ស្វែងយល់ពីការប្រើប្រាស់
១– Glycerol ជួយអីខ្លះដល់រាងកាយ?
Glycerol ជាសារធាតុគីមីមាននៅក្នុងធម្មជាតិ ត្រូវបានគេប្រើជាថ្នាំ ហើយលក្ខខណ្ឌប្រើប្រាស់ និងកម្រិតរបស់វាត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថ អាមេរិក (FDA)។
ប្រើ Glycerol ជាថ្នាំសម្រកគីឡូ បង្កើនលំហាត់ប្រាណ ជួយបង្រ្គប់ជាតិទឹកដែលបាត់បង់ដោយការរាក និងក្អួត ជួយបន្ថយសម្ពាធក្នុងភ្នែកលើអ្នកជំងឺដក់ទឹកក្នុងភ្នែក (Glaucoma)។ អ្នកកីឡាជាច្រើនប្រើប្រាស់ថ្នាំ Glycerol ការពារការបាត់បង់ជាតិទឹក។ ពេលខ្លះ គ្រូពេទ្យ ប្រើវាដោយចាក់តាមសរសៃឈាម ដើម្បីបន្ថយសម្ពាធក្នុងខួរក្បាល និងព្យាបាលបញ្ហាខួរក្បាលផ្សេងទៀតដូចជា៖
– ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke)
– រលាកស្រោមខួរក្បាល (Meningitis)
– រលាកសាច់ខួរក្បាល (Encephalitis)
– បណ្ដុំរោគសញ្ញា Reye’s Syndrome (ជំងឺកម្រមួយបណ្ដាលឲ្យហើមថ្លើម និងខួរក្បាល)
– ជំងឺដុំសាច់បញ្ឆោតក្នុងខួរក្បាល (Pseudotumor Cerebri មានរោគសញ្ញាស្រដៀងមហារីកខួរក្បាល) និងការប៉ះទង្គិចលើប្រព័ន្ធប្រសាទកណ្តាល (CNS Trauma) ដុំសាច់ក្នុងប្រព័ន្ធសសៃប្រសាទកណ្តាល (CNS Tumor)
– បន្ថយបរិមាណខួរក្បាលសម្រាប់ដំណើរការវះកាត់ប្រព័ន្ធប្រសាទ និងព្យាបាលករណីសន្លប់ពេលឈរ ដោយសារលំហូរឈាមទៅកាន់ខួរក្បាលទាប (Postural syncope)។
យើងអាចប្រើ Glycerol លាបលើស្បែក ជាផលិតផលផ្តល់សំណើម។ ពេទ្យភ្នែកជាច្រើន ប្រើសូលុយស្យុងដែលផ្ទុកសារធាតុនេះ ដើម្បីបន្ថយសារធាតុរាវក្នុងកញ្ចក់ភ្នែក មុនពេលពិនិត្យ។ Glycerol អាចប្រើជាថ្នាំបន្ទន់លាមកដោយសុលតាមគូទ។
២– វាដំណើរការម៉េច?
មិនទាន់មានការសិក្សាគ្រប់គ្រាន់ពីដំណើរការ Glycerol នេះទេ។ យើងគួរតែពិភាក្សាជាមួយគ្រូពេទ្យ សម្រាប់ព័ត៌មានបន្ថែម។ ប៉ុន្តែអ្នកជំនាញគ្រាន់តែដឹងថា វាអាចទាញយកទឹកចូលទៅក្នុងពោះវៀន ដើម្បីបន្ទន់លាមក និងបន្ថយអាការៈទល់លាមក។
កត្តាគួរប្រុងប្រយ័ត្ន
៣– មុនប្រើគួរដឹងអីខ្លះ?
មុនប្រើប្រាស់ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងឱសថរុក្ខជាតិ ប្រសិនបើ៖
- កំពុងមានផ្ទៃពោះ ឬបំបៅដោះកូន ដោយសារពេលពពោះ ឬបំបៅដោះកូន ត្រូវប្រើប្រាស់ថ្នាំឲ្យត្រូវតាមកម្រិតណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំអ្វីផ្សេង ថ្នាំទាំងនោះរាប់បញ្ចូលទាំងថ្នាំអ្នកទិញខ្លួន និងថ្នាំទិញតាមវេជ្ជបញ្ជា
– មានប្រតិកម្មជាមួយ Glycerol ថ្នាំពេទ្យ ឬមានប្រតិកម្មជាមួយឱសថបុរាណដទៃ
– កំពុងមានជំងឺប្រចាំកាយ ឬមានបញ្ហាសុខភាពអ្វីមួយ ពិសេសមានក្រួសក្នុងប្រមាត់ជាដើម
– ធ្លាប់មានប្រតិកម្មជាមួយអាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬជាមួយសត្វ។
លក្ខខណ្ឌក្នុងការចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថបំប៉នមិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ដូចនេះគួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថបំប៉នទាំងនេះ។ អ្នកត្រូវប្រាកដថាអត្ថប្រយោជន៍នៃការប្រើថ្នាំនេះខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចដឹងពីព័ត៌មានបន្ថែម។
៤– មានសុវត្ថិភាពកម្រិតណា?
Glycerol អាចមានសុវត្ថិភាពចំពោះមនុស្សពេញវ័យភាគច្រើន តែអាចមិនមានសុវត្ថិភាពពេលចាក់តាមសរសៃឈាម ព្រោះប៉ះពាល់ដល់កោសិកាគ្រាប់ឈាមក្រហមធ្ងន់ធ្ងរ។
៥- គួរប្រុងប្រយ័ត្ន
– ចំពោះស្រ្តីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន៖ មិនមានព័ត៌មានគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ឱសថនេះទេ ដូចនេះគួរចៀសវាងប្រើប្រាស់វា ដើម្បីសុវត្ថិភាព។
ស្វែងយល់ពីផលរំខាន
៦– មានផលរំខានអីខ្លះ?
ការប្រើប្រាស់ដោយលេប អាចមានផលរំខានមួយចំនួន ដូចជា ឈឺក្បាល វិលមុខ ចង្អោរ ក្អួត ស្រេកទឹក និងរាក។
មនុស្សគ្រប់គ្នា មិនប្រាកដថាមានរោគសញ្ញាដូចគ្នាទាំងអស់ទេ នៅអាចមានរោគសញ្ញាផ្សេងទៀត ហេតុនេះបើមានចម្ងល់ អាចពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីបន្ថែម។
ស្វែងយល់ពីអន្តរកម្មថ្នាំ
៧– មានអន្តរកម្មជាមួយអីខ្លះ?
Glycerol អាចមានអន្តរអំពើជាមួយថ្នាំយើងកំពុងប្រើប្រាស់ ឬជំងឺមួយចំនួន ដូចនេះគួរពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីមុនពេលប្រើ។
ស្វែងយល់ពីកម្រិតថ្នាំ
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៨– កម្រិតប្រើធម្មតាម៉េចដែរ?
សម្រាប់សុល
– ប្រើជាថ្នាំបន្ទន់លាមកសម្រាប់មនុស្សពេញវ័យ៖ កម្រិតទូទៅ ២-៣ ក្រាម ជាទម្រង់ថ្នាំសុស ឬ ៥-១៥ មីលីលីត្រ ជាទម្រង់សារធាតុរាវសម្រាប់បាញ់តាមគូទ (Enema)។
– កម្រិតសម្រាប់ក្មេងក្រោម ៦ ឆ្នាំ៖ ១-១,៧ ក្រាម ជាទម្រង់ថ្នាំសុស ឬ ២-៥ មិល្លីលីត្រ ជាទម្រង់សារធាតុរាវសម្រាប់បាញ់តាមគូទ (Enema)។
កម្រិតនៃប្រើប្រាស់ Glycerol លើមនុស្សម្នាក់ៗ គឺខុសៗគ្នា អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងជំងឺផ្សេងៗ។ ពពួកឱសថនេះ មិនមែនសុទ្ធតែមានសុវត្ថិភាពទាំងអស់ទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីដឹងពីកម្រិតថ្នាំត្រឹមត្រូវសម្រាប់យើង។
៩– អាចមានទម្រង់អីខ្លះ?
ឱសថ Glycerol ជាទូទៅមានទម្រង់ជាប្រភេទម្សៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-bmi]