ស្វែងយល់ពីការប្រើប្រាស់
១- ថ្នាំ Atenolol ព្យាបាលអីខ្លះ?
ថ្នាំ Atenolol សម្រាប់ព្យាបាលជំងឺលើសសម្ពាធឈាម ហើយការបញ្ចុះសម្ពាធឈាម អាចជួយការពារពីជំងឺដាច់សរសៃឈាមខួរក្បាល គាំងបេះដូង និងជំងឺតម្រងនោម។ ថ្នាំនេះក៏ប្រើសម្រាប់ព្យាបាលបញ្ហាឈឺក្នុងទ្រូង និងដើម្បីឲ្យអ្នកជំងឺរស់បានយូរ ក្រោយកើតជំងឺគាំងបេះដូង។
Atenolol ស្ថិតនៅក្នុងពពួកថ្នាំ Beta blockers មាននាទីជាអ្នកបង្អាក់សកម្មភាពរបស់សារធាតុគីមីក្នុងខ្លួនយើងដូចជា អេពីណេព្រីន ដែលមាននៅក្នុងបេះដូង និងនៅតាមសរសៃឈាម។ សកម្មភាពនេះអាចជួយបន្ថយចង្វាក់បេះដូង សម្ពាធឈាម និងការកន្រ្តាក់បេះដូង។ គ្រូពេទ្យអាចយកថ្នាំមួយនេះមកព្យាបាលជំងឺផ្សេងទៀតដូចជា ចង្វាក់បេះដូងលោតមិនទៀង ខ្សោយបេះដូង រោគសញ្ញាញៀនក្រោយឈប់ផឹកស្រា និងប្រើដើម្បីការពារឈឺក្បាលប្រកាំង។
២- គេប្រើថ្នាំនេះយ៉ាងម៉េច?
លេបថ្នាំ Atenolol ជាមួយអាហារ ឬលេបពោះទទេបានតាមការណែនាំរបស់គ្រូពេទ្យ ហើយជាទូទៅយើងត្រូវលេប ១-២ ដង/ថ្ងៃ។ ទឹកផ្លែប៉ោម និងទឹកក្រូចអាចកាត់បន្ថយអត្រាបឺតស្រូបរបស់ថ្នាំ Atenolol ដូចនេះយើងមិនត្រូវញ៉ាំទឹកផ្លៃប៉ោម ឬទឹកក្រូចនៅអំឡុងពេល ៤ ម៉ោងមុនលេបថ្នាំ Atenolol បានឡើយ។ កម្រិតថ្នាំគឺអាស្រ័យលើស្ថានភាពជំងឺ ត្រូវប្រើថ្នាំនេះឲ្យទៀងទាត់ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ ទោះបីជាយើងបានធូរស្រាលហើយក្តី។ ជំងឺលើសឈាមភាគច្រើន មិនមានបង្ហាញរោគសញ្ញាឲ្យយើងឃើញឡើយ។
បើគ្រូពេទ្យឲ្យយើងប្រើថ្នាំនេះសម្រាប់ព្យាបាលជំងឺឈឺក្នុងទ្រូង អ្នកត្រូវលេបវាឲ្យបានទៀងទាត់ និងមិនគួរប្រើថ្នាំនេះនៅពេលកំពុងឈឺទ្រូងនោះទេ។ យើងអាចប្រើថ្នាំផ្សេងជំនួស ដូចជា Nitroglycerin ដាក់ក្រោមអណ្តាត ដើម្បីកាត់បន្ថយបញ្ហាឈឺទ្រូងបាន។
អ្នកអាចប្រើថ្នាំនេះរហូតដល់ ១-២ សប្តាហ៍ទើបឃើញប្រសិទ្ធភាព។ ត្រូវប្រាប់គ្រូពេទ្យបើជំងឺមិនបានធូរស្បើយ (សម្ពាធឈាមនៅតែខ្ពស់ ឬកាន់តែកើនឡើង ឬឧស្សាហ៍មានបញ្ហាឈឺក្នុងទ្រូង)។
៣- រក្សាទុកដោយវិធីណា?
ថ្នាំ Atelonol អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ និងសំណើម។ រក្សាថ្នាំកុំឲ្យខូច មិនត្រូវទុកនៅក្នុងបន្ទប់ទឹក ឬទូទឹកកកទេ។ លើទីផ្សារប្រហែលជាមានថ្នាំម៉ាក Atelonol ផ្សេងគ្នា ហើយការរក្សាទុកក៏ខុសគ្នា។ ហេតុនេះសំខាន់ណាស់ ត្រូវពិនិត្យមើលក្រដាសណែនាំផលិតផលពីការរក្សាទុក ឬសួរឱសថការី។ ដើម្បីសុវត្ថិភាពគួរថែរក្សាទុកថ្នាំគ្រប់ប្រភេទឲ្យឆ្ងាយពីដៃក្មេង និងសត្វចិញ្ចឹម។
ពុំគួរចោលថ្នាំតាមបង្គន់ ឬតាមលូបង្ហូរទឹកទេ លើកលែងតែមានការណែនាំពីគ្រូពេទ្យ។ សំខាន់ណាស់ត្រូវកម្ទេចថ្នាំប្រភេទនេះឲ្យបានត្រឹមត្រូវ ពេលហួតកាលកំណត់ ឬលែងប្រើ។ ពិភាក្សាជាមួយឱសថការី សម្រាប់ព័ត៌មានលម្អិតពីរបៀបកម្ទេចថ្នាំ។
កត្តាគួរប្រុងប្រយ័ត្ន
៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?
ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើយើងកំពុងស្ថិតក្នុងករណីដូចខាងក្រោម៖
– កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន។ យើងអាចប្រើថ្នាំនេះបាននៅពេលមានការណែនាំពីគ្រូពេទ្យប៉ុណ្ណោះ។
– កំពុងប្រើថ្នាំផ្សេងទៀត រាប់បញ្ចូលទាំងថ្នាំមាន ឬគ្មានវេជ្ជបញ្ជា ថ្នាំបូរាណ ឬថ្នាំបំប៉នសុខភាពជាដើម។
– មានប្រតិកម្មជាមួយគ្រឿងផ្សំរបស់ Atenolol ឬជាមួយថ្នាំផ្សេងទៀត
– មានជំងឺ ឬបញ្ហាអ្វីផ្សេងទៀតនៅក្នុងខ្លួន។
ប្រាប់គ្រូពេទ្យបើមាន ឬធ្លាប់មានជំងឺហឺត សួត ទឹកនោមផ្អែម អាលែកហ្ស៊ីធ្ងន់ធ្ងរ លើសអ័រម៉ូនក្រពេញទីរ៉ូអ៊ីត ដុំសាច់លើក្រពេញអាដ្រេណាល់ ជំងឺបេះដូង បេះដូងលោតខ្សោយ បញ្ហាប្រព័ន្ធចរន្តឈាម ឬជំងឺតម្រងនោមជាដើម។
បើត្រូវវះកាត់ រាប់ទាំងការវះកាត់បញ្ហាធ្មេញ យើងត្រូវប្រាប់គ្រូពេទ្យ ថាយើងកំពុងប្រើថ្នាំ Atenolol។ ត្រូវចងចាំថា បើយើងធ្លាប់មានអាលែកហ្ស៊ីជាមួយសារធាតុអ្វីមួយ នឹងកាន់តែធ្ងន់ធ្ងរ ពេលយើងប្រើប្រាស់ថ្នាំ Atenolol ហើយប្រតិកម្មនេះមិនអាចបន្សាបដោយ ថ្នាំអេពីណេហ្វ្រីន ចាក់នៅក្នុងកម្រិតធម្មតាបាននោះទេ។
៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?
មិនមានព័ត៌មានគ្រប់គ្រាន់ពីសុវត្ថិភាពការប្រើថ្នាំនេះ ទាំងអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះបេប៊ី។ ហេតុនេះពិភាក្សាជាមួយវេជ្ជបណ្ឌិត ពីគុណប្រយោជន៍ និងហានិភ័យមុនពេលប្រើ គឺជារឿងចាំបាច់។ យោងតាមរដ្ឋបាលចំណីអាហារ និងឱសថ នៅអាមេរិក (FDA) ថ្នាំនេះត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីថ្នាំគ្រោះថ្នាក់កម្រិត D សម្រាប់ស្ត្រីមានផ្ទៃពោះ។
ចំណាត់ថ្នាក់កម្រិតគ្រោះថ្នាក់នៃថ្នាំទៅលើស្ត្រីមានផ្ទៃពោះរបស់ FDA មានដូចខាងក្រោម៖
– A = គ្មានគ្រោះថ្នាក់
– B = គ្មានគ្រោះថ្នាក់ ក្នុងការសិក្សាមួយចំនួន
– C = អាចមានគ្រោះថ្នាក់ខ្លះៗ
– D = មានភស្តុតាងជាវិជ្ជមានថាមានគ្រោះថ្នាក់
– X = ហាមប្រើ
– N = មិនមានព័ត៌មាន។
ស្វែងយល់ពីផលរំខាន
៦- ផលរំខានមានអ្វីខ្លះ?
ត្រូវប្រញាប់ទាក់ទងទៅគ្រូពេទ្យ បើយើងមានសញ្ញាបញ្ជាក់អំពីបញ្ហាប្រតិកម្មដូចជា ឡើងកន្ទួលរមាស់ ពិបាកដកដង្ហើម ហើមមុខមាត់ អណ្តាត ឬបំពង់ក។
ផលរំខានមិនសូវធ្ងន់ធ្ងរ៖
– បាត់បង់ចំណង់ផ្លូវភេទ មិនងាយឈានដល់ចំណុចកំពូល
– គេងមិនលក់
– អស់កម្លាំង
– ថប់អារម្មណ៍ និងគិតច្រើន។
ផលរំខានធ្ងន់ធ្ងរ៖
– បេះដូងលោតខ្សោយ ឬមិនទៀងទាត់
– ស្រាលក្នុងក្បាល ឬសន្លប់
– ហត់ ឬមានអារម្មណ៍ថប់ៗ
– ហើមជើង ឬកែងជើង
– ចង្អោរ ឈឺក្នុងពោះ ក្តៅខ្លួនតិចៗ
– មិនឃ្លានអាហារ ឡើងលឿងលើស្បែក
– ទឹកនោមពណ៌ខ្មៅ លាមកស
– បាក់ទឹកចិត្ត
– ត្រជាក់នៅតាមចុងដៃចុងជើង។
មនុស្សគ្រប់គ្នាមិនប្រាកដថា មានផលរំខានទាំងអស់គ្នានោះទេ។ មានផលរំខានជាច្រើនទៀត ដែលមិនបានរៀបរាប់នៅខាងលើ ដូចនេះយើងគួរពិភាក្សាជាមួយគ្រូពេទ្យ បើនៅមានកង្វល់ជុំវិញផលរំខានរបស់ថ្នាំ។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧- អន្តរកម្មថ្នាំ
Atenolol អាចមានប្រតិកម្មជាមួយថ្នាំផ្សេងទៀតយើងកំពុងប្រើ ធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនគ្រោះថ្នាក់ ផលរំខានទៅដល់យើង។ ដើម្បីចៀសវាងអន្តរកម្មពីថ្នាំនេះ គួររក្សាទុកបញ្ជីឈ្មោះថ្នាំទាំងអស់យើងកំពុងប្រើ ទាំងមាន ឬគ្មានវេជ្ជបញ្ជា និងផលិតផលពីរុក្ខជាតិ យកបញ្ជីនោះទៅឲ្យវេជ្ជបណ្ឌិត ឬឱសថការីពិនិត្យមើល។ ដើម្បីសុវត្ថិភាព កុំចាប់ផ្ដើមប្រើ ឬឈប់ប្រើ ឬផ្លាស់ប្ដូរកម្រិតថ្នាំដោយគ្មានការណែនាំ និងយល់ព្រមពីវេជ្ជបណ្ឌិតឲ្យសោះ។
អន្តរកម្មពេលប្រើថ្នាំ Atenololជាមួយថ្នាំដទៃទៀតមានដូចជា៖ ថ្នាំព្យាបាលប្រតិកម្មអាលែកហ្ស៊ី ថ្នាំ Amiodarone (Cordarone, Pacerone) ថ្នាំ Clonidine (Catapres) ថ្នាំ Digoxin (digitalis, Lanoxin), ថ្នាំ Disopyramide (Norpace), ថ្នាំ Guanabenz (Wytensin), ថ្នាំ MAO inhibitor ដូចជា Isocarboxazid (Marplan), tranylcypromine (Parnate), phenelzine (Nardil), or selegiline (Eldepryl, Emsam), ថ្នាំទឹកនោមផ្អែមដូចជា អាំងស៊ុយលីន Glyburide (Diabeta, Micronase, Glynase), glipizide (Glucotrol), chlorpropamide (Diabinese), ឬ metformin (Glucophage), ថ្នាំបេះដូងដូចជា nifedipine (Procardia, Adalat), reserpine (Serpasil), verapamil (Calan, Verelan, Isoptin), diltiazem (Cartia, Cardizem), ថ្នាំព្យាបាលជំងឺហឺត ឬ ជំងឺដង្ហើមផ្សេងៗរួមមាន Albuterol (Ventolin, Proventil), bitolterol (Tornalate), metaproterenol (Alupent), pirbuterol (Maxair), terbutaline (Brethaire, Brethine, Bricanyl) និង theophylline (Theo-Dur, Theolair) ក៏ដូចជា ថ្នាំផ្តាសាយ ថ្នាំកម្លាំង ឬថ្នាំសម្រកទម្ងន់ជាដើម។
៨- អន្តរកម្មជាមួយអាហារ ឬគ្រឿងស្រវឹង
Atenolol អាចមានប្រតិកម្មជាមួយអាហារ ឬស្រា អាចធ្វើឲ្យផ្លាស់ប្ដូរអំពើរបស់ថ្នាំ បង្កើនហានិភ័យ ផលរំខានធ្ងន់ធ្ងរ។ មុននឹងប្រើថ្នាំនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការី បើធ្លាប់មានប្រតិកម្មជាមួយអាហារ ឬស្រា។
៩- អន្តរកម្មជាមួយសុខភាព
ថ្នាំ Atenolol អាចមានអន្តរកម្មជាមួយសុខភាពយើង នាំឲ្យស្ថានភាពសុខភាពកាន់តែដុនដាប ឬអាចផ្លាស់ប្ដូរអំពើថ្នាំទៀតផង។ សំខាន់បំផុត ត្រូវឲ្យវេជ្ជបណ្ឌិត និងឱសថការី ដឹងពីស្ថានភាពសុខភាពទាំងអស់ដែលកំពុងកើតមានពេលបច្ចុប្បន្ន។
បញ្ហាសុខភាពអាចមានអន្តរកម្មជាមួយថ្នាំ Atenolol៖
– បេះដូងលោតយឺត
– ចង្វាក់បេះដូងមិនប្រក្រតី
– ខ្សោយបេះដូង
– Pheochromocytoma (ដុំនៅលើក្រពេញអាដ្រេណាល់លើតម្រងនោម)
– ទឹកនោមផ្អែម
– លើសអ័រម៉ូនក្រពេញទីរ៉ូអ៊ីត
– ជាតិស្ករក្នុងឈាមចុះទាប
– ជំងឺតម្រងនោម
– ជំងឺសួត (ជំងឺហឺត រលាកទងសួត និងជំងឺស្វិតសួត)។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?
ព្យាបាលលើសសម្ពាធឈាមលើមនុស្សពេញវ័យ៖
– កម្រិតដំបូង៖ លេប ៥០មិល្លីក្រាម លេបមួយថ្ងៃម្តង
– កម្រិតបន្ទាប់៖ លេប ៥០-១០០ មិល្លីក្រាម លេបមួយថ្ងៃម្តង។
– កម្រិតអតិបរមា៖ ១០០មិល្លីក្រាមក្នុងមួយថ្ងៃ។
កម្រិតប្រើ Atenolol Pectoris Prophylaxis លើមនុស្សពេញវ័យ៖
– កម្រិតដំបូង៖ លេប ៥០មិល្លីក្រាម លេបមួយថ្ងៃម្តង។ ដំឡើងទៅ ១០០មិល្លីក្រាម លេបមួយថ្ងៃម្តង បើមិនទាន់ឃើញប្រសិទ្ធភាពក្រោយប្រើបាន ១ សប្តាហ៍។
– កម្រិតបន្ទាប់៖ លេប ៥០-២០០ មិល្លីក្រាម លេបមួយថ្ងៃម្តង។
– កម្រិតអតិបរមា៖ ២០០ មិល្លីក្រាម/ថ្ងៃ។
កម្រិតប្រើសម្រាប់ព្យាបាលចុកទ្រូងលើមនុស្សពេញវ័យ៖
– កម្រិតដំបូង៖ លេប ៥០មិល្លីក្រាម លេបមួយថ្ងៃម្តង។ ដំឡើងទៅ ១០០មិល្លីក្រាម លេបមួយថ្ងៃម្តង បើមិនទាន់ឃើញប្រសិទ្ធភាពក្រោយប្រើបាន ១ សប្តាហ៍។
– កម្រិតបន្ទាប់៖ លេប ៥០-២០០មិល្លីក្រាម លេបមួយថ្ងៃម្តង។
– កម្រិតអតិបរមា៖ ២០០មិល្លីក្រាម/ថ្ងៃ។
កម្រិតប្រើសម្រាប់ព្យាបាលជំងឺរលួយសាច់ដំុបេះដូង៖
– លេប ៥០មិល្លីក្រាម ២ដង/ថ្ងៃ ឬ លេប ១០០មិល្លីក្រាម មួយថ្ងៃម្តង។
កម្រិតប្រើសម្រាប់ព្យាបាលលើសសម្ពាធឈាមលើមនុស្សចាស់៖
– កម្រិតដំបូង៖ ត្រូវឲ្យគាត់ចាប់ផ្តើមលេប ២៥មិល្លីក្រាម លេបមួយថ្ងៃម្តង។
១១- ក្មេងត្រូវប្រើកម្រិតណា?
មិនទាន់មានកម្រិតប្រើសម្រាប់កុមារនៅឡើយទេ អាចនឹងមិនមានសុវត្ថិភាពសម្រាប់កូនយើង។ សូមពិភាក្សាជាមួយនឹងគ្រូពេទ្យ ឬឱសថការីដើម្បីទទួលបានព័ត៌មានបន្ថែម។
១២- មានទម្រង់បែបណាខ្លះ?
ថ្នាំគ្រាប់សម្រាប់លេប ២៥មិល្លីក្រាម ៥០មិល្លីក្រាម និង ១០០ មិល្លីក្រាម។
១៣- ករណីបន្ទាន់ ឬប្រើថ្នាំលើសកម្រិត
សូមទូរសព្ទទៅផ្នែកសង្គ្រោះបន្ទាន់ ១១៩ ឬប្រញាប់ទៅមន្ទីរពេទ្យនៅជិតបំផុត។
១៤- ករណីភ្លេចប្រើថ្នាំ
បើភ្លេចលេបថ្នាំ សូមលេបវាភ្លាម ប៉ុន្តែបើកៀកពេលត្រូវលេបថ្នាំបន្ទាប់ ត្រូវរំលងថ្នាំភ្លេចនោះ លេបថ្នាំតាមពេលត្រូវលេបបន្តបានហើយ កុំលេបថ្នាំពីរកម្រិតក្នុងពេលតែមួយ។
[embed-health-tool-bmi]