backup og meta

Tetracycline (ថ្នាំ Tetracycline)

ស្វែងយល់ពីការប្រើប្រាស់

១- ​ថ្នាំ Tetracycline ព្យាបាលអីខ្លះ?

Tetracycline ប្រើ​សម្រាប់​ព្យាបាល​ការ​បង្ក​រោគ រួម​ទាំង​ជំងឺ​មុន​ផងដែរ។ វា​ជា​ប្រភេទ​ថ្នាំ​ផ្សះ ​ប្រឆាំង​ការ​លូត​លាស់​របស់​បាក់​តេរី។ គេ​ប្រើ​ថ្នាំ​ផ្សះ​ប្រឆាំង​ការ​បង្ករោគ​ដោយ​​បាក់តេរី តែមិន​មែន​សម្រាប់​ការពារ​ការ​បង្ករោគ​ពី​វីរុស​ ពិសេសជំ​ងឺ​ផ្តា​សាយ​ធម្មតា ឬ​ផ្តា​សាយ​ធំ​នោះ​ទេ។ ការ​ប្រើ​ប្រាស់​មិន​ត្រឹម​ត្រូវ អាច​ធ្វើ​ប្រសិទ្ធ​ភាព​ថ្នាំ​ថយចុះ។

Tetracycline អាច​ប្រើ​ជា​មួយ​ថ្នាំ​ប្រឆាំង​ដំបៅ (Anti-Ulcer) ដើម្បី​ព្យាបាល​ជំ​ងឺ​ដំបៅ​ក្រពះ​ផង​ដែរ។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

ដើម្បីឲ្យថ្នាំ Tetracycline ​មាន​ប្រសិទ្ធ​ភាពល្អ​បំផុត ត្រូវ​ប្រើ​មុន​ពេល​អាហារ ១ម៉ោង ឬ​ក្រោយ​ ២ ម៉ោង។ បើ​​មាន​ជំ​ងឺ​ឈឺ​ក្រពះ​ ត្រូវ​សួរ​គ្រូពេទ្យ​​ពី​វិធី​ប្រើ​ថ្នាំ​នេះ​ជា​មួយ​​អា​ហារ។ ត្រូវ​ផឹក​ទឹក​មួយ​​កែវ​ពេញ (២៤០​មិល្លីលីត្រ) លើក​លែង​តែ​គ្រូពេទ្យ​ណែនាំ​ឲ្យផឹក​របៀប​ផ្សេង​វិញ។ ហាម​ដេក​រយៈ​ពេល ១០ នាទី​ក្រោយ​លេបថ្នាំ​ ហេតុនេះមិនត្រូវ​លេប​ថ្នាំ​នេះ​មុន​ពេល​ចូល​គេង​នោះ​ទេ។

ថ្នាំ​ប្រភេទ​នេះ អាច​ប្រើ ២-៣ ម៉ោង​មុន ​ឬ​ក្រោយ​ ប្រើ​ប្រើ​ថ្នាំ​​ផ្សេង​​មាន​ផ្ទុក​សារធាតុ​ម៉ាញ៉េ​ស្យូម អាលុយ​មីញ៉ូម ឬ​កាល់ស្យូម មាន​ដូច​ជា ថ្នាំ​ប្រឆាំង​អាស៊ីដ​ក្រពះ Antacid ថ្នាំ Quinapril ថ្នាំ​ មានទម្រង់ Didanosine (ថ្នាំ​ទំពា ដាក់​ទឹក​ពុះ ឬថ្នាំ​ទឹកសម្រាប់​កុមារ) វីតាមីន សារធាតុ​រ៉ែ និង សារធាតុ Sucralfate ផលិត​ផល​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ មានទឹក​ដោះ​គោ​ ទឹក​ដោះ​គោ​ជូរ ទឹក​ផ្លែឈើ​​សម្បូរ​កាល់​ស្យូម ថ្នាំ Bismuth Subsalicylate សារ​ជាតិ​ដែក និង​ស័ង្ក​សី។ ព្រោះ​ផលិត​ផល​ទាំង​នេះ​ មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ Tetracycline ​ធ្វើឲ្យ​ថ្នាំ​នេះ​មិន​អាច​ស្រូប​ចូល​រាងកាយ​ពេញ​លេញ។

កម្រិត​ប្រើ​ថ្នាំ​ អាស្រ័យ​លើ​ស្ថាន​ភាព​សុខ​ភាព និង​ការ​ឆ្លើយ​តបវិធី​ព្យា​បាល។ ចំពោះ​ក្មេង​អាយុច្រើន​ជាង ៨ឆ្នាំ កម្រិត​ថ្នាំ​ អាស្រ័យ​លើ​ទម្ងន់​។

ថ្នាំ​ផ្សះ​មាន​ប្រសិទ្ធ​ភាព​បំផុត​នៅ​ពេល​បរិមាណ​ថ្នាំ​ក្នុង​ខ្លួន​នៅ​ថេរ ដូច​នេះត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​ចន្លោះ​ពេល​ និងតាម​កាល​កំណត់។

បន្ត​ប្រើ​ថ្នាំឲ្យ​គ្រប់​កម្រតិ និង​ដល់​ថ្ងៃ​កំណត់​របស់​​គ្រូពេទ្យ ទោះ​បី​រោគ​សញ្ញា​ជំងឺ​​បាត់ទៅ​វិញ​ក៏ដោយ ព្រោះ​ករណី​ឈប់​ប្រើ​ថ្នាំ​លឿន​ពេក​អាច​បណ្ដាល​ឲ្យបាក់តេរី ​បន្ត​លូតលាស់​ឡើង​វិញ ជាហេតុ​បង្ក​រោគ​សារ​ជា​ថ្មី។ ប្រាប់​គ្រូ​ពេទ្យ​​បើ​ស្ថាន​ភាព​ជំងឺ​នៅ​ដដែល ឬ​កាន់​តែ​ធ្ងន់ធ្ងរ។

៣- ​រក្សា​ទុក​ថ្នាំ​នេះ​ដោយ​វិធី​ណា?

ថ្នាំ Tetracycline អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Tetracycline ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​?

មុន​ពេល​ប្រើ​ Tetracycline ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ប្រសិន​បើ​បញ្ហា​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដូចជា៖

– ប្រតិកម្ម​អាលែកហ្ស៊ី៖ ត្រូវ​ប្រាប់​គ្រូពេទ្យ​បើ​​ធ្លាប់​មាន​អាការៈ​មិន​ស្រួល ឬ​ធ្លាប់​មាន​ប្រតិកម្ម​ជា​មួយ​ថ្នាំ​នេះ ឬ​ថ្នាំ​ដទៃ។ ប្រាប់​គ្រូពេទ្យ​បើ​មាន​ប្រតិកម្ម​ផ្សេងៗ ដូចជា ប្រតិកម្ម​ជាមួយ​អាហារ ជាតិ​ពណ៌ សាធាតុ​រក្សា​គុណភាព​អាហារ​បាន​យូរ ឬ​មាន​ប្រតិកម្ម​ជាមួយ​សត្វ។ សម្រាប់​ថ្នាំ គ្មាន​វេជ្ជបញ្ជា​ត្រូវ​អាន​ក្រដាស​ណែ​នាំ ឬ​ពិនិត្យ​រក​មើល​គ្រឿង​ផ្សំ​របស់​ថ្នាំ​ជាមុន។

– សម្រាប់​ក្មេង៖ ថ្នាំ Tetracyclines អាច​បណ្តាលឲ្យ​ធ្មេញ​ប្តូរ​ពណ៌ និងធ្វើ​ឲ្យ​​​ឆ្អឹង​លូត​លាស់​យឺត។ ថ្នាំ​នេះ ជា​ធម្មតា​មិន​អនុញ្ញាត​ឲ្យ​ប្រើ​លើ​ក្មេងៗ​អាយុ​ក្រោម ៨ ឆ្នាំ​ទេ លុះ​ត្រា​តែ​មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ឯកទេស​ជំងឺ​កុមារ។

– សម្រាប់​មនុស្ស​ចាស់៖ មិន​មាន​ព័ត៌​មាន​ជាក់​លាក់​ណា​មួយ​ ពាក់ព័ន្ធ​ផល​ប៉ះពាល់​នៃ​​ការ​ប្រើ​ប្រាស់ថ្នាំ Tetracyclines ចំពោះ​មនុស្ស​ចាស់​ ឬ​មនុស្ស​វ័យ​ជំទង់​នៅ​ឡើយ​ទេ។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខានមាន​អ្វី​ខ្លះ?

ត្រូវ​ប្រញាប់​ទៅជួប​គ្រូពេទ្យ​ភា្លម​ៗ បើ​ប្រទះផល​រំខាន ​រោគ​សញ្ញា​ប្រតិកម្ម​ ដូច​ជា កើត​កន្ទាល​ត្រអាក ពិបាក​ដក​ដង្ហើម ហើម​មុខ មាត់ អណ្តាត ឬ​បំពង់​ក។

ត្រូវ​ឈប់​ប្រើថ្នាំ Tetracycline និងប្រញាប់​ទៅ​រក​ពេទ្យ​ជាបន្ទាន់​ បើ​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដូច​ជា៖

– ឈឺ​ក្បាល​ខ្លាំង វិល​មុខ ស្រវាំង​ភ្នែក

– ក្តៅ​ខ្លួន ញ័រ​ញាក់ ឈឺខ្លួន មាន​រោគ​សញ្ញា​ផ្តា​សាយ​ធំ

– មាន​ពង​បែក​ធ្ងន់​ធ្ងរ របក​ស្បែក កន្ទួល​លើ​ស្បែក

– នោម​តិច ឬ​អត់​នោម

– ស្លេក ឬ​ស្បែក​ឡើង​លឿង ទឹក​នោម​ពណ៌​លឿង​ចាស់ ក្តៅ​ខ្លួន វង្វេង អស់​កម្លាំង

– ឈឺ​ពោះ​ខ្លាំង​ចាក់​ទៅដល់​ខ្នង ចង្អោរ ក្អួត បេះ​ដូង​ដើរ​ញាប់

– មិន​ឃ្លាន​អា​ហារ ឡើង​លឿង​ស្បែក ​និង​ភ្នែក

– ងាយ​ជាំ ឬ​ហូរ​ឈាម ​ខ្សោយ​កម្លាំង​ខុស​ធម្មតា។

ផល​ប៉ះ​ពាល់​មាន៖

– ឈឺ ឬ​ហើម​នៅ​គូទ និង​ប្រដាប់​ភេទ

– ចង្អោ​តិច​តួច ក្អួត រាគ ឬ​ឈឺ​ក្រពះ

– ឡើង​បន្ទះ​ពណ៌​ស ឬ​ឈឺ​នៅ​ក្នុង​មាត់ ឬ​បបូរ​មាត់ខាង​លើ

– ហើម​អណ្តាត ពិបាក​លេប

– រមាស់​នៅ​ប្រដាប់​ភេទ ឬ​ធ្លាក់​ស។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរអំពើថ្នាំ

៧- ​​អន្តរកម្ម​ថ្នាំ​

ថ្នាំ Tetracyclines អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត យើង​កំពុង​ប្រើប្រាស់ ជាហេតុ​នាំ​ឲ្យ​ផ្លាស់ប្ដូរ​អំពើ​របស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់ ផល​រំខាន​ដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ប្រើ​ថ្នាំ​ Tetracyclines ជាមួយ​ថ្នាំ Acitretin (ថ្នាំ​ព្យាបាល​ជំងឺ​សើស្បែក) និង Methoxyflurane (ថ្នាំសណ្តំ) ជា​ទូទៅ ​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​ទេ។ គ្រូពេទ្យ​អាច​នឹង​សម្រេច​មិន​ប្រើ​ថ្នាំទាំងនេះ​ដើម្បី​ព្យាបាល​ជំងឺ​យើង ឬ​កែ​តម្រូវ​ថ្នាំ​ខ្លះ។

ដោយឡែក សម្រាប់​ថ្នាំ​មួយ​ចំនួន​ទៀត ជា​ទូទៅក៏​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​ដូចគ្នា ប៉ុន្តែ​​ក្នុង​ករណី​ខ្លះ​​ចាំបាច់​ត្រូវ​ប្រើ​រួម​គ្នា ហើយ​បើ​​គ្រូ​ពេទ្យ​ចេញ​វេជ្ជបញ្ជា​ប្រើ​ថ្នាំ​ទាំង​នេះ​រួម​គ្នា ​កម្រិត​ថ្នាំ ឬ​ចំនួន​ពេល​ប្រើ នឹង​ត្រូវ​កែប្រែ​ឡើង​វិញ ខណៈ​ថ្នាំ​ទាំងនោះ​ មាន​ដូច​ជាថ្នាំ Amoxicillin, Ampicillin, Atazanavir, Bacampicillin, Bexarotene, Cloxacillin, Dicloxacillin, Digoxin, Etretinate, Isotretinoin, Methicillin, Methotrexate, Nafcillin, Oxacillin, Penicillin G, Penicillin G Benzathine, Penicillin G Procaine, Penicillin V, Piperacillin, Pivampicillin, Sultamicillin, Temocillin និងថ្នាំ Tretinoin។

៨- ​​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថការី​ដើម្បី​ដឹង​អំពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ​ មុន​ពេល​​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព​

ថ្នាំ Tetracyclines អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ និង​ឱសថការី​បាន​ដឹង​ពី​ស្ថានភាព​សុខភាព​យើង​បច្ចុប្បន្ន ពិសេសបើ​យើងមានបញ្ហា​សុខភាព​ដូច​ជា៖

– រោគសញ្ញា​ទឹក​នោម​ផ្អែម (Diabetes Insipidus)៖ ព្រោះ​ថ្នាំ Demeclocycline អាច​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​។

– ជំ​ងឺតម្រង​នោម៖ ហាម​ប្រើ​ថ្នាំ Doxycycline ឬ Minocycline ធ្វើ​ឲ្យផល​ប៉ះ​បាល់​កាន់​តែ​ធ្ងន់។

– ជំ​ងឺ​ថ្លើម៖ មាន​ផល​ប៉ះ​ពាល់​កាន់​តែ​ធ្ងន់​ពេល​ប្រើ​ជាមួយ​ថ្នាំ Doxycycline ឬ Minocycline។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើ​កម្រិត​ណា?

ជំងឺ​មុន​លើ​មនុស្ស​ពេញវ័យ

– កម្រិត​ថ្នាំ ៥០០​មិល្លីក្រាម លេប ២ ដង/​ថ្ងៃ ​រយៈពេល​យ៉ាង​តិច ២​សប្តាហ៍ អាស្រ័យ​លើ​ការ​បង្ករោគ។

ជំងឺរ​លាក​ទង​សួត (Bronchitis) លើ​មនុស្ស​ពេញ​វ័យ

– កម្រិតថ្នាំ ៥០០​មិល្លីក្រាម រៀង​រាល់ ៦ម៉ោង រយៈពេល ៧-១០ ថ្ងៃ អាស្រ័យ​លើ​ការ​បង្ក​រោគ អាច​ប្រើពី ៤-៥ ថ្ងៃ/សប្តាហ៍ សម្រាប់ការ​ពារ​ជំ​ងឺ​រលាក​សួត​រ៉ាំរ៉ៃ។

ជំងឺ​បង្ក​ដោយ​បាក់តេរី Brucellosis លើ​មនុស្ស​ពេញវ័យ

– កម្រិតថ្នាំ ៥០០​មិល្លីក្រាម លេប ៤ ដង/ថ្ងៃ​ រយៈពេល ៣ សប្តាហ៍ រួម​នឹង​ចាក់​ Streptomycin ១ក្រាម តាម​សាច់​ដុំ ២ ដង​/​ថ្ងៃ ​នៅ​សប្តាហ៍​ទី ១ និង ១ ដង/ថ្ងៃ​ នៅ​សប្តាហ៍​ទី ២។

ជំ​ងឺ​កាមរោគប្រមេះ​ទឹក​បាយ (Chlamydia Infection)

– បង្ក​រោគ​ដោយមិនមានផលវិបាកលើ​បង្ហួរ​នោម ស្រទាប់​ខាង​ក្នុង​ស្បូន​ ឬ​រន្ធ​គូទ៖ ៥០០​មិល្លីក្រាម លេប ៤ ដង/ថ្ងៃ ​យ៉ាង​តិច ​៧ ថ្ងៃ។

ដៃ​គូរួម​ភេទអ្នក​ជំ​ងឺ ​ត្រូវ​ធ្វើ​ការ​តាម​ដាន និង​ព្យា​បាល​ដូចគ្នា។

ការ​ព្យាបាល​ដោយ​ថ្នាំ Doxycycline ត្រូវ​បាន​ណែនាំ​ពីមជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ នៅ​អាមេរិក (CDC) ដើម្បី​ព្យាបាល​ការ​បង្ក​រោគ​ដោយ​ពពួក​បាក់តេរី Chlamydia លើ​អ្នក​ជំងឺ​មិន​មាន​ផ្ទៃ​ពោះ។

ជំងឺ​មេរោគ​ក្នុង​ក្រពះ (Helicobacter pylori Infection) លើ​មនុស្ស​ពេញ​វ័យ

– កម្រិត ៥០០​មិល្លីក្រាម លេប​រៀង​រាល់ ៦ ម៉ោង​ រយៈពេល ១៤ ថ្ងៃ ជា​មួយ​ថ្នាំ​ Bismuth Metronidazole និងថ្នាំ​ក្រពះ​ប្រភេទ H2 blocker។

ជំងឺ Lyme Disease (បង្ក​ដោយ​បាក់តេរី Borrelia burgdorferi) លើ​មនុស្ស​ពេញវ័យ

– រលាក​សន្លាក់ (Arthritis) ដោយ​សារបង្ក​រោគ៖ កម្រិត ៥០០​មិល្លីក្រាម លេប​រៀង​រាល់ ​៦ ម៉ោង​ម្ដង រយៈពេល​ ១៤-៣០ ថ្ងៃ​ អាស្រ័យ​លើ​កម្រិត​ការ​បង្ករោគ។

– រលាក​បេះដូង (Carditis) ដោយ​សារបង្ក​រោគ៖ កម្រិត ៥០០​មិល្លីក្រាម លេប​រៀង​រាល់ ​៦ ម៉ោង​ម្ដង រយៈពេល​ ១៤-៣០ ថ្ងៃ អាស្រ័យ​លើ​កម្រិតការ​បង្ករោគ។

១១- កូន​ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

– អាយុ​លើ ៨ ឆ្នាំ៖ ២៥-៥០ មិល្លីក្រាម​ ក្នុង​មួយ​គីឡូ លេប​ ៤ ដង​ក្នុង​មួយ​ថ្ងៃ។

១២- ថ្នាំ​នេះ​មាន​ទម្រង់​បែប​ណា​ខ្លះ?

Tetracycline អាច​ប្រើ​បាន​តាម​ទម្រង់ ​និង​កម្រិត​ដូច​ខាង​ក្រោម៖

– ថ្នាំ​គ្រាប់ ២៥០​មិល្លីក្រាម​ និង ៥០០​ មិល្លីក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​លេប​ថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ HelloHealth Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Tetracycline. https://www.drugs.com/tetracycline.html. Accessed July 15, 2016.

Tetracycline. https://medlineplus.gov/druginfo/meds/a682098.html. Accessed July 15, 2016.

Tetracycline. http://www.drugbank.ca/drugs/DB00759. Accessed July 15, 2016.

កំណែ​ប្រែបច្ចុប្បន្ន

19/12/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ វេជ្ជ. ចាន់ ស៊ីណេត


អត្ថបទពាក់ព័ន្ធ

ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

ហេតុអ្វីរាងកាយ​យើង​ត្រូវការ​ជាតិ​ខូឡាជេន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Dec 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម