backup og meta

Midazolam (ឱសថ Midazolam)

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Midazolam ព្យាបាលជំងឺអីខ្លះ?

Midazolam ជា​ថ្នាំ​សណ្តំ ​ប្រើដើម្បីធ្វើ​ឲ្យ​ងងុយ​គេងមុន​​ពេល​​វះ​កាត់ កាត់​បន្ថយ​បញ្ហា​ថប់​បារម្ភ និងមិនដឹងខ្លួនអំឡុងពេល​ការ​វះកាត់​កំពុង​ដំណើរការ។ ​គួរ​ប្រើ​ថ្នាំ​នេះ​ ពេល​មាន​ការ​មើល​ថែ​ពី​គ្រូពេទ្យ ហើយក៏មិន​មែន​ជា​ថ្នាំ​ប្រើ​សម្រាប់​រយៈ​ពេល​យូរ​អង្វែងនោះ​ដែរ។

Midazolam ស្ថិត​នៅ​ក្នុង​ក្រុម​ថ្នាំ Benzodiazepines ​គេ​ប្រើដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ និង​ខួរ​ក្បាល​មាន​សភាព​ស្ងប់​ស្ងាត់ អាចជួយ​កាត់​បន្ថយ​ដំណើរ​ការ​របស់​សារធាតុ GABA ក្នុង​ខួរ​ក្បាល។

ថ្នាំនេះ មិន​មាន​​បញ្ជី​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​ក៏ពិត​មែន​ ប៉ុន្តែ​អាចប្រើ​ក្នុងករណី​គ្រូពេទ្យ​ព្យាបាល​អ្នក​ជំងឺចេញវេជ្ជបញ្ជា​។ ​គួរ​ប្រើ​ថ្នាំ​នេះ​ក្នុង​ជំងឺមានវេជ្ជ​បញ្ជា និង​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត​ប៉ុណ្ណោះ។

យើង​ក៏អាច​ប្រើ​ថ្នាំ​នេះ​ក្នុង​រយៈ​ពេល​ខ្លី​ សម្រាប់​ព្យាបាល​ជំងឺ​ដេក​មិន​លក់ និង​បញ្ហា​ដំណេក​មួយ​ចំនួន​ទៀត។

២- គេថ្នាំនេះយ៉ាង​ម៉េច?

គ្រូពេទ្យ​ជា​អ្នក​វាល់​កម្រិត​ថ្នាំ​ត្រូវ​ប្រើដោយ​ផ្ទាល់ យើង​គ្រាន់​លេប​ថ្នាំ តាម​ការ​ណែនាំ​ពី​គ្រូពេទ្យ​ទៅ​បាន​ហើយ។ ជា​ទូ​ទៅ​កម្រិតថ្នាំ ប្រើ​មុន​ពេល​ពេល​វះ​កាត់ ឬ​ប្រើ​ដើម្បី​សណ្តំ​ លេប​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ។

កម្រិត​ប្រើ​ប្រាស់ ​អាស្រ័យ​លើ​ស្ថាន​ភាព​ជំងឺ ការ​ឆ្លើយ​តប​របស់​ថ្នាំ ទម្ងន់ និង​​លើ​ប្រភេទ​ថ្នាំ​ដទៃ​ផ្សេង​យើង​កំពុង​ប្រើ​ប្រាស់។

Midazolam អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម ពេល​យើង​ឈប់​ប្រើ ​ពិសេស​បើ​យើង​ប្រើ​វា​ក្នុង​រយៈ​ពេល​យូរ ឬ​ក្នុង​កម្រិត​ខ្ពស់។ រោគ​សញ្ញា​ទាំង​នោះ​មាន ​ដូច​ជា ញ័រ​ដៃ​ជើង បែក​ញើស ក្អួត រមូល​ពោះ ឬ​សាច់​ដុំ និង​ប្រកាច់ ហើយរោគ​សញ្ញា​ទាំង​នេះ ​អាច​កើត​ឡើង​ភ្លាម​ៗ ក្រោយ​ពេល​ឈប់​ប្រើ។ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ប្រតិកម្ម​ទាំង​នោះ​ ​គួរ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​បន្តិច​ម្តង​ៗ ​និង​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹងពី​ពត៌​មាន​បន្ថែម។ ត្រូវ​ប្រាប់​គ្រូពេទ្យ​ភ្លាម​ៗ បើ​មាន​ប្រតិកម្ម​ណាមួយ​​កើត​ឡើង។

ពេល​ប្រើ​ថ្នាំ​នេះ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ញៀន​ជា​មួយ​ថ្នាំ​នេះ ហេតុនេះ​ដើម្បី​កាត់​បន្ថយ​ករណី​ញៀន​ប្រើប្រាស់​ថ្នាំ​នេះ យើង​មិន​ត្រូវ​ដំឡើង​កម្រិត​ថ្នាំ ប្រើ​វា​ញឹក​ពេក ឬ​ប្រើ​ប្រាស់​រយៈពេល​វែង​លើស​ពី​ការ​ណែ​នាំ​របស់​គ្រូពេទ្យ​។ ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ បើ​ប្រសិទ្ធ​ភាព Midazolam ​ធ្លាក់​ចុះ និងគួរ​ឈប់​ប្រើ​ប្រាស់​ថ្នាំនេះ ពេល​គ្រូពេទ្យគ្រូពេទ្យ​ណែនាំ។

ពេល​កំពុង​ប្រើ​ថ្នាំ ​មិន​ត្រូវ​ញ៉ាំ​ទំពាំង​បាយ​ជូរ ​ផឹក​ទឹក​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ទេ បើ​មិន​មាន​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ​ ព្រោះ​ផ្លែ​ទំពាំង​បាយ​ជូរ អាច​ធ្វើ​ឲ្យ​កម្រិត​ថ្នាំ ​កើន​ឡើង​នៅ​ក្នុង​ចរន្ត​ឈាម។ ត្រូវ​សាក​សួរ​គ្រូពេទ្យពី​ពត៌​មាន​បន្ថែម។

៣- ​គួរ​រក្សា​ទុក​របៀប​ណា?

ថ្នាំ Midazolam អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Midazolam ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុនេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ?

អ្វីគួរដឹង​មុន​ពេល​ប្រើ​ថ្នាំ​នេះ​មាន​ដូច​ជា៖

– ប្រាប់​គ្រូពេទ្យ ឬ​ឱសថការី មាន​ប្រតិកម្ម​ជាមួយថ្នាំ Midazolam ឬ​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង ឬ​ជាមួយ​ផ្លែឈើរី។

– ប្រាប់​គ្រូពេទ្យ​បើ​យើង​កំពុង​ប្រើ​ថ្នាំអេដស៍ (HIV) ដូច​ជា Amprenavir (Agenerase), Atazanavir (Reyataz), Darunavir (Prezista), Delavirdine (Rescriptor), Efavirenz (Sustiva, In Atripla), Fosamprenavir (Lexiva), Indinavir (Crixivan), Lopinavir (In Kaletra), Nelfinavir (Viracept), Ritonavir (Norvir, In Kaletra), Saquinavir (Invirase) និងថ្នាំ Tipranavir (Aptivus)។ គ្រូពេទ្យ​អាច​មិន​ឲ្យ​អាអូន​ប្រើ​ថ្នាំ Midazolam បើ​អាអូន​កំពុង​ប្រើ​ថ្នាំ​ណា​មួយ​ក្នុង​ចំណោម​ថ្នាំ​​ខាង​លើ។

– ប្រាប់​គ្រូពេទ្យ​បើ​កំពុង​ប្រើ​ថ្នាំ​ទាំង​ឡាយ​ណា​ ទាំង​មាន​ ឬ​គ្មាន​វេជ្ជបញ្ជា ថ្នាំ​វីតាមីន និង​អាហារ​បំប៉ន​សុខ​ភាព។ ពិសេស​កំពុង​ប្រើ​ថ្នាំ ដូចជា Amiodarone (Cordarone, Pacerone), Aminophylline (Truphylline) ថ្នាំ​ប្រឆាំងរោគ​ផ្សិត​ដូច​ជា Fluconazole (Diflucan), Itraconazole (Sporanox  និង Ketoconazole (Nizoral) ពពួក​ថ្នាំ Calcium Channel Blockers មាន Diltiazem (Cartia, Cardizem, Tiazac) ថ្នាំ Verapamil (Calan, Isoptin, Verelan និងថ្នាំ​ដទៃ) ថ្នាំ Cimetidine (Tagamet), Clarithromycin (Biaxin), Dalfopristin-Quinupristin (Synercid), Erythromycin (E-mycin, e.e.s.), Fluvoxamine (Luvox) ពពួក​ថ្នាំ​ប្រកាច់ Carbamazepine (Tegretol), Phenobarbital, Phenytoin (Dilantin) ថ្នាំ Methylphenidate (Concerta, Metadate, Ritalin រួមជាមួយ​ថ្នាំ​ដទៃ) ថ្នាំ Nefazodone, Ranitidine (Zantac), Rifabutin (Mycobutin) ក៏​ដូចជា​ថ្នាំ Rifampin (Rifadin, Rimactane)។ គ្រូពេទ្យ​អាច​ប្តូរ​កម្រិត​ថ្នាំទៅ​តាម​ស្ថាន​ភាពសុខភាព ដើម្បី​កាត់​បន្ថយ​ពី​ផល​រំខាន​របស់​ថ្នាំ។ មាន​ថ្នាំ​ជា​ច្រើន​ទៀត​ ដែល​មាន​អន្តរ​កម្ម​ជាមួយ​ថ្នាំ Midazolam ដូច​នេះ​ត្រូវ​ប្រាកដ​ថា យើងបាន​​ប្រាប់​គ្រូពេទ្យពីថ្នាំកូនយើង​កំពុង​ប្រើ​ទាំងអស់ ទោះ​បី​ជា​មិន​មាន​រៀប​រាប់​នៅ​ខាង​លើ​ក្តី។

– ត្រូវ​ប្រាប់​គ្រូពេទ្យ​អំពី​ឱសថ​បុរាណ​កំពុង​ប្រើ ជា​ពិសេស​គឺ ដើម St. John’s wort (ដើម​ផ្កា​ពណ៌​លឿង​ គេ​ប្រើ​ធ្វើ​ជា​ឱសថ​បូរាណ​សម្រាប់​ជំងឺ​បាក់​ទឹក​ចិត្ត)។

– ក្នុង​ករណី​កំពុង​មាន​ផ្ទៃ​ពោះ ឬ​កំពុង​បំបៅ​ដោះ​បេប៊ី គួរ​ប្រាប់​គ្រូពេទ្យ​មុនប្រើ​ថ្នាំ​នេះ។

– ប្រាប់​គ្រូពេទ្យ បើមាន​ជំងឺ​ទឹក​ដក់​បាត​ភ្នែក (Glaucoma)។ គ្រូពេទ្យ​អាច​មិន​ឲ្យ​ប្រើ​ថ្នាំ​នេះបាន​ទេ។

– ប្រាប់​គ្រូពេទ្យ​បើមានជំងឺ​តម្រង​នោម ឬ​ជំងឺ​ថ្លើម។

– ត្រូវ​ដឹង​ថា ថ្នាំ Midazolam អាច​ធ្វើ​ឲ្យ​​ងងុយ​គេង អាច​ប៉ះ​ពាល់​ការ​ចង​ចាំ ការ​គិត និង​កាយ​វិការ។ មិន​ត្រូវ​ឲ្យ​កូនបើក​ម៉ូតូ ឬ​ធ្វើ​អ្វី​ផ្សេង ដោយ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ បន្ទាប់​ពី​ប្រើ​ប្រាស់ថ្នាំនេះ​ឡើយ ​ត្រូវ​រង​ចាំ​រហូត​ប្រសិទ្ធ​ភាពថ្នាំ​រលាយ​អស់ ប្រហែល​អំឡុង​ពេល ២៤ ម៉ោង។ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន ​អំឡុង​ពេល​ប្រើ​ថ្នាំ​នេះ។

– ​ត្រូវ​ដឹង​ថា គ្រឿង​ស្រវឹង​ អាច​ធ្វើឲ្យ​ផល​រំខានដោយ​សារ​ថ្នាំ​កាន់​តែ​ខ្លាំង​ឡើងៗ។

៥- ​​សុវត្ថិភាព​ទេ​បើប្រើអំឡុង​​មាន​ផ្ទៃពោះ ​ឬ​បំបៅ​ដោះ​កូន​​​ទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត D សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផល​រំខាន​​មាន​អ្វី​ខ្លះ?

ត្រូវប្រាប់​គ្រូពេទ្យ​ជាបន្ទាប់​ បើ​ប្រទះ​ផល​រំខាន​បង្កជារោគសញ្ញា​ដូច​ជា ហើម​កន្ទួល ពិបាក​ដក​ដង្ហើម ហើម​មុខ បបូរ​មាត់ អណ្តាត ឬ​បំពង់​ក និង​រោគ​សញ្ញា​មួយចំនួន​ទៀត​មាន៖

– ក្អក កណ្តាស់ ពិបាក​ដក​ដង្ហើម ខ្សោយ ឬ​ដក​ដង្ហើម​ខ្លី​ៗ

– ចង្វាក់​បេះ​ដូង​លោត​យឺត

– ស្រាល​ក្បាល មាន​អារម្មណ៍​ចង់​សន្លប់

– នៅ​មិន​សុខ មិន​ចង់​ជួប​អ្នក​ផ្សេង

– វង្វេង​វង្វាន់ ស្រមើ​ស្រមៃ​ច្រើន គិត​ ឬ​មាន​អាកប្បកិរិយា​ប្លែកៗ។

ផល​រំខានផ្សេង​ៗ​ច្រើន​កើត​ឡើង ​រួម​មាន៖

– ចង្អោរ​ ចង់​ក្អួត

– ងងុយ​គេង ងងឹត​មុខ

– ស្រវាំង​ភ្នែក

– ហៀរ​សំបោរ កណ្តាស់

– ភ្លេច​ភ្លាំង។

មនុស្ស​​​គ្រប់​គ្នា​មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេងទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- ​អន្តរកម្ម​ថ្នាំ

Midazolam ​ អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត យើង​កំពុង​ប្រើប្រាស់ ជាហេតុ​នាំ​ឲ្យ​ផ្លាស់ប្ដូរ​អំពើ​របស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់​ ​ផល​រំខាន​ដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំង​អស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ពេល​ប្រើ​ថ្នាំ​នេះ ជា​មួយ​ថ្នាំ​ដទៃ​ ​អាច​ធ្វើ​ឲ្យ​ងងុយ​គេង ​ដក​ដង្ហើម​យឺត ​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​បាន។ គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​មុន​ពេល​ប្រើ​ប្រាស់​ថ្នាំ Midazolam ជាមួយ​ថ្នាំ​ផ្សេង ​ដូច​ជា ថ្នាំ​ងងុយ​គេង ថ្នាំ​បំបាត់​ឈឺ​ចាប់ ថ្នាំ​បន្ធូរ​សាច់​ដុំ ថ្នាំ​រំងាប់​អារម្មណ៍ ថ្នាំ​ព្យាបាល​បាក់​ទឹក​ចិត្ត ឬ​ថ្នាំ​ប្រកាច់​ជា​ដើម។

មាន​ថ្នាំ​ជា​ច្រើន​ទៀត អាច​​មាន​អន្តរ​កម្ម​ជាមួយ​ Midazolam ហេតុនេះ​គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ ពី​ការ​ប្រើ​ប្រាស់​ថ្នាំ Midazolam ជា​មួយ​ថ្នាំ​ដទៃ ពិសេស​ថ្នាំ៖

– Bosentan

– Imatinib

– Nefazodone

– St. John’s wort

– ថ្នាំ​ផ្សះ​អង់​ទី​បាយ៉ូ​ទិក Clarithromycin, Erythromycin, Telithromycin

– ថ្នាំ​ព្យាបាល​ជំងឺ​ផ្សិត Itraconazole, Ketoconazole, Posaconazole, Voriconazole

– ថ្នាំ​បេះ​ដូង Nicardipine, Quinidine

– ថ្នាំ​រលាក​ថ្លើម​ប្រភេទ C Boceprevir, Relaprevir

– ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍ Atazanavir, Delavirdine, Efavirenz, Fosamprenavir, Indinavir, Nelfinavir, Nevirapine, Ritonavir, Saquinavir

– ថ្នាំ​ប្រកាច់ Carbamazepine, Fosphenytoin, Oxcarbazepine, Phenobarbital, Phenytoin, Primidone

– ថ្នាំ​ព្យាបាល​របេង Isoniazid, Rifabutin, Rifampin, Rifapentine។

៨- ​​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ Midazolam មាន​ការ​ប្រែប្រួល​​ ​​អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​របស់​ថ្នាំ​កាន់​តែ​​ធ្ងន់ធ្ងរ​។ ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថការីដើម្បី​ដឹង​អំពី​ប្រភេទ​អាហារ ​និង​គ្រឿង​ស្រវឹង​ទាំង​នោះ​ មុន​ពេល​​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។ ពិសេស​មិន​ត្រូវ​ប្រើ​ថ្នាំ​នេះ​ពេលញ៉ាំ ស្រា (Ethanol) និង ផ្លែ ឬទឹក​ទំពាំង​បាយ​ជូរ នោះឡើយ។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព​​

Midazolam អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ និង​ឱសថការី​បាន​ដឹង​ពី​ស្ថានភាព​សុខភាព​បច្ចុប្បន្ន​ ពិសេស​បើ​ធ្លាប់​មាន​ប្រវត្តិ​ប្រតិកម្ម ឬ​មានបញ្ហាសុខ​ភាព​មួយ​ចំនួន​ដូច​ជា៖

– បញ្ហា​បាត់​ដង្ហើម​មួយ​ភ្លែតៗ

– ជំងឺ​បេះដូង

– ដក​ដង្ហើម​យឺត

– មាន​ឆ្លង​រោគ

– មាន​ជំងឺ​សួត​ធ្ងន់​ធ្ងរ

– ជំងឺខ្សោយ (Congestive heart failure)

– ជំងឺ​តម្រង​នោម

– មាន​ជំងឺ​ទឹក​ដក់​បាត​ភ្នែក អ្នក​មិន​គួរ​ប្រើ​ថ្នាំ​នេះទេ ​បើ​អ្នក​មាន​ជំងឺ​មួយ​នេះ​ឡើយ

– ស្ទះ​សួត ឬ​ស្ទះ​បំពង់​ខ្យល់ ​ត្រូវ​ប្រើ​ថ្នាំ​នេះ​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​វា​អាច​ធ្វើ​ផល​រំខានរបស់​វា​កាន់​តែ​ធ្ងន់​ធ្ងរ។

– ជំងឺ​ថ្លើម អ្នក​ត្រូវ​ប្រើ​ថ្នាំ​នេះ​ដោយ​ប្រុង​ប្រយ័ត្ន។ ផល​រំខាន​របស់​វា​អាច​កើន​ឡើង ដោយ​សារ​តែ​ថ្លើម​មិន​អាច​កំចាត់​សារធាតុ​ថ្នាំ​ចេញ​ពី​រាង​កាយ​​បាន​លឿន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្ស​ពេញ​វ័យ​ត្រូវ​ប្រើកម្រិត​ណា?

កម្រិត​ថ្នាំ​ប្រើ​ដើម្បី​សណ្ដំកម្រិត​ស្រាល​លើ​មនុស្ស​ពេញ​វ័យ

– ថ្នាំ​លេប៖ លេប​ម្តង​ ១០​-២០ ​មិលី្លក្រាម មុន​ពេល​​ចាប់​ផ្តើម។

– ចាក់​តាម​សរសៃ៖ ចាក់​តាម​សរសៃ ១-២,៥ មិលី្លក្រាម​ ចាក់ ២-៣​ នាទី​មុន​ពេល​ចាប់​ផ្តើម។ ត្រូវ​រង់ចាំ ២នាទី រហូត​ដល់​ថ្នាំ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ងងុយ​គេង។ ​បើ​ត្រូវ​ចាក់​បន្ថែម​ថ្នាំ ​មិន​ត្រូវ​ចាក់​លើស​ពី ១​មិលី្លក្រាម ក្នុង​រយៈ​ពេល​ ២ ​នាទី​ឡើយ ហើយ​ត្រូវ​ចាំ​ប្រហែល ២នាទី រហូត​ដល់​ថ្នាំ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ងងុយ​គេង។ កម្រិត​ថ្នាំ​សរុប មិន​អាច​ប្រើ​លើស​ពី ៥​ មិលី្លក្រាម​ឡើយ។

– ចាក់​សាច់​ដុំ៖ ចាក់​ក្នុង​សាច់​ដុំ ០,០៧-០,០៨ មិលី្លក្រាម​/គីឡូ រយៈ​ពេល ៣០-៦០ នាទី មុន​ពេល​ចាប់​ផ្តើម​ការវះ​កាត់។ ត្រូវ​បន្ថយ​កម្រិត​ថ្នាំ ចំពោះ​អ្នក​ជំងឺ​ COPD (ស្ទះ​ដង្ហើម) ជំងឺ​ងាយ​មាន​គ្រោះ​ថ្នាក់ ​ប្រើ​ថ្នាំ​ញៀន ឬ​ថ្នាំ​កាត់​បន្ថយ​សកម្ម​ភាព CNS (ប្រព័ន្ធ​សរសៃ​ប្រសាទ)។ កម្រិត​អតិបរិមា ១០ មិលី្លក្រាម។

កម្រិត​ថ្នាំ​ប្រើ​ឲ្យ​សន្លប់​កម្រិត​ស្រាល​លើ​មនុស្ស​ពេញ​វ័យ

– កម្រិត​ដំបូង៖ ចាក់​ចូល​ក្នុង​សរសៃ​ឈាម​ម្តង ២​មិលី្លក្រាម មិន​ត្រូវ​ចាក់បន្ទាន់​លើស​ ១ មិលី្លក្រាម/នាទី មុន​ពេល​ការ​វះ​កាត់​ឡើយ។

-កម្រិត​បន្ថែម៖ អាច​ចាក់​បន្ថែម ០,៥-២ មិលី្លក្រាម នៅ​ ២​នាទី​បន្ទាប់ ដើម្បី​ឲ្យ​អ្នក​ជំងឺ​ងងុយ​គេង។ ជាទូទៅ​អ្នក​ជំងឺ​ងងុយ​គេង នៅ​ក្នុង​កម្រិត​ថ្នាំក្រោម ៥​ មិលី្លក្រាម។

កម្រិត​ថ្នាំ​ប្រើរំងាប់​អារម្មណ៍ លើ​​អ្នក​ជំងឺ​ពេញ​វ័យ​នៅ​ក្នុង​បន្ទប់ ICU

– កម្រិត​ដំបូង៖ ចាក់​តាម​សរសៃ ០,០១-០,០៨ មិលី្លក្រាម/​គីឡូ (ជា​ទូទៅ​ប្រើ ១-៥​​ មិលី្លក្រាម) ប្រហែល ២-៣​នាទីមុនវះកាត់។ ​ត្រូវ​តាម​ដាន​អារម្មណ៍​​អ្នក​ជំងឺ​ក្នុង​រយៈ​ពេល ៥-១៥ ​នាទី​ម្តង។

– កម្រិត​ថ្នាំ​បន្ទាប់៖ បង្ហូរ​ថ្នាំ​តាម​សេរ៉ូម ០,០២-០,២ ​មិលី្លក្រាម/​គីឡូ/​ម៉ោង។ ដើម្បី​ឲ្យ​អ្នក​ជំងឺ​គេង​លក់ ​ត្រូវ​បន្ត​ឲ្យ​គាត់​ប្រើ​ថ្នាំ​ក្នុង​កម្រិត​មួយ​នេះ​ដដែល។

១១- កូន​ក្មេង​ត្រូវ​ប្រើកម្រិត​ណា?

ថ្នាំ​នេះ​មិន​ទាន់​មាន​កម្រិត​ប្រើ​ប្រាស់ សម្រាប់​កូន​ក្មេង​នៅ​ឡើយ​ទេ។ ថ្នាំ​នេះ​អាច​មិន​មាន​​សុវត្ថិភាព​សម្រាប់​ក្មេង។ ដូច​នេះ​ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់​អំពី សុវត្ថិភាព​របស់​ថ្នាំមុន​ពេល​ប្រើ​ប្រាស់។ ដើម្បី​ដឹង​​ពត៌​មាន​បន្ថែម ​អាច​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​បាន។

១២- មានទម្រង់បែបណាខ្លះ?

ថ្នាំ Midazolam លើទីផ្សារ គឺមានតែល្បាយ​ថ្នាំ​ចាក់ប៉ុណ្ណោះ មានកម្រិត ២​ មិលី្លក្រាម​/មិលី្លលីត្រ ៥ មិលី្លក្រាម​/មិលី្លលីត្រ និង ១០ មិលី្លក្រាម​/មិលី្លលីត្រ។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេចប្រើថ្នាំ សូមប្រើ​​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវប្រើ​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើថ្នាំ​តាម​ពេល​​ត្រូវ​​បន្ត​បាន​ហើយ កុំ​ប្រើ​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ HelloHealth Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Midazolam. https://www.drugs.com/mtm/midazolam.html. Accessed June, 30, 2016.

Midazolam. http://www.everydayhealth.com/info/v1ss/midazolam. Accessed June, 30, 2016.

Midazolam. http://www.mayoclinic.org/drugs-supplements/midazolam-injection-route/description/drg-20064813. Accessed June, 30, 2016.

កំណែ​ប្រែបច្ចុប្បន្ន

19/12/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ វេជ្ជ. ចាន់ ស៊ីណេត


អត្ថបទពាក់ព័ន្ធ

ស្រីៗជួបបញ្ហា​ស្បែកមុខឡើង​ខ្លាញ់ សាក​ប៉ុន្មានវិធីនេះអាចកាត់បន្ថយបាន

ហេតុអ្វីរាងកាយ​យើង​ត្រូវការ​ជាតិ​ខូឡាជេន?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម