំនួន​ជាតិស្ករ​ដែល​ថ្លើម​បាន​ផលិត និង​ពោះវៀន​យើង​បាន​​ស្រូប​យក។

Metformin អាច​ប្រើ​ដើម្បី​ផ្លាស់ប្ដូរ​របៀប​រស់​នៅ​ ដូច​ជា ការ​តម​អាហារ និង​ហាត់​ប្រាណ ការ​ពារជំងឺ​ទឹកនោម​ផ្អែម។ ថ្នាំ​នេះ​ អាច​ប្រើ​ទៅលើ​ស្ត្រី​ដែល​មាន​ជំងឺ​​ដំុគីសទឹកច្រើនកន្លែងលើក្រពេញអូវែ​ និង​ជួយ​ឲ្យ​វដ្ត​រដូវ​ស្រីៗ​ទៀងទាត់ បង្កើន​ឱកាស​មាន​កូន។

របៀប​ប្រើ​ថ្នាំ​នេះ​មិនទាន់​ទទួល​ស្គាល់​ពី​អ្នក​ឯកទេស​នៅ​ឡើយ​ទេ ប៉ុន្តែ​គ្រូពេទ្យ​អាចចេញ​វេជ្ជ​បញ្ជា​ឲ្យ​យើង​បាន។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

-​ លេប​ថ្នាំ​នេះ​តាម​ការណែនាំ​របស់​គ្រូពេទ្យ ជា​ទូទៅពី ១-៣​ ដង/ថ្ងៃ​ ជាមួយ​អាហារ។ ត្រូវ​ញ៉ាំទឹក​ឲ្យ​ច្រើន​នៅ​ពេល​លេប​ថ្នាំ​នេះ លើក​លែង​តែ​គ្រូពេទ្យ​ណែនាំ​កុំ​ឲ្យ​ផឹក​ទឹក​ច្រើន​ប៉ុណ្ណោះ។

– កម្រិត​ប្រើ​​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​ មុខងារ​តម្រងនោម និង​លទ្ធផល​នៃ​ការ​ព្យាបាល។ គ្រូពេទ្យ​អាច​នឹង​ចាប់ផ្ដើម​ឲ្យ​យើង​​ប្រើក្នុង​កម្រិត​ទាប​ជាមុន​សិន បន្ទាប់​មក​នឹង​បង្កើន​កម្រិត​ប្រើ​បន្តិច​ម្ដងៗ​ ដើម្បី​កាត់បន្ថយ​កម្រិត​នៃ​ផល​រំខាន​របស់​ថ្នាំ ដូចជា​ឈឺ​ក្នុង​ពោះ​ជា​ដើម។

– គ្រូពេទ្យ​នឹង​កែ​តម្រូវ​កម្រិត​ប្រើ​តាម​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង ដូច្នេះ​ត្រូវ​ធ្វើ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ឲ្យ​បាន​ដិតដល់។ លេបថ្នាំ​នេះ​ឲ្យ​ទៀង​ម៉ោង​ជា​រៀងរាល់​ថ្ងៃ ដើម្បីទ​ទួល​បាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល។

– បើ​យើង​កំពុង​ប្រើ​ថ្នាំ​ប្រឆាំង​ជំងឺ​ទឹកនោម​ផ្អែម​ផ្សេងទៀត (ដូចជា Chlorpropamide) ត្រូវ​ធ្វើតាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​ឈប់​ប្រើ ឬបន្តប្រើថ្នាំ​ចាស់នោះ។

– ត្រូវ​ពិនិត្យ​មើល​ជាតិស្ករ​ឲ្យ​ទៀងទាត់ និង​ប្រាប់​លទ្ធផល​ទៅ​គ្រូពេទ្យ។

៣- គួរ​រក្សា​ទុក​របៀប​ណា?

Metformine អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម (២០-២៥ អង្សា) ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Metformine ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។

ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អីខ្លះ​មុន​ប្រើ?

ត្រូវ​ពិភាក្សា​ជាមួយ​​វេជ្ជបណ្ឌិត ​ឬ​ឱសថការី បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​ដូច​ខាង​ក្រោម៖

– មាន​ប្រតិកម្ម​ជាមួយ​នឹង Metformin ឬ​សារធាតុ​ផ្សំ​ណាមួយ ត្រូវ​សួរ​ទៅ​ឱសថការី​ពី​បញ្ជី​នៃ​សារធាតុផ្សំ​របស់​ថ្នាំ។

– កំពុង​លេប​ថ្នាំ​ផ្សេង​ទៀត រាប់​បញ្ចូល​ទាំង​ថ្នាំ​មា​ន ឬ​គ្មាន​វេជ្ជបញ្ជា​ ក៏​ដូច​ជា​ឱសថ​បុរាណ អាហារូបត្ថម្ភ​ផ្សេង​ទៀត (Complementary Medicines)។ ត្រូវ​ប្រាកដ​ថា​ឱសថ​ដែល​យើង​កំពុង​ប្រើ​មានក្នុង​បញ្ជី​ខាង​ក្រោម​នេះ​​​ សុទ្ធ​តែ​បាន​ប្រាប់​ទៅ​គ្រូពេទ្យ៖​

– ថ្នាំ Acetazolamide (Diamox), Amiloride (Midamor, in moduretic)

– ថ្នាំ Angiotensin-converting enzyme (Ace) Inhibitors ដូចជា Benazepril (lotensin), Captopril (Capoten), Enalapril (Vasotec), Fosinopril (Monopril), Lisinopril (Prinivil, Zestril), Moexipril (univasc), Perindopril (Aceon), Quinapril (Accupril), Ramipril (Altace), Trandolapril (Mavik);

– ពពួកថ្នាំ Beta-blockers ដូចជា Atenolol (Tenormin), Labetalol (Normodyne), Metoprolol (Lopressor, Toprol xl), Nadolol (Corgard), Propranolol (Inderal);

– ពពួកថ្នាំ Calcium channel blockers ដូចជា Amlodipine (Norvasc), Diltiazem (Cardizem, Dilacor, Tiazac, others), Felodipine (Plendil), Isradipine (Dynacirc), Nicardipine (Cardene), Nifedipine (Adalat, Procardia), Nimodipine (Nimotop), Nisoldipine (Sular), and Verapamil (Calan, Isoptin, Verelan) ថ្នាំ Cimetidine (Tagamet), Digoxin (Lanoxin), Diuretics (‘water pills’), Furosemide (Lasix), Isoniazid, Morphine (ms contin)

– ការ​ព្យាបាល​ដោយ​ជំនួសអ័រម៉ូន Hormone replacement therapy និងប្រើអាំងស៊ុយលីន ថ្នាំ​ព្យាបាល​ជំងឺ​ហឺត ថ្នាំ​ព្យាបាល​ទៅលើ​ជំងឺ​ផ្លូវចិត្ត និង​ចង្អោរ ថ្នាំ​ព្យាបាល​ទៅ​លើ​ជំងឺ​លើ​ក្រពេញ​ទីរ៉ូអ៊ីត (Medications for thyroid disease)។

– ថ្នាំ Niacin ថ្នាំ​​ពន្យារ​កំណើត (Birth control pills) និងពពួក​ថ្នាំ Steroids ដូចជា Dexamethasone (decadron, dexone), methylprednisolone (medrol),​ prednisone (deltasone)​​​ ថ្នាំ Phenytoin (Dilantin, Phenytek), ​Procainamide (Procanbid), ​Quinidine, ​Quinine, Rranitidine (Zantac), Topiramate (Topamax), Triamterene (Dyazide, Maxzide), Trimethoprim (Primsol), Vancomycin (Vancocin), Zonisamide (Zonegran)។​ គ្រូពេទ្យ​អាច​​ដូរកម្រិត​ប្រើ​ថ្នាំ​ ឬត្រួតពិនិត្យ​លើ​ផល​រំខាន​ដែល​អាច​កើត​ឡើង។

– ប្រាប់​ពីបញ្ហា​សុខភាព​ទាំង​អស់​ទៅ​គ្រូពេទ្យ

– កំពុង​មានផ្ទៃ​ពោះ​ ឬ​បំបៅ​ដោះ​កូន យើង​អាច​ប្រើ​ថ្នាំ​នេះ​បាន​នៅ​ពេល​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ​

-​ ញ៉ាំ​តិច​ ឬ​ហាត់ប្រាណ​ខ្លាំង​ជ្រុល ​អាច​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ គ្រូពេទ្យ​នឹង​ផ្ដល់​ការ​ណែនាំ​បន្ត។

៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​កំពុង​ពពោះ និង​បំបៅ​ដោះ​កូន​​ទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ Metformine ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​កូន។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជី​ថ្នាំ​គ្រោះថ្នាក់​កម្រិត B សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាងជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

សម្រាប់​ស្ត្រី​កំពុង​បំបៅ​ដោះ​កូន ក៏មិន​ទាន់​បានការ​អះអាង​ពី​ផល​ប៉ះពាល់​ដោយ​ថ្នាំ​ប្រភេទ​នេះ​ដែរ។ យ៉ាងណា ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ មុន​នឹង​ប្រើ ទាំង​ពេល​កំពុង​មានផ្ទៃ​ពោះ និង​កំពុង​បំបៅ​ដោះ​កូន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​មាន​អ្វី​ខ្លះ?

ទាំង​នេះ​ជា​ផល​រំខាន​កើត​ឡើង​ញឹកញាប់៖

រក​ជំនួយ​សង្រ្គោះ​បន្ទាន់​ភ្លាម​ បើ​​មាន​សញ្ញា​ប្រតិកម្ម​អាលែកហ្ស៊ី​ដូចជា កន្ទាល​ត្រអាក ពិបាក​ដក​ដង្ហើម ហើមមុខ បបូរមាត់ អណ្ដាត ឬ​បំពង់​ក។ ថ្នាំនេះ​អាចនឹង​បង្ក​បញ្ហា Lactic acidosis។ បញ្ហា​នេះ​នឹង​កើត​ម្ដង​បន្តិចៗ​រហូត​កាន់​តែ​ធ្ងន់​ទៅៗ។ត្រូវ​រក​ជំនួយ​សង្រ្គោះ​បន្ទាន់​ភ្លាម បើ​មាន​

សញ្ញា​នៃ Lactic Acidosis ដូចជា៖

– ឈឺ​សាច់ដុំ ឬ​សាច់ដុំ​ចុះ​ខ្សោយ

– ស្ពឹក ឬ​ត្រជាក់​ដៃ​ជើង

– ពិបាក​ដក​ដង្ហើម

– វិល​មុខ ស្រាល​ក្បាល ហត់ និង​ខ្សោយ

– ចុក​ពោះ ចង្អោរ ក្អួត

– ចង្វាក់​បេះដូង​ទាប ឬ​មិនសើ្ម

ផល​រំខាន​ធ្ងន់ធ្ងរ​៖

– ដក​ដង្ហើម​ខ្លីៗ

– ហើម ឬ​កើន​ទម្ងន់​ខ្លាំង

– គ្រុន​ក្ដៅ ញ័រ ឈឺ​ខ្លួន សញ្ញា​ដូច​គ្រុន​ផ្ដាសាយ

ផល​រំខាន​មិន​សូវ​ធ្ងន់ធ្ងរ៖

– ឈឺក្បាល ឬសាច់ដុំ

– កម្លាំង​ចុះ​ខ្សោយ

– ក្អួតចង្អោរ​តិចតួច រាក ឈឺពោះ។

​មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់​ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​​ថ្នាំ​

Metformine អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត​យើង​កំពុង​ប្រើ ធ្វើឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់ ​ផល​រំខាន​ទៅ​ដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិត​ផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ឬ​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

អន្តរកម្ម​ពេលប្រើថ្នាំ​ Metformine ជា​មួយ​ថ្នាំ​ដទៃ​ទៀត​មាន​ដូចជា៖

– ថ្នាំ Furosemide (Lasix)

– ថ្នាំ Nifedipine (Adalat, Procardia)

– ថ្នាំ Cimetidine (Tagamet) or ranitidine (Zantac)

– ថ្នាំ Amiloride (Midamor) or triamterene (Dyrenium)

– ថ្នាំ Digoxin (Lanoxin)

– ថ្នាំ Morphine (MS Contin, Kadian, Oramorph)

– ថ្នាំ Procainamide (Procan, Pronestyl, Procanbid)

– ថ្នាំ Quinidine (Quin-G) or quinine (Qualaquin)

– ថ្នាំ Trimethoprim (Proloprim, Primsol, Bactrim, Cotrim, Septra)

– ថ្នាំ Vancomycin (Vancocin, Lyphocin)

ជាតិ​ស្ករ​នឹង​កើន​ឡើង​ខ្ពស់ (Hyperglycemia) ពេល​ប្រើ Metformine ជាមួយ​ឱសថ​ខាងក្រោម៖

– Isoniazid

– ថ្នាំ​បញ្ចុះ​ទឹក​នោម (Water pills)

-​ ពពួក​ថ្នាំ Steroids (Prednisone)

-​ ថ្នាំ​ប្រើ​ព្យាបាល​ជំងឺ​បេះដូង​ ឬ​សម្ពាធឈាម (Cartia, Cardizem, Covera, Isoptin, Verelan និង​ថ្នាំ​ផ្សេង​ទៀត។

– Niacin (Advicor, niaspan, niacor, simcor, slo-niacin និងផ្សេងទៀត)

– Phenothiazines (Compazine and others);

– ថ្នាំ​ប្រើទៅលើ​ក្រពេញ ទីរ៉ូអ៊ីត (Thyroid Medicines) (synthroid and others)

– ថ្នាំ​ពន្យារ​កំណើត និងអ័រម៉ូន​ផ្សេងទៀត (other hormones)

– ថ្នាំ​ប្រឆាំង​ប្រកាច់ (Dilantin)

– ថ្នាំ​បញ្ចុះ​ទម្ងន់ (Diet Pill) ឬថ្នាំ​ព្យាបាល​ជំងឺ​ហឺត គ្រុនក្ដៅ ឬអាលែកហ្ស៊ី។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង

Metformine អាច​មាន​ប្រតិកម្ម​ជាមួយ​​អាហារ ឬ​ស្រា ​អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ បង្កើន​​ហានិភ័យ​ ផល​រំខាន​ធ្ងន់ធ្ងរ។ មុន​នឹង​ប្រើ​ថ្នាំ​នេះ ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ឬ​ឱសថការី ​បើ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ​ ឬ​ស្រា។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព

Metformine អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវឲ្យ​វេជ្ជបណ្ឌិត ​និង​ឱសថការី ​ដឹង​ពី​ស្ថានភាព​សុខភាព​ទាំងអស់​ដែល​កំពុង​កើត​មាន​ពេល​បច្ចុប្បន្ន ជាពិសេស៖

– ញៀនស្រា

– ក្រពេញ​អាដ្រេណាល់​ដំណើរការ​ទាប (Underactive adrenal glands)

– ក្រពេញ​ Pituitary ដំណើរ​ការ​ទាប (Underactive pituitary gland)

– កង្វះ​អាហារូបត្ថម្ភ (Undernourished condition)

– រាងកាយ​ចុះ​ខ្សោយ

– ស្ថានភាព​សុខភាព​ផ្សេងៗ​​បណ្ដាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប អ្នក​ជំងឺ​ដែល​មាន​បញ្ហា​នេះ នៅ​ពេល​ប្រើ Metformin ​បណ្ដាល​ឲ្យ​កាន់​ធ្លាក់​កម្រិត​ជាតិ​ស្ករ។

– ស្លេកស្លាំង

– ខ្សោយបេះដូង​ស្រួច​ស្រាវ

– បាត់បង់​ជាតិ​ទឹក (Dehydration)

– គាំង​បេះដូង​ស្រួចស្រាវ

– ធ្លាក់​ចុះ​អុកស៊ីសែន​ក្នុង​ឈាម (Hypoxemia)

– ជំងឺ​លើ​តម្រង​នោម

– ជំងឺ​លើ​ថ្លើម

– មេរោគក្នុងឈាម

– សម្ពាធ​ឈាម​ទាប លំហូរ​ឈាម​ក្នុង​រាង​កាយ​ខ្សោយ (Shock) នាំ​ឲ្យ​បញ្ហា Lactic Acidosis អាច​នឹង​កើត​ឡើង។ ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ប្រសិន​បើ​យើង​បារម្ភ​ពី​បញ្ហា​នេះ។

– សារធាតុ Ketones ក្នុង​ឈាម (Diabetic ketoacidosis)

– ជំងឺ​លើ​តម្រង​នោម​ធ្ងន់ធ្ងរ

– កើន​អាស៊ីដក្នុង​ឈាម (Metabolic Acidosis)

– ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ មួយ (Type 1 Diabetes) មិន​ត្រូវ​ប្រើ Metformine ទៅលើ​អ្នក​ជំងឺ​ប្រភេទ​នេះ​ទេ។

– គ្រុន​ក្ដៅ

– មាន​ឆ្លង​មេរោគ (Infection)

– វះកាត់

– របួស​ដោយ​ប៉ះទង្គិច​ខ្លាំង (Trauma)។ ស្ថានភាព​នេះ​អាច​នឹង​បង្ក​បញ្ហា​បណ្ដោះ​អាសន្ន​លើ​ការ​គ្រប់គ្រង​ជាតិស្ករ​ក្នុង​ឈាម ហើយ​គ្រូពេទ្យ​អាច​នឹង​ប្ដូរ​ឲ្យ​ចាក់​ Insulin ជំនួស​វិញ។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​កម្រិត​ណា?

ជំងឺទឹកនោមផ្អែម​ប្រភេទទី ២ (Diabetes Type 2)

ប្រភេទ Immediate-release

– កម្រិត​​ដំបូង៖ ៥០០មិល្លីក្រាម លេប ២ ដង/ថ្ងៃ ឬ ៨៥០មិល្លីក្រាម លេបម្ដងក្នុងថ្ងៃ។

– កម្រិត​កែតម្រូវ៖ បង្កើន ៥០០មិល្លីក្រាម រៀងរាល់​អាទិត្យ ឬ ៨៥០មិល្លីក្រាម រៀងរាល់ ២ អាទិត្យម្ដង​ ប្រសិន​បើ​យើង​ជំងឺស៊ាំ​នឹង​ថ្នាំ។

– កម្រិត​បន្ថែម៖ ២០០០ មិល្លីក្រាម រៀងរាល់​ថ្ងៃ។

– កម្រិត​អតិបរមា៖ ២៥៥០ មិល្លីក្រាម រៀងរាល់ថ្ងៃ។

ប្រភេទ Extended-release

– កម្រិត​ដំបូង៖ ៥០០-១០០០ មិល្លីក្រាម លេបម្ដងក្នុងថ្ងៃ។

– កម្រិតកែតម្រូវ៖ បង្កើន ៥០០មិល្លីក្រាម រៀងរាល់​អាទិត្យ​ ប្រសិន​បើ​យើង​ស៊ាំ​នឹង​ថ្នាំ។

– កម្រិត​​បន្ថែម៖ ២០០ មិល្លីក្រាម រៀងរាល់​ថ្ងៃ

– កម្រិត​​អតិបរមា៖ ២៥៥០មិល្លីក្រាម រៀងរាល់ថ្ងៃ។

១១- កូន​ក្មេង​ត្រូវ​ប្រើ​កម្រិត​ណា?

ជំងឺទឹកនោមផ្អែម​ប្រភេទទី ២ (Diabetes Type 2) លើកុមារ អាយុចាប់ពី ១០ ឆ្នាំ​ឡើងទៅ

ប្រភេទ Immediate-release

– កម្រិត​ដំបូង៖ ៥០០មិល្លីក្រាម លេប ២ ដង/ថ្ងៃ

– កម្រិតកែតម្រូវ៖ បង្កើន ៥០០មិល្លីក្រាម រៀងរាល់​អាទិត្យ​​ប្រសិន​បើ​យើង​ស៊ាំ​នឹង​ថ្នាំ។

– កម្រិត​បន្ថែម៖ ២០០០មិល្លីក្រាម រៀងរាល់​ថ្ងៃ

– កម្រិត​អតិបរមា៖ ២៥៥០មិល្លីក្រាម រៀងរាល់ថ្ងៃ។

១២- ទម្រង់​ថ្នាំដូច​ម្ដេច​ខ្លះ?

Metformine មាន​ទម្រង់ និងកម្រិត​​ដូច​ខាង​ក្រោម៖

-ថ្នាំគ្រាប់ ៥០០មិល្លីក្រាម និង ១០០០មិល្លីក្រាម

-ថ្នាំគ្រាប់ប្រភេទ Extended Realease ៥០០មិល្លីក្រាម និង ១០០០ មិល្លីក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​លេប​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ Metformine សូម​លេប​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Metformin. https://www.drugs.com/metformin.html. Accessed June, 30, 2016.

Metformin. http://www.everydayhealth.com/drugs/metformin. Accessed June, 30, 2016.

Metformin. http://www.mayoclinic.org/drugs-supplements/metformin-oral-route/description/drg-20067074. Accessed June, 30, 2016.

កំណែ​ប្រែបច្ចុប្បន្ន

19/12/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ វេជ្ជ. ចាន់ ស៊ីណេត


អត្ថបទពាក់ព័ន្ធ

ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

ហេតុអ្វីរាងកាយ​យើង​ត្រូវការ​ជាតិ​ខូឡាជេន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ គឹម កាណែល · កែ Dec 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម